ភ្នំពេញ ៖ បុរសម្នាក់ បាននាំសង្សាររបស់ខ្លួន ទៅផឹកទឹកត្នោតជូរ លុះពេលផឹកស្រវឹង ស្រាប់តែនារីជាសង្សារ បានដើរទៅជល់កែវជាមួយយុវជន ៣នាក់ ដែលផឹកស៊ីក្បែរគ្នា រួចបានច្រៀងឆ្លើយឆ្លងគ្នា ធ្វើឱ្យបុរសជាសង្សារ ផ្ទុះភ្លើងប្រចណ្ឌ ស្ទុះទៅក្របួចកអាវយុវជនដែលកំពុងច្រៀងលេងជាមួយសង្សាររបស់ខ្លួន ធ្វើឱ្យបក្ខពួកយុវជននោះ២នាក់ ស្ទុះមកព្រួតវាយ បណ្តាលឱ្យបែកមុខមាត់ ចំណែកភាគីបង្កហេតុ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបានចំនួន ២នាក់។

ករណីអំពើហិង្សានេះ បានកើតឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ នៅចំណុចរោងលក់ទឹកត្នោតជូរ “សារ៉េន បឹងកក់” ស្ថិតនៅចំណុចបរិណេដីវាលមួយកន្លែង ក្នុងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។
បុរសដែលត្រូវគេព្រួតវាយ បណ្តាលឱ្យរងរបួស មានឈ្មោះឡូញ វាសនា អាយុ៣៣ឆ្នាំ ជាកម្មកររោងចក្រកាត់ ដេរ ស្នាក់នៅភូមិថ្មគោល១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនដៃដល់ទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសរងគ្រោះ ឈ្មោះឡូញ វាសនា បាននាំនារីជាសង្សារ ដែលជាកម្មការិនីរោងចក្រកាត់ដេរជាមួយគ្នា រួមនិងពូមីង ទាំងអស់៤នាក់ ទៅផឹកទឹក ត្នោតជូរ និងច្រៀងលេង នៅរោងលក់ទឹកត្នោតជូរ ខាងលើ។ ខណៈនោះ គ្រែក្បែរនោះ ក៏មានយុវជន៣នាក់ កំពុងផឹកទឹកត្នោតជូរផងដែរ។ បន្ទាប់ពីផឹកស្រវឹង និងច្រៀងលេង នារីជាសង្សារ បានទៅជល់កែវនិងច្រៀងលេងជាមួយយុវជន៣នាក់ ដែលផឹកស៊ីនៅក្បែរនោះ។ លុះពេលច្រៀងឆ្លើយឆ្លងគ្នាចុះឡើង ធ្វើឱ្យបុរសជា សង្សារ មានចិត្តប្រចណ្ឌ ក៏បានក្រោកដើរទៅចាប់ក្របួចកអាវបុរសម្នាក់ (ក្នុងចំណោម៣នាក់) ដែលកំពុងតែច្រៀងជាមួយសង្សារខ្លួន ស្រាប់តែបក្ខពួកគេពីរនាក់ទៀត បានស្ទុះវាយបុរសដេលក្របួចកអាវគេនោះ បណ្តាលឱ្យបែកមុខបែកមាត់ ហូរឈាមប្រឡាក់ពេញអាវតែម្តង។

បន្ទាប់ពីកើតមានហេតុការណ៍ខាងលើ ម្ចាស់តូបលក់ទឹកត្នោតជូរ ប្រញាប់រាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ច ហើយសមត្ថកិច្ចមូលដ្ឋាន បានចុះអន្តរាគមន៍ និងបានឃាត់ខ្លួនជនដៃដល់ ចំនួន២នាក់ បញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាល ដើម្បីសាកសួរ ខណៈដែលបក្ខពួកម្នាក់ទៀត បានគេចខ្លួនបាត់។

ចំណែកនារីជាសង្សារបុរសរងគ្រោះ បានអះអាងថា មុនពេលកើតហេតុ នាងនិងសង្សារ បានច្រៀងលេង ហើ យបុរស៣នាក់ដែលផឹកស៊ីនៅក្បែរគ្នា បានសុំច្រៀងម្តង តែត្រូវសង្សាររបស់នាងប្រាប់ថា ចាំច្រៀងចប់សិន។ លុះក្រោយមក នៅពេលដែលសង្សាររបស់នាង ដើរទៅបន្ទប់ទឹក ស្រាប់តែយុវជន ៣នាក់ បានព្រួតគ្នាវាយមកលើសង្សាររបស់នាង បណ្តាលឱ្យបែកមុខបែកមាត់តែម្តង៕