Saturday, October 25, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអ្នកលេងកាំបិតគួនអ៊ី ដេញកាប់គេ ជាប់ខ្នោះ៥

អ្នកលេងកាំបិតគួនអ៊ី ដេញកាប់គេ ជាប់ខ្នោះ៥

ខេត្តកំពង់ស្ពឺ ៖ ក្មេងទំនើង ១ក្រុម បានបង្ករឿងឈ្លោះ ឈានដល់ប្រើអំពើហិង្សា ប្រើកាំបិតធំ (កាំបិតគួនអ៊ី) ដេញកាប់គូទំនាស់ បណ្តាលឱ្យរងរបួស រួចនាំគ្នារត់គេចខ្លួន បានរយៈពេល៣ថ្ងៃ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ស្រាវជ្រាវបង្ក្រាប ឃាត់ខ្លួនក្រុមជនដៃដល់ សរុបចំនួន៥នាក់ នាំយកមកចាត់ការតាមច្បាប់។

ករណីហិង្សានេះ បានកើតឡើងកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥  នៅក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច។ រហូតមកដល់វេលាម៉ោង ១១និង៥០នាទីយប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ទើបកម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការស្រាវជ្រាវ ឈានដល់ការបង្ក្រាបក្រុមជនបង្កហេតុ បានចំនួន៥នាក់។

ជនសង្ស័យទាំង៥នាក់ ដែលត្រូវសមត្ថកិច្ចបង្ក្រាបបាន រួមមាន ទី១-ឈ្មោះញ៉េន សុខនាង ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិជន្លង់ម្លូ ឃុំព្រៃរំដួល ស្រុកភ្នំស្រួច។ ទី២-ឈ្មោះលួត ណែត ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិក្រាំងប្រស្រុក ឃុំគិរីវ័ន ស្រុកភ្នំស្រួច។ ទី៣-ឈ្មោះគួយ សុខហេង ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិក្រាំងខ្ជាយ ឃុំតាំងស្យា ស្រុកភ្នំស្រួច។ ទី៤-ឈ្មោះឡាយ សុខេង ភេទប្រុស អាយុ២១ឆ្នាំ រស់នៅ ភូមិត្រពាំងអត់ទឹក ឃុំគិរីវ័ន ស្រុកភ្នំស្រួច និងទី៥-ឈ្មោះសុ ដានី ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិត្រពាំងអត់ទឹក ឃុំគិរីវ័ន ស្រុកភ្នំស្រួច។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកគាវ លាងគា អភិបាលស្រុកភ្នំស្រួច ក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព និងបង្ការ បង្ក្រាបក្មេងទំនើង និងមានការដឹកនាំ បញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សម សាក់ ស្នងការរងផែននគរបាលព្រហ្មទណ្ឌ នៅវេលាម៉ោង ១១និង៥០នាទីយប់ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដែលដឹកនាំបញ្ជាកម្លាំងដោយលោកជុន ចាន់ដេត អធិការស្រុក បានបង្ក្រាបក្មេងទំនើង ចំនួន៥នាក់ (១-ឈ្មោះញ៉េន សុខនាង ២-ឈ្មោះលួត ណែត ៣-ឈ្មោះគួយ សុខហេង ៤-ឈ្មោះឡាយ សុខេង ៥-ឈ្មោះសុ ដានី) ពាក់ព័ន្ធករណីហិង្សាដោយចេតនា បង្កឡើងដោយក្មេងទំនើង កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ ។

ប្រភពដដែល បន្តថា ជាមួយនេះ សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន ម៉ូតូ ចំនួន៣គ្រឿង (១-ម៉ាកស៊ុយស៊ូគី និច ពណ៌ស-ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1IV-5237 ២-ម៉ាកហុងដា ស្កុបពី ពណ៌ខ្មៅ គ្មានស្លាកលេខ ៣-ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1FI-3849)។ ទូរស័ព្ទដៃ ចំនួន៤គ្រឿង។ ដាវកែច្នៃ ១ដើម។ ចំពោះដាវកែច្នៃ ១ដើមទៀត ក្រោយធ្វើសកម្មភាពឈ្មោះញ៉េន សុខនាង បានយក ទៅបោះចូលក្នុងស្រះទឹកវត្តត្រពាំងក្រឡឹង បាត់ទៅហើយ។

ជនសង្ស័យទាំង៥នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES