ខេត្តក្រចេះ ៖ រថយន្តធុនធំ ១គ្រឿង ដឹកដំឡូងមីស្រស់ លើសទម្ងន់ បានបើកបរឆ្លងកាត់ស្ពានអូរឆ្លង ដែលជាស្ពានដែកបេឡេត៍ បណ្តាលឱ្យបាក់ស្ពានប្រវែង៤៣ម៉ែត្រ ទាំងស្រុង ធ្វើឱ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋ ត្រូវកាត់ផ្តាច់មក មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តក្រចេះ បានចេញសេចក្តីជូនដំណឹងស្តីពីការបិទចរា ចរណ៍យានយន្តគ្រប់ប្រភេទ ធ្វើដំណើរលើកំណាត់ផ្លូវខេត្ត លេខ 3KAT24 ក្នុងភូមិសែនអភិវឌ្ឍន៍ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ដែលជាផ្លូវតភ្ជាប់ដោយស្ពានដែលបានបាក់នេះ។

ហេតុការណ៍បាក់ស្ពាននេះ បានកើតឡើង កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ នៅចំណុចស្ពានអូរឆ្លង ស្ថិតក្នុងភូមិសែនអភិវឌ្ឍន៍ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។
រថយន្តធុនយក្ស ដែលបើកបរបង្កឱ្យបាក់ស្ពាន ជាប្រភេទរថយន្តវ៉េអង ម៉ាកហ៊ីយ៉ាន់ដាយ ក្បាលសណ្តោង ពណ៌ស និងរ៉ឺម៉ក ពណ៌ក្រហម (មិនមានស្លាកលេខ)។
ស្ពានដែលបាក់ទាំងស្រុងនោះ ស្ថិតនៅជិតផ្សារ១១៥ ក្នុងឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ឆ្លងកាត់អូរឆ្លង ដែលជាខ្សែផ្លូវដ៏សំខាន់សម្រាប់សម្រួលចរាចរណ៍របស់ប្រជាពលរដ្ឋក្នុងតំបន់ និងការដឹកជញ្ជូនទំនិញ ។
តាមប្រភពព័ត៌មាន និងការសន្និដ្ឋានបឋម ករណីបាក់ស្ពានដែកនេះ គឺបណ្តាលមកពីការបើកបរឆ្លងកាត់របស់រថយន្តខ្នាតយក្ស ដឹកដំឡូងលើសទម្ងន់កំណត់ ។
ជុំវិញករណីខាងលើនេះ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តក្រចេះ បានចេញសេចក្តីជូនដំណឹងស្តីពីការបិទចរាចរណ៍យានយន្តគ្រប់ប្រភេទ ធ្វើដំណើរលើកំណាត់ផ្លូវខេត្ត លេខ 3KAT24 ក្នុងភូមិសែនអភិវឌ្ឍន៍ ឃុំគ្រ ញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ បន្ទាប់ពីស្ពានអូរឆ្លងខាងលើ ត្រូវបានបាក់។

សេចក្តីជូនដំណឹងរបស់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តក្រចេះ លេខ ៦៩៧ សក.ក្រច ស្តីពីការបិទចរាចរណ៍យានយន្តគ្រប់ប្រភេទ ធ្វើដំណើរលើកំណាត់ផ្លូវខេត្ត លេខ 3KAT24 ក្នុងភូមិសែនអភិវឌ្ឍន៍ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ មានខ្លឹមសារទាំងស្រុងថា «មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តក្រចេះ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនដែលធ្វើដំណើរតាមដងផ្លូវខេត្ត លេខ 3KRT24 ក្នុងភូមិសែនអភិវឌ្ឍន៍ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ឱ្យបានជ្រាបថា ៖ ស្ពានអូរឆ្លង ជាប្រភេទស្ពានកម្រាលដែកបេឡេត៍ ប្រវែង ៣៩ម៉ែត្រ ទទឹង ៤,៥ម៉ែត្រ ត្រង់ គ.ម ០១+៥២០ ស្ថិតនៅក្នុងភូមិសែនអភិវឌ្ឍន៍ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ បានបាក់ទាំងស្រុង ដោយសាររថយន្តធុនធំ ដឹកកសិផលដំឡូង ឆ្លងកាត់។
ដើម្បីបញ្ចៀសការធ្វើចរាចរណ៍ឆ្លងកាត់ និងគ្រោះថ្នាក់អាចកើតឡើងជាយថាហេតុ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តក្រចេះ សូមធ្វើការផ្អាកជាបណ្តោះអាសន្ន យានយន្តគ្រប់ប្រភេទ ធ្វើដំណើរឆ្លងកាត់តាមទីតាំងស្ថានអូរឆ្លូង និងសូមធ្វើដំណើរតាមផ្លូវវាង ឈ្មោះផ្លូវ១០៧ ស្ថិតក្នុងភូមិ១០៤ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល រហូតដល់ការជួសជុលស្ពាន បានរួចរាល់ឡើងវិញ។
អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន យោគយល់ អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់តាមកំណាត់ផ្លូវខាងលើ ដូចបានជម្រាបជូន ដោយក្ដីអនុគ្រោះ។

ទទួលបាននូវសេចក្តីជូនដំណឹងនេះ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តក្រចេះ សង្ឃឹមយ៉ាងមុតមាំថា សាធារណជន ពិតជាអនុវត្តបានល្អនូវសេចក្តីជូនដំណឹងនេះ ដោយស្មារតីយោគយល់ខ្ពស់»៕

