ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ បានបង្ករឿងអុកឡុកក្នុងផ្ទះ វាយកម្ទេចរបស់របរ និងគំរាមសម្លាប់ម្តាយបង្កើតខ្លួនឯងចោល ធ្វើឱ្យស្ត្រីជាម្តាយ ទ្រាំលែងបាន ក៏ប្តឹងសមត្ថកិច្ចអន្តរាគមន៍ ចាប់វាយខ្នោះកូនប្រុសកំណាច យកទៅចាត់ការតាមច្បាប់។

ករណីហិង្សាក្នុងគ្រួសារ និងគំរាមសម្លាប់នេះ បានកើតឡើង កាលពីវេលាម៉ោង ៦ព្រលប់ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នៅចំណុចភូមិស្រុកចេក ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង។
ស្ត្រីរងគ្រោះ ជាម្តាយដែលត្រូវកូនប្រុសគំរាមសម្លាប់ មានឈ្មោះឡុង ចាន់នី អាយុ៥២ឆ្នាំ មុខរបរលក់បន្លែ មានលំនៅ ភូមិស្រុកចេក ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង។ ចំណែកជនសង្ស័យ ជាកូនប្រុសដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះលីម ចំរើន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជាមួយគ្នា (មានសារធាតុញៀន)។ ជនសង្ស័យ មានប្រវត្តិធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល ចំនួន ២លើក ពីបទពាក់ព័ន្ធគ្រឿងញៀន និងអំពើលួច។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៦ព្រលប់ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ខណៈស្ត្រីរងគ្រោះជាម្តាយ កំពុងលក់បន្លែ នៅភ្នំពេញ កូនស្រីរបស់ស្ត្រីរងគ្រោះ បានទូរស័ព្ទប្រាប់ម្តាយថា ជនសង្ស័យបានវាយកម្ទេចរបស់របរនៅក្នុងផ្ទះ ទៀតហើយ។ លុះដល់វេលាម៉ោង៧យប់ ថ្ងៃដដែល ស្ត្រីរងគ្រោះជាម្តាយ បានជិះម៉ូតូ មកដល់ផ្ទះ ឃើញជនសង្ស័យវាយខូចខាតទ្វារផ្ទះ កង់ ចាន ឆ្នាំង កង្ហារ ពាងទឹក កៅអី និងរបស់របរក្នុងផ្ទះ មួយចំនួន បែកខ្ទេចអស់។
ប្រភពដដែល បន្តថា លុះពេលឃើញម្តាយមកដល់ភ្លាម ជនសង្ស័យជាកូនប្រុស បានស្រែកគំរាមសម្លាប់ម្តាយថា “សម្លាប់ចោលទាំងប្តីប្រពន្ធ ឥឡូវហើយ!”។ ដោយសារតែទ្រាំនឹងទង្វើកូនប្រុសកំណាច តទៅទៀតលែងបាន ទើបស្ត្រីជាម្តាយ បានរាយការណ៍ទៅមេភូមិ ហើយលោកមេភូមិ បានឱ្យជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងខ្យាង។

ក្រោយទទួលព័ត៌មាន កម្លាំងប៉ុស្តិ៍បឹងខ្យាង បានចុះទៅដល់កន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ដើម្បីធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានវាយរបស់របរក្នុងផ្ទះ បណ្តា លឱ្យបែកបាក់ខូចខាត និងបានគំរាមសម្លាប់ម្តាយ ប្រាកដមែន។
ជនសង្ស័យខាងលើ ត្រូវឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ដើម្បីកសាងសំណុំរឿង តាមនីតិវិធី៕