Wednesday, October 29, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃខ្នោះចិនយួន ៤នាក់ ជួលវីឡា ឆបោកស្នេហាអនឡាញ

វ៉ៃខ្នោះចិនយួន ៤នាក់ ជួលវីឡា ឆបោកស្នេហាអនឡាញ

ខេត្តសៀមរាប ៖ កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប បានចុះពិនិត្យនិងបង្ក្រាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅចំណុចផ្ទះវីឡា ១កន្លែង កណ្តាល ក្រុងសៀមរាប ដោយបានឃាត់ខ្លួនជនសង្ស័យជនជាតិចិន និងវៀតណាម សរុបចំនួន៤នាក់។

ប្រតិបត្តិការបង្ក្រាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ បានធ្វើឡើង កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ នៅចំណុចផ្ទះវីឡាជួល ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។

ជនសង្ស័យទាំង៤នាក់ ដែលត្រូវបានឃាត់ខ្លួន រួមមាន ទី១-ឈ្មោះ XIAO SONG ភេទប្រុស ជនជាតិចិន។ ទី២-ឈ្មោះ HAN JIAJIA ភេទប្រុស ជនជាតិចិន។ ទី៣-ឈ្មោះ QIN CILONG ភេទប្រុស ជនជាតិចិន និងទី៤-ឈ្មោះ LUONG THI QUE ភេទស្រី ជនជាតិវៀតណាម។

ក្នុងប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ចជំនាញបានដកហូតសម្ភារជាវត្ថុតាង រួមមាន កុំព្យូទ័រលើតុ ចំនួន៤គ្រឿង ទូរស័ព្ទដៃ ចំនួន ២៣គ្រឿង និងវត្ថុតាងមួយចំនួនទៀត។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា ជនសង្ស័យបានឆ្លើយសារភាពថា ពួកគេបានប្រើប្រាស់វិធីសាស្ត្រឆបោក ក្រោមរូបភាពលួងលោមស្នេហា (Romance scam) ដើម្បីបញ្ចុះបញ្ចូលឱ្យជនរង គ្រោះដាក់ប្រាក់ វិនិយោគទិញរូបិយវត្ថុអេឡិចត្រូនិក (Crypto) ដែលមានគោលដៅឆបោកទៅកាន់ប្រទេសផ្សេងៗ។

ក្រោយការបង្ក្រាបនេះ សមត្ថកិច្ចជំនាញកំពុងសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីបន្តស្រាវជ្រាវបន្ថែមទៀត ឈានទៅចាត់វិធានការផ្លូវច្បាប់ចំពោះមេខ្លោងនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ខណៈជនសង្ស័យ និងវត្ថុតាងដែលរឹបអូសបាន ត្រូវបានប្រគល់ជូនអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីអនុវត្តតាមនីតិវិធី៕

RELATED ARTICLES