ខេត្តស្វាយរៀង ៖ បន្ទាប់ពីមានភ្លៀងធ្លាក់ជាប់គ្នា អស់រយៈពេល ១សប្តាហ៍ បង្កទឹកជំនន់លិចផ្លូវខេត្ត មួយខ្សែ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តស្វាយរៀង បានចេញសេចក្តីជូនដំណឹងដល់ម្ចាស់រថយន្តដឹកទំនិញធុន ធ្ងន់ទាំងអស់ ផ្អាកចរាចរណ៍លើកំណាត់ផ្លូវខេត្ត លេខ៣១៤សេ ប្រវែង១៥០ម៉ែត្រ ត្រង់ចន្លោះគីឡូម៉ែត្រ 03+450 ដល់គីឡូម៉ែត្រ 03+600 ស្ថិតក្នុងភូមិក្រួស ឃុំបាសាក់ ស្រុកស្វាយជ្រំ ក្នុងខេត្តស្វាយរៀង។

មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តស្វាយរៀង បានបញ្ជាក់ថា ស្ថានភាពបែបនេះ ធ្វើឱ្យផ្លូវមិនអាចទ្រាំទ្រនឹងទម្ងន់រថយន្តដឹកទំនិញធុនធំបានទេ ទើបមន្ទីរសាធារណការនិងដឹកជញ្ជូន សូមធ្វើការផ្អាកជាបណ្តោះអាសន្ន ការធ្វើចរាចរណ៍រថយន្តដឹកទំនិញគ្រប់ប្រភេទ លើកំណាត់ផ្លូវខេត្ត លេខ៣១៤សេ ចន្លោះគីឡូម៉ែត្រ 03+450 ដល់គីឡូម៉ែត្រ 03+600 ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់មានសេចក្តីជូនដំណឹងសាជាថ្មី ដើម្បីថែរក្សាផ្លូវ កុំឱ្យខូចខាត និងធានាដល់ការធ្វើចរាចរណ៍ប្រកបដោយសុវត្ថិភាព ។

សេចក្តីជូនដំណឹងស្តីពីការផ្អាកជាបណ្តោះអាសន្ន ការធ្វើចរាចរណ៍រថយន្តដឹកទំនិញគ្រប់ប្រភេទ លើកំណាត់ផ្លូវខេត្ត លេខ៣១៤សេ ចាប់ពីគីឡូម៉ែត្រ 03+450 ដល់ 03+600 ស្ថិតក្នុងភូមិក្រួស ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង គឺចាប់ពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ តទៅ៕

