Wednesday, October 29, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឃ្លាំងលក់ម៉ូតូធំ និងគ្រឿងបន្លាស់ ភ្លើងឆេះខូចខាតម៉ូតូច្រើនគ្រឿង

ឃ្លាំងលក់ម៉ូតូធំ និងគ្រឿងបន្លាស់ ភ្លើងឆេះខូចខាតម៉ូតូច្រើនគ្រឿង

ភ្នំពេញ ៖ ឃ្លាំងស្តុកនិងលក់ម៉ូតូជប៉ុន ធុនធំ ១កន្លែង មានស្តុកទុកម៉ូតូ រាប់រយគ្រឿង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ផ្អើលពលរដ្ឋនិងសមត្ថកិច្ចជំនាញ ចេញរថយន្តពន្លត់អគ្គិភ័យអន្តរាគមន៍បាញ់ទឹកពន្លត់ អស់ប្រមាណជាង១០០ឡាន ទើបអាចគ្រប់គ្រងស្ថានការណ៍បាន។ ប៉ុន្តែម៉ូតូជាច្រើគ្រឿង និងគ្រឿងបន្លាស់មួយចំនួន ត្រូវបានភ្លើងឆេះខូចខាត ដោយអូសជញ្ជូនចេញមិនទាន់។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ នៅចំណុចឃ្លាំងស្តុក លក់ម៉ូតូជប៉ុន និងគ្រឿងបន្លាស់ ១កន្លែង តាមបណ្តោយផ្លូវ៣២៨ ស្ថិតក្នុងភូមិ៣ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ម្ចាស់ទីតាំងខាងលើ មានឈ្មោះឈឹង សុខា ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរលក់ម៉ូតូ។ ចំណែកទីតាំងកើតហេតុ ជាប្រភេទសំណង់ថ្មប្រក់ស័ង្កសី ទំហំ ១៧ម៉ែត្រ គុណនឹង ២៥ម៉ែត្រ ខូច ខាតសម្ភារៈ ឆេះឃ្លាំងទំហំ ១៧ម៉ែត្រ គុណនឹង ២៥ម៉ែត្រចំនួនទាំងស្រុង និងឆេះផ្ទះថ្មទំហំ ៦ម៉ែត្រ គុណនឹង ២៥ម៉ែត្រ ចំនួន១ខ្នង រួមទាំងឆេះម៉ូតូ និងគ្រឿងបន្លាស់ម៉ូតូ អស់ជាច្រើនគ្រឿង។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា ទីតាំងខាងលើ គឺជាឃ្លាំងស្តុកនិងលក់ម៉ូតូជប៉ុនចម្រុះ ភាគច្រើជាម៉ូតូធុនធំ រួមទាំងគ្រឿងបន្លាស់។ មុនពេលកើតហេតុ មានបុគ្គលិក ៤នាក់ នៅក្នុងឃ្លាំង លុះដល់ម៉ោងកើតហេតុ មិនដឹងថាមានរឿងអ្វីនោះទេ ស្រាប់តែមានអណ្តាតភ្លើងឆេះសន្ធោសន្ធៅ ចេញពីក្នុងឃ្លាំង ធ្វើឱ្យបុគ្គលិកស្នាក់នៅខាងក្នុង ភ័យស្លន់ស្លោ នាំគ្នារត់ចេញមកក្រៅ ឆោឡោ ទាញយកបំពង់ពន្លត់អគ្គិភ័យ មកបាញ់អស់ជាច្រើនបំពង់ តែមិនអាចគ្រប់គ្រងស្ថានការណ៍បាន ទើបនាំគ្នារាយការណ៍ជូនអាជ្ញាធរនិងសមត្ថកិច្ចជំនាញចេញរថយន្តពន្លត់អគ្គិភ័យ បណ្តាអង្គភាពផ្សេងៗ អន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ។

ជុំវិញករណីខាងលើនេះ អាជ្ញាធរមិនទាន់អាចបញ្ជាក់ពីធំនៃការខូចខាតនៅឡើយ គ្រាន់តែដឹងថា អគ្គិភ័យបានឆេះឆ្លងរាលដាលទៅផ្ទះមួយល្វែងទៀត នៅជាប់គ្នា ធ្វើឱ្យរងការខូចខាត និងឆេះខូចខាតម៉ូតូ និងសម្ភារៈមួយ ចំនួន ស្ទើរទាំងស្រុង នៅក្នុងឃ្លាំងលក់ម៉ូតូ។ ចំពោះមូលហេតុ សមត្ថកិច្ចជំនាញកំពុងតែស្រាវជ្រាវ។

នៅក្នុងប្រតិបត្តិការអន្តរាគមន៍ កម្លាំងជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន២១គ្រឿង ប្រើទឹកអស់ចំនួន ១០៥ឡាន។ ក្នុងនោះ មានរថយន្តជំនួយរបស់ក្រសួងមហាផ្ទៃ ចំនួន២គ្រឿង ប្រើទឹកអស់ចំនួន ៤ឡាន។ រថយន្តពន្លត់អគ្គិភ័យរបស់កងពលតូច ង៧០ ចំនួន៧គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៦ឡាន ដោយបានពន្លត់ចប់ នៅម៉ោង៥ទៀបភ្លឺ ថ្ងៃដដែល ដោយមិនបណ្តាលឱ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការហ៊ុមព័ទ្ធទីតាំងកើតហេតុ រង់ចាំព្រឹក ក្រុមការងារជំនាញ ចុះពិនិត្យរកមូលហេតុនៃការឆាបឆេះ ឱ្យបានច្បាស់លាស់៕

RELATED ARTICLES