Monday, October 27, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមហាងលក់គ្រឿងតែងឡាន ភ្លើងឆេះទាំងយប់

ហាងលក់គ្រឿងតែងឡាន ភ្លើងឆេះទាំងយប់

ភ្នំពេញ ៖ ទីតាំងលក់គ្រឿងតែងរថយន្ត មួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១១និង៤០នាទីយប់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ ស្ថិតនៅចំណុចផ្ទះលេខ៤០៨ ផ្លូវ 58P ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ដោយមានការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកបានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងសមត្ថកិច្ចជំនាញ ឱ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ឱ្យទាន់ពេលវេលា កុំឱ្យមានការឆាប ឆេះបន្តដល់ផ្ទះដែលនៅក្បែរនោះ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបន្តថា ប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន២គ្រឿង ក្នុងនោះរថយន្តការិយាល័យរាជធានីភ្នំពេញ ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់២ឡាន ស្មើនឹង៨ម៉ែត្រគូប។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបន្តទៀតថា ដោយឡែកប្រភេទសំណង់ ជាប្រភេទថ្មបេតុង ទំហំ ៤ម៉ែត្រ គុណនឹង ១៨ម៉ែត្រ។ ឆេះខូចខាតឃ្លាំងដាក់សម្ភារៈគ្រឿងតែងរថយន្ត ទំហំ ៤ម៉ែត្រ គុណនឹង ៨ម៉ែត្រ អស់ទាំងស្រុង ដោយគិតជាទឹកប្រាក់ ប្រមាណជាង ១ម៉ឺន ដុល្លារ ហើយពុំបណ្តាលឱ្យឆេះរាលដាលដល់អ្នកក្បែរខាងឡើយ។ ករណីអគ្គិភ័យនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញគ្រប់គ្រងបានទាំងស្រុង នៅម៉ោង១២និង៤០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។

ហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការស្រាវជ្រាវឃើញថា បណ្តាលមកពីការឆ្លង ចរន្តអគ្គិសនី បង្កជាអគ្គិភ័យ។ នៅក្នុងករណីនេះ គ្មានមនុស្សស្លាប់និងរងរបួសឡើយ៕

RELATED ARTICLES