Thursday, October 30, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកាប់គេដេកពេទ្យ៨ថ្ងៃ ជាប់ខ្នោះ៨នាក់

កាប់គេដេកពេទ្យ៨ថ្ងៃ ជាប់ខ្នោះ៨នាក់

ភ្នំពេញ ៖ ក្មេងទំនើង ១ក្រុម បានធ្វើសកម្មភាពព្រួតវាយនិងកាប់ទៅលើគូទំនាស់ បណ្តាលឱ្យរងរបួស បន្ទាប់ មក បាននាំគ្នារត់គេចខ្លួនបាត់អស់ លុះ៨ថ្ងៃក្រោយមក ត្រូវបានសមត្ថកិច្ចជំនាញ ស្រាវជ្រាវតាមចាប់ខ្លួនបានជាបន្តបន្ទាប់ ចំនួន៨នាក់ នាំយកមកចាត់ការតាមច្បាប់។

ករណីហិង្សានេះ បានកើតឡើង កាលពីវេលាម៉ោង ១១ និង៥៨នាទីយប់ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ នៅចំណុចបរិវេណស្ថានីយប្រេង TOTAL ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុង សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ។ រហូតមកដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ទើបកម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការស្រាវជ្រាវ ឈានដល់ឃាត់ខ្លួនក្រុមជនសង្ស័យ សរុបចំនួន៨នាក់។

ជនសង្ស័យទាំង៨នាក់ ដែលត្រូវបានសមត្ថកិច្ចបង្ក្រាបបាន រួមមាន ទី១-ឈ្មោះនូ សុវណ្ណដេវិស ភេទប្រុស អាយុ១៧ឆ្នាំ។ ទី២-ឈ្មោះ រស្មី ឧត្តម ភេទប្រុស អាយុ១៧ឆ្នាំ។ ទី៣-ឈ្មោះនី អាប់ឌុលអាហ្សីស ភេទប្រុស អាយុ១៧ឆ្នាំ។ ទី៤-ឈ្មោះប៉ុប ហួន ភេទប្រុស អាយុ១៧ឆ្នាំ។ ទី៥-ឈ្មោះ ឆាយ លីឈ័រ ភេទប្រុស អាយុ១៧ឆ្នាំ។ ទី៦-ឈ្មោះនៅ កាញ់ណារត្ន័ ភេទប្រុស អាយុ១៧ឆ្នាំ។ ទី៧-ឈ្មោះជា សុខលៀប ភេទប្រុស អាយុ១៧ឆ្នាំ និងទី៨-ឈ្មោះ សេង វីរៈ ហៅ ឡូហ្គេន ភេទប្រុស អាយុ១៨ឆ្នាំ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គ ស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ កម្លាំងជំនាញផែន ការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌ ពោធិ៍សែនជ័យ និងខណ្ឌមានជ័យ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ជាបន្តបន្ទាប់ ចំនួន៨នាក់ ពាក់ ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (កាប់ និងវាយ) បណ្តាលឱ្យជនរងគ្រោះរងរបួសនិងធ្វើឱ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃ នៅចំណុចការ៉ាសសាំង TOTAL ផ្លូវជាតិលេខ១ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ កាលពីវេលាម៉ោង ១១និង៥៨នាទីយប់ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥។

ជនសង្ស័យទាំង៨នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការតាមនីតិវិធី។ ចំណែកបក្ខពួកនៅសេសសល់ សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវឃាត់ខ្លួន ដើម្បីនាំយកមកចាត់ការតាមច្បាប់៕

RELATED ARTICLES