Wednesday, October 29, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលួចម៉ូតូបញ្ចាំ ស៊ីចាយអស់ ជាប់ខ្នោះ២

លួចម៉ូតូបញ្ចាំ ស៊ីចាយអស់ ជាប់ខ្នោះ២

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ ចំនួន២នាក់ បានធ្វើសកម្មភាពលួចម៉ូតូ ១គ្រឿង បានសម្រេច រួចយកទៅបញ្ចាំ បានលុយ ដើរស៊ីចាយ អស់រយៈពេល២ថ្ងៃ ត្រូវបានកម្លាំងជំនាញអាវុធហត្ថ ស្រាវជ្រាវឃាត់ខ្លួនបានជា បន្តបន្ទាប់ ទាំង២នាក់ នាំយកទៅចាត់ការតាមច្បាប់។

ករណីលួចម៉ូតូនេះ បានកើតឡើង កាលពីវេលាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅចំណុចភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។ លុះមកដល់វេលាម៉ោង៩ព្រឹក ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ ទើបកម្លាំងជំនាញអាវុធ ហត្ថបានចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ បានចំនួន២នាក់ ជាបន្តបន្ទាប់ នៅចំណុចផ្ទះសំណាក់ជ័យមង្គល ស្ថិតក្នុងភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។

ជនសង្ស័យទាំង២នាក់ ដែលត្រូវបានឃាត់ខ្លួន ទី១-ឈ្មោះអឿយ វិសាល ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិន ពិតប្រាកដ និងទី២ឈ្មោះទិត្យ ឈឿត ហៅប្រុស ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិភ្នំកន្ទួត  សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។ ចំណែកម៉ូតូដែលបានបាត់ ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១១ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1E-7902 ជារបស់ជនរងគ្រោះ ឈ្មោះឃិន គា ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។

តាមប្រភពមន្ត្រីជំនាញអាវុធហត្ថ បានឱ្យដឹងថា កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ កម្លាំងជំនាញមូលដ្ឋានកង រាជអាវុធហត្ថក្រុងសិរីសោភ័ណ បានទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះឃិន គា ស្តីពីករណីបាត់ម៉ូតូ ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១១ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1E-7902 កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅចំណុចមុខបន្ទប់ជួលខាងលើ។

ក្រោយពីទទួលបណ្តឹងភ្លាម កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរ សេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះកម្លាំងធ្វើការស្រាវជ្រាវ រហូតដល់វេលាម៉ោង៩ព្រឹក ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ បានកំណត់ មុខសញ្ញា ឈានដល់ការឃាត់ខ្លួនជនសង្ស័យ ចំនួន១នាក់ ឈ្មោះអឿយ វិសាល នៅចំណុចផ្ទះសំណាក់ជ័យមង្គល ស្ថិតក្នុងភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោ ភ័ណ ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដើម្បីសាកសួរតាមនីតិវិធី។

លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចម៉ូតូរបស់ជនរងគ្រោះ ប្រាកដមែន និងបានយកទៅដាក់បញ្ចាំជាមួយបក្ខពួកម្នាក់ទៀត ឈ្មោះទិត្យ ឈឿត ហៅប្រុស។

ក្រោយទទួលបានចម្លើយសារភាព កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះទិត្យ ឈឿត ហៅប្រុស ព្រមទាំងចាប់យកវត្ថុតាងនៃបទល្មើស ម៉ូតូ ១គ្រឿង ដោយមានការសង្ស័យ កម្លាំងជំនាញបានធ្វើការត្រួតពិនិត្យ រកឃើញមានគ្រឿងញៀន ចំនួន៣កូនថង់កិប (ធំ២កញ្ចប់ តូច១កញ្ចប់)។

ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ដើម្បីអនុវត្តតាមនីតិវិធី។ ចំណែកវត្ថុតាង ម៉ូតូ ត្រូវបានប្រគល់ជូនជន រងគ្រោះវិញ៕

RELATED ARTICLES