Monday, November 10, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ចោរចិន គាស់ផ្ទះដុកទ័រខ្មែរ លួចមាសនិងលុយ ១១ម៉ឺនដុល្លារ

 ចោរចិន គាស់ផ្ទះដុកទ័រខ្មែរ លួចមាសនិងលុយ ១១ម៉ឺនដុល្លារ

ភ្នំពេញ ៖ ជនជាតិចិនម្នាក់ បានធ្វើសកម្មភាពគាស់ផ្ទះវេជ្ជបណ្ឌិតម្នាក់ (ជាអ្នកជិតខាងគ្នា)  និងគាស់ទូដែក ប្រមូលយកមាសប្រាក់  សរុបជាទឹកប្រាក់ចំនួន ១១២ ៤៥០ដុល្លារ ហើយព្យាយាមរត់គេចខ្លួនបាន២ថ្ងៃ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ស្រាវជ្រាវឃាត់ខ្លួនបាន នាំយកមកចាត់ការតាមច្បាប់។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចបង្ក្រាបបាន មានឈ្មោះ ចាង ទៀនវៃ (Zhang Dian Wei) ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EP2843056 មុខរបរលក់បាយ ស្នាក់នៅផ្ទះ៣៣ បុរី ជីបម៉ុង លែន ពោធិ៍ចិនតុង ផ្លូវ113K ភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនរងគ្រោះ មានឈ្មោះ ឥន សម្ភាវិត ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរជាវេជ្ជបណ្ឌិត មានលំនៅ ផ្ទះលេខ៣៥ បុរីជីប ម៉ុង លែនពោធិ៍ចិនតុង ផ្លូវ១១៣គ ភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។

លោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ប្រាប់ថា នៅមុនពេលកើត ហេតុ កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមគ្រួសារជនរងគ្រោះបានធ្វើដំណើរកម្សាន្តទៅខេត្តមណ្ឌលគិរី និងសម្រាកនៅទីនោះ ១យប់។ លុះនៅវេលាម៉ោងប្រហែល៤និង៣០នាទីព្រឹក ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ទើបក្រុមគ្រួសារជនរងគ្រោះត្រឡប់មកដល់ផ្ទះវិញស្រាប់តែ ប្រទះឃើញផ្ទះរបស់ខ្លួនបើកទ្វាចំហ ត្រូវចោររើកកាយ និងឃើញទូដែកដែលដាក់គ្រឿងអលង្ការផ្សេងៗ ត្រូវបានគាស់យកលុយនិងសម្ភារៈក្នុងទូដែកទាំងអស់។

លោកអធិការ បានបន្តថា នៅក្នុងសកម្មភាពនោះជនសង្ស័យបានគាស់យកលុយ និងគ្រឿងអលង្ការ រួមមាន ប្រាក់ដុល្លារ ប្រហែល ៤៥០០០ដុល្លារ។ ចិញ្ចៀនពេជ្រ ៣វង់ គិតជាប្រាក់ចំនួន ១១៥០០ដុល្លារ។ ខ្សែដៃពេជ្រ ២ខ្សែ  តម្លៃ ១១០០០ដុល្លារ។ ខ្សែដៃមាស ២ខ្សែ (ទម្ងន់១តម្លឹង) គិតជាប្រាក់ចំនួន ៥៥០០ដុល្លារ។ ខ្សែកមាស ៤ខ្សែ (ទម្ងន់ ១តម្លឹងកន្លះ) គិតជាប្រាក់ចំនួន ៨២៥០ដុល្លារ។  ខ្សែកប្លាទីន ២ខ្សែ (ទម្ងន់៤តម្លឹង) គិតជាប្រាក់ចំនួន ១៦០០០ដុល្លារ។ ចិញ្ចៀនមាស ១វង់ (ទម្ងន់៥ជី) គិតជាប្រាក់ ចំនួន២៣០០ដុល្លារ។ ចិញ្ចៀនប្លាទីន ៣វង់ (ទម្ងន់៨ជី) គិតជាប្រាក់ ចំនួន ២៥០០ដុល្លារ។ ចិញ្ចៀនត្បូងទទឹម ១វង់ គិតជាប្រាក់ចំនួន ៦០០ដុល្លារ។ កងដៃមាស ១កង គិតជាប្រាក់ចំនួន ២៣០០ដុល្លារ។ ក្រវិលពេជ្រ ១គូ គិតជាប្រាក់ចំនួន ៥៥០០ដុល្លារ។ និងកងដៃប្លាទីន ២កង គិតជាប្រាក់ ចំនួន ២០០០ដុល្លារ។ សរុបជាទឹកប្រាក់ ចំនួន ១១២ ៤៥០ដុល្លារ។

លោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា បន្ទាប់ពីកើតហេតុ ជនរង គ្រោះ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី២។

ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ នៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ន វុធី អធិការ បានសហការជាមួយនគរបាលការិយាល័យព្រហ្មទណ្ឌ នៃស្នងការនគរបាលរាជធានីភ្នំពេញ រួមលោកនាយប៉ុស្តិ៍ បានធ្វើការស្រាវជ្រាវឈានទៅឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន ខាងលើ ដែលស្នាក់នៅផ្ទះជាប់គ្នា រួចក៏នាំយកមកធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពវាយបំបែកកញ្ចក់ទ្វារខាងក្រោយផ្ទះរបស់ជនរងគ្រោះ ហើយចូលលួចសម្ភារៈ និងគ្រឿងអលង្ការ ប្រាកដមែន។

ក្នុងនោះ សមត្ថកិច្ច បាននាំខ្លួនជនសង្ស័យទៅចង្អុលបង្ហាញទីតាំងដែលយកសម្ភារៈដែល លួចបាន ទៅលាក់ ទុក នៅក្នុងផ្ទះនិងរួមវត្ថុតាងមួយចំនួនទៀត ដែលជនសង្ស័យខាងលើ ប្រើប្រាស់ធ្វើសកម្មភាព និងបានយកទៅប្លុងចោលនៅចំណុចដីឡូត៍ ១កន្លែង ស្ថិតក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ កសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES