Saturday, October 25, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមដកផ្សិតធ្វើម្ហូប ពុលដេកពេទ្យ៣នាក់

ដកផ្សិតធ្វើម្ហូប ពុលដេកពេទ្យ៣នាក់

ខេត្តប៉ៃលិន ៖ បុរសជាកម្មករសំណង់ ចំនួន៣នាក់ ឆ្លៀតពេលទំនេរពីការងារ បាននាំគ្នាដើទៅដកផ្សិតដែលដុះនៅតាមមាត់អូរ យកមកឆាហូប ស្រាប់តែកើតអាការចុកពោះ ក្អួតចង្អោរគ្រប់គ្នា សង្ស័យពុលផ្សិត ទើបត្រូវបានអាជ្ញាធរនិងប្រជាការពារ ជួយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីង្គ្រោះភ្លាមៗ។

ករណីកម្មករសំណង់ពុលផ្សិតនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ស្ថិតនៅចំណុចការដ្ឋានសំណង់ ១កន្លែង ក្នុងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសា លាក្រៅ។

ជនរងគ្រោះទាំង៣នាក់ ដែលពុលផ្សិត រួមមាន ទី១-ឈ្មោះផាត ថេង ភេទប្រុស អាយុ៤២ឆ្នាំ។ ទី២-ឈ្មោះចាន់ ស៊ីនួន ភេទប្រុស អាយុ៤៥ឆ្នាំ និងទី៣-ឈ្មោះស៊ីម ប៊ុនថា ភេទប្រុស អាយុ២២ឆ្នាំ។ ជនរងគ្រោះទាំង៣នាក់ គឺ ជាកម្មករចំណាកស្រុកមកពីបណ្តាខេត្តផ្សេងៗគ្នា និងបានចូលមកធ្វើការងារជាកម្មករសំណង់ និងស្នាក់នៅក្នុងការដ្ឋានទីតាំងកើតហេតុខាងលើ។

តាមប្រភពលោកផាន់ ម៉ៃ ប្រជាការពារភូមិផ្សារព្រំ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ បន្ទាប់ពីកម្មករជាច្រើនដែលស្នាក់នៅក្នុងភូមិខាងលើ បានសម្រាកពីការងារសំណង់ ពួកគេម្នាក់ៗ បាននាំគ្នាធ្វើម្ហូបអាហារទទួលទាន ដោយឡែកមានកម្មករ ចំនួន៣នាក់ ខាងលើ  បាននាំគ្នាដើរទៅក្បែរមាត់អូរ ក៏ប្រទះឃើញផ្សិតដុះលូតលាស់យ៉ាងល្អ ទើបនាំគ្នាដកយកទៅឆា ធ្វើម្ហូបទទួលទានជុំគ្នាតែម្តង។

ប្រភពដដែល បន្តថា ក្រោយពេលទទួលទានរួច ពួកគេទាំងអស់គ្នា បាននាំគ្នាចុះទៅធ្វើការដូចសព្វមួយដង ស្រាប់តែដល់វេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃដដែល អ្នកដែលហូបផ្សិតទាំង ៣នាក់ ចាប់ផ្តើមកើតមាន អាការឈឺក្បាល វិលមុខ ហេវហត់ អស់កម្លាំង និងចុកឆ្អល់ពោះ ហើយចាប់ផ្តើមក្អួតចង្អោរតែម្តង។ ដោយសារតែក្អួតផង រាកផង មិនឈប់ ពួកគេក៏ទៅរកទិញទឹកឃ្មុំ និងក្រូចឆ្មារ យកមកច្របាច់ផឹក ដើម្បីបន្សាបជាតិពុល តែទោះជាយ៉ាងណា ក៏អាការក្អួតចង្អោរ នៅតែមិនអន់ថយឡើយ គឺកាន់តែធ្ងន់ធ្ងរឡើងៗ ទើបលោកប្រញាប់ទាញយករថយន្តដឹកជនរងគ្រោះ ទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ភ្លាមៗ ត្រូវបានគ្រូពេទ្យជួយសង្គ្រោះទាន់ពេលវេលា។

រហូតមកដល់ព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ ជនរងគ្រោះទាំង៣នាក់ បានធូរស្បើយ ហើយ ក៏ត្រូវបានលោកដឹកយកទៅកន្លែងធ្វើការវិញ ដោយទទួលបានការណែនាំពីអាជ្ញាធរភូមិអូរឈើក្រំ ឱ្យមានការប្រុងប្រយ័ត្ន ក្នុងការដកផ្សិត យកទៅធ្វើម្ហូប៕

RELATED ARTICLES