ភ្នំពេញ ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម កំពុងស្រាវជ្រាវ ស៊ើបអង្កេតលើឧត្តមសេនីយ៍ទោ (ផ្កាយ២) មួយរូប ដែលមានតួនាទីជាអគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ពាក់ព័ន្ធស៊ីដាច់លុយជនបរទេស ២លានដុល្លារ រត់ការចូលសញ្ជាតិខ្មែរ។

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ លោកផែង វណ្ណៈ អ្នកសារព័ត៌មានអនឡាញល្បីឈ្មោះ បានទម្លាយតាមទំព័របណ្តាញសង្គម PVN News ថា “ឧត្តមសេនីយ៍ទោ គង់ វុទ្ធី អគ្គរងអត្តសញ្ញាណកម្ម ប្រ ញាប់យកលុយ ២លានដុល្លារ សងគេវិញ បើធ្វើការឱ្យគេមិនបាន! ប្រយ័ត្នគុក!…។ លោកឧត្តមសេនីយ៍ទោ គង់ វុទ្ធី អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានទទួលប្រាក់ ចំនួន ២លានដុល្លារ ដើម្បីរត់ការ ការងារឱ្យជនបរទេស។ ប៉ុន្តែចាប់តាំងពីលោកឧត្តមសេនីយ៍ទោ គង់ វុទ្ធី ទទួលបានលុយពីជនរងគ្រោះហើយ មានរយៈពេលជាង ១ឆ្នាំហើយ លោកមិនបានធ្វើការឱ្យជនរងគ្រោះបានសម្រេចទេ ហើយលុយ ២លានដុល្លារ ក៏មិនព្រមប្រគល់ជូនជនរងគ្រោះវិញដែរ…”។
លោកផែង វណ្ណៈ បានបបន្តថា “ការប្រើប្រាស់តួនាទី បុណ្យស័ក្តិ អួតអាងដើម្បីបោកប្រាស់ជនបរទេស មានច្រើនករណីណាស់ ហើយក៏មានអស់តួនាទី បុណ្យស័ក្តិ រហូតជាប់គុក ជាហូរហែដែរ ។ ប៉ុន្តែបុគ្គលខូច នៅតែខូច ។ ចាំមើលករណីនេះ តើឧត្តមសេនីយ៍ទោ គង់ វុទ្ធី អគ្គនាយករងអត្តសញ្ញាណកម្ម មានវាសនាបែបណា?…”។
ឆ្លើយតបទៅនឹងករណីខាងលើនេះ ទំព័របណ្តាញសង្គមផ្លូវការ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានចេញសេចក្តីបំភ្លឺ កាលពីរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ថា «អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមថ្លែងអំណរគុណចំពោះសារព័ត៌មាន PVN News ដែលបានលើកឡើងអំពីករណីឧត្តមសេនីយ៍ទោ គង់ វុទ្ធី អគ្គនា យករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ថាបានទទួលប្រាក់រត់ការចូលសញ្ជាតិ ឱ្យជនបរទេស មិនបានសម្រេច ហើយមិនព្រមប្រគល់ប្រាក់ជូនជនរងគ្រោះវិញ។
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមជម្រាបដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណមតិ ឱ្យបានជ្រាបថា ក្រុមប្រឹក្សាវិន័យរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានចាត់វិធានការកោះហៅសាមីខ្លួន ដើម្បីបំភ្លឺ និងកំពុងបន្តស្រាវជ្រាវ ស៊ើបបញ្ជាក់បន្ថែមលើព័ត៌មានខាងលើ។ ករណីរកឃើញថា មន្ត្រីឬថ្នាក់ដឹកនាំណាម្នាក់ បានប្រព្រឹត្តកំហុសផ្ទុយនឹងវិន័យរបស់កងកម្លាំងនគរបាលជាតិ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នឹងចាត់ វិធានការអនុវត្តវិន័យលើបុគ្គលរូបនោះ យ៉ាងម៉ឺងម៉ាត់។
ទន្ទឹមនេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមស្នើដល់បុគ្គលដែលមានការពាក់ព័ន្ធ ឬជាជនរងគ្រោះ សូមសហការផ្តល់ព័ត៌មាន ក៏ដូចជាឯកសារភ័ស្តុតាងបន្ថែម ប្រសិនបើមាន មកនាយកដ្ឋានរដ្ឋបាលសរុប នៃអគ្គ នាយកដ្ឋានអត្តសញ្ញាណកម្ម រៀងរាល់ម៉ោងធ្វើការ»។
ជុំវិញករណីខាងលើ នៅមិនទាន់មានប្រតិកម្ម ឆ្លើយតបបំភ្លឺ ពីលោកឧត្តមសេនីយ៍ទោ គង់ វុទ្ធី អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដែលរងការចោទប្រកាន់ថា បានទទួលប្រាក់ ២លានដុល្លារ ជាថ្នូររត់ការចូល សញ្ជាតិ ឱ្យជនបរទេស មិនបានសម្រេច ហើយមិនព្រមប្រគល់ប្រាក់ជូនជនរងគ្រោះវិញខាងលើនោះនៅឡើយ កាលពីម្សិលមិញ។
ដោយឡែក លោកផែង វណ្ណៈ នៅរសៀលថ្ងៃដដែលនោះ បានសរសេរបន្ថែមថា “សុំទោសលោកឧត្តមសេនីយ៍ទោ គង់ វុទ្ធី អគ្គនាយករងអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ដែលបានស្នើសុំឲ្យខ្ញុំលុបព័ត៌មានពាក់ព័ន្ធនឹងលោកយកលុយភ្ញៀវ រត់ការការងារ ២លានដុល្លារ។ ខ្ញុំអត់លុបទេ បើខ្ញុំផ្សាយមិនពិត បំភ្លឺមក ខ្ញុំផ្សាយជូន ហើយបើមិនចង់បំភ្លឺ ចង់ប្តឹងខ្ញុំក៏បាន ខ្ញុំរីករាយកំដរលោកឧត្តមសេនីយ៍ទោ។ ខ្ញុំផ្សាយ ខ្ញុំមានការទទួលខុសត្រូវ។ កូនប្រុស ហ៊ានស៊ី ហ៊ានសង ហ៊ានផ្លោះរបង ហ៊ានជាប់គុក! ខ្ញុំមិនមែនជាកូនប្រុសកំសាកទេ!…”៕