Thursday, October 30, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបទីតាំងឆបោកអនឡាញ២ ឃាត់ខ្លួនចិន-យួន ៦៥នាក់

បង្ក្រាបទីតាំងឆបោកអនឡាញ២ ឃាត់ខ្លួនចិន-យួន ៦៥នាក់

ភ្នំពេញ ៖ ជនសង្ស័យ ចំនួន៦៥នាក់ ក្នុងនោះជនជាតិវៀតណាម ៥៨នាក់ និងជនជាតិចិន ៧នាក់ ត្រូវបានសមត្ថកិច្ចជំនាញឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យប្រព្រឹត្តសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ២ទីតាំងផ្សេងគ្នា កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកំពត។

លោកទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានឱ្យដឹងថា កម្លាំងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហ ការជាមួយកម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពខណ្ឌចម្ការមន និងកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលផ្លូវច្បាប់ពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ បានចុះពិនិត្យនិងបង្ក្រាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅទីតាំងបន្ទប់ B17-05 ស្ថិតនៅអគារខុនដូ វិមានកុលាប អគារ B ជាន់ទី១៧ ផ្លូវនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ដោយឃាត់ខ្លួនបុរសជនជាតិចិន ដែលជាជនសង្ស័យ ចំនួន៧នាក់។  នៅក្នុងប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ចជំនាញបានដកហូតសម្ភារៈ វត្ថុតាង រួមមាន កុំព្យូទ័រ All in on ចំនួន៥គ្រឿង Monitor ចំនួន ២គ្រឿង CPU ចំនួន២គ្រឿង និងទូរស័ព្ទដៃ ចំនួន៣២គ្រឿង។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចជំនាញ ជនសង្ស័យបានឆ្លើយសារភាពថា ពួកគេបានប្រើប្រាស់វិធីសា ស្ត្រឆបោកក្រោមរូបភាពជាការលួងលោមស្នេហា (Romance scam) ដែលមានគោលដៅឆបោកទៅកាន់ប្រទេសផ្សេងៗ។

ក្រោយការបង្ក្រាបនេះ សមត្ថកិច្ចជំនាញ កំពុងសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីបន្តស្រាវជ្រាវបន្ថែមទៀត ឈានទៅចាត់វិធានការផ្លូវច្បាប់ចំពោះមេខ្លោងនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ខណៈជនសង្ស័យ និងវត្ថុតាងដែលរឹបអូសបាន ត្រូវបានប្រគល់ជូនអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីអនុវត្តតាមនីតិវិធី។

ដោយឡែកនៅថ្ងៃដដែលនោះដែរ ក្នុងករណីមួយផ្សេងទៀត កម្លាំងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយសមត្ថកិច្ចនិងអាជ្ញាធរក្នុងខេត្តកំពត បានស្វែងរកមុខសញ្ញា ស្ថិតក្នុងទីតាំងក្រោន៩៥ ភូមិរលួស សង្កាត់បឹងឈូក ក្រុងបូកគោ ខេត្តកំពត ដោយបានចុះត្រួតពិនិត្យផ្ទះល្វែង ចំនួន៣ ផ្ទះវីឡា ចំនួន១ និងបន្ទប់ប្រតិបត្តិការចំនួន១ និងបានឃាត់ខ្លួនជនជាតិវៀតណាម ចំនួន៥៨នាក់ (ស្ត្រីចំនួន១៥នាក់) ក្នុងនោះមានមុខសញ្ញា ក្នុងដីកាចំនួន៧នាក់ (ស្ត្រី២នាក់) និងបានដកហូតសម្ភារៈ វត្ថុតាង រួមមាន កុំព្យូទ័រ  all in one  ចំនួន៦៣គ្រឿង ធុង PC ២គ្រឿង ម៉ូនីទ័រ ៣គ្រឿង និងទូរស័ព្ទដៃ ៤៨គ្រឿង។

ផ្អែកតាមការធ្វើកោសល្យវិច័យលើឧបករណ៍អេឡិចត្រូនិក និងវត្ថុតាង ក្នុងបន្ទប់ការិយាល័យ X2 គឺជាទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពវិនិយោគពាក់ព័ន្ធ និងរូបិយប័ណ្ណអេឡិចត្រូនិក លើគេហទំព័រក្លែងក្លាយ គ្មានប្រភពច្បាស់លាស់ ដែលមាន គោលដៅទៅប្រទេសផ្សេងៗ៕

RELATED ARTICLES