ភ្នំពេញ ៖ តារាចម្រៀង Galaxy លោកខាន់ ជេមស៍ បានបង្ហាញអារម្មណ៍រំភើបរីករាយនៅពេលដែលបានចាប់ដៃគូច្រៀងឆ្លងឆ្លើយជាលើកដំបូងក្នុងអាជីព ជាមួយលោកព្រាប សុវត្ថិ បទ «សង្សារក្រៅសង្វៀន» ដោយលោកអះអាងថា នេះជាបទពិសោធន៍ថ្មីមួយ ហើយលោកជឿជាក់ថា បទនេះ នឹងត្រូវចិត្តទស្សនិកជន។

លោកខាន់ ជេមស៍ ប្រាប់ «នគរធំ» នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ថា បទ «សង្សារក្រៅសង្វៀន» សំដៅលើទីផ្សារផ្នែកយុវវ័យ ហើយលោកសង្ឃឹមថា នឹងទទួលបានការគាំទ្រ ព្រោះនេះជាលើកទី១ ដែលលោកបានច្រៀងឆ្លងឆ្លើយជាដៃគូជាមួយឧកញ៉ា ព្រាប សុវត្ថិ ខណៈដែលកន្លងមក ធ្លាប់ច្រៀងជាមួយគ្នាតែជាក្រុមប៉ុណ្ណោះ ។ លោកជេមស៍ បន្ថែមថា នេះការស្ម័គ្រចិត្តរវាងលោក និងលោកព្រាប សុវត្ថិ ក្នុងការច្រៀងជាដៃគូលើកដំបូង ជាមួយគ្នា ធ្វើឲ្យលោកមានអារម្មណ៍រំភើប ព្រោះជាកិត្តិយសដែលបានទទួលបទពិសោធន៍ល្អពីរៀមច្បង ព្រោះលោកសុវត្ថិ មិនងាយចាប់ដៃគូច្រៀងជាមួយតារាណាទេ ។

អតីតតារាចម្រៀង Rock និងសាន់ដេ លោកខាន់ ជេមស៍ ថាបទ «សង្សារក្រៅសង្វៀន»ន ចេញជា Audio សិន នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ចំណែក MV នឹងចេញនៅអំឡុង២ទៅ ៣ខែខាងមុខទៀត។ លោកជេមស៍ អះអាងដែរថា ក្រៅពីសប្បាយចិត្តបានចាប់ដៃជាមួយលោកព្រាប សុវត្ថិ នោះលោកក៏ត្រៀមចាប់ដៃជាមួយលោកខេម និងតារាផ្សេងៗទៀតរបស់ Galaxy នាពេលខាងមុខផងដែរ។
ឆ្លើយតបសំណួរថា តើលោកជេមស៍ អាចនឹងចេញចម្រៀងមួយបទមួយចាប់ដៃជាមួយព្រាប សុវត្ថិ ផង ខេមរៈ សិរីមន្ដ ផង ឬអត់ នាពេលខាងមុខ? លោកថា រឿងនេះលោកពេញចិត្តបំផុត បើផលិតកម្មតម្រូវ ហើយលោករំពឹងថា អាចនឹងកើតមានឡើង។

តាមប្រភពថា លោកខាន់ ជេមស៍ តាំងពីចូលផលិតកម្ម Galaxy លោកពិបាកដណ្ដើមភាពលេចធ្លោដូចកាល ច្រៀងនៅ Rock និងសាន់ដេ ព្រោះតែព្រាប សុវត្ថិ, ខេមរៈ សិរីមន្ដ និងខេម ជាដើម ហាក់មានប្រៀបជាង។ ប៉ុន្ដែយ៉ាងណា លោកជេមស៍ បានសម្រេចបំណងធំ នាំកូនស្រីឈ្មោះ អេមមី ចូលច្រៀងក្នុងផលិតជាមួយលោក បានសម្រេច ។
ខាន់ ជេមស៍ ថាលោក និងតារា Galaxy ទាំងអស់ រាប់អានគ្នាដូចបងប្អូន អត់មានរឿងប្រជែងគ្នាទេ ពោលគឺអ្នកណាប្រឹង នឹងបានលទ្ធផល។ លោកបន្ថែមថា បច្ចុប្បន្ន តារា Galaxy ទាំងអស់ ខំប្រឹងរៀងៗខ្លួន និងរាប់អានគ្នា ស្រលាញ់គ្នាជាធ្លុងមួយ ។

ខាន់ ជេមស៍ ក្រៅពីចាប់ដៃជាមួយលោកព្រាប សុវត្ថិ លោកក៏ត្រៀមបង្កើតមុខរបរថ្មីក្រៅពីសិល្បៈផងដែរ នោះគឺរកស៊ីទិញ-លក់ឡាន ។ មុខជំនួញនេះ លោកជេមស៍ អាចនឹងប្រើដើមទុនច្រើន ស្របពេលដែលភរិយាលោក ក៏បើកហាងលក់នំបញ្ចុកទឹកម្ហិច ជាច្រើនឆ្នាំហើយ ។

មហាជនលើកឡើងថា ការដែលលោកខាន់ ជេមស៍ ចាប់ដៃជាមួយលោកព្រាប សុវត្ថិ គឺជំហានសិល្បៈថ្មីមួយ ទៀតរបស់លោក ដើម្បីឲ្យទីផ្សារចម្រៀង មានការផ្លាស់ប្ដូរ ។ ប៉ុន្ដែគេមិនដឹងថា តារាប្រុសទាំងពីរ ចាប់ដៃគ្នាលើកដំបូងនេះ នឹងផ្ទុះដូចការំពឹងទុករបស់លោកជេមស៍ ឬយ៉ាងណាទេ ព្រោះប៉ុន្មានឆ្នាំចុងក្រោយនេះ លោកព្រាប សុវត្ថិ មិនដូចមុនឡើយ ដោយសារមានអ្នករិះគន់ជាបន្ដបន្ទាប់ ពាក់ព័ន្ធបម្រើនយោបាយ រហូតមានអ្នក ខ្លះព្រមានធ្វើពហិការបទចម្រៀងលោកទៀតផង ដែលបញ្ហានេះ លោកខ្លួនឯងក៏បានដឹងដែរ។ ចំណែកលោកជេមស៍ ទោះជាពេលនេះ មិនទាន់ចាប់ដៃជាមួយលោកខែម ប៊ុនថៃ ប៉ុន្ដែអំឡុងច្រៀងនៅសាន់ដេ ជាមួយគ្នា តារាទាំងពីរ ធ្លាប់ច្រៀងដៃគូជាមួយគ្នារួចហើយ ៕


