Monday, November 10, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបក្លឹបរាត្រី បង្កប់គ្រឿងញៀន ឃាត់ខ្លួនជាង៣០០នាក់

បង្ក្រាបក្លឹបរាត្រី បង្កប់គ្រឿងញៀន ឃាត់ខ្លួនជាង៣០០នាក់

ខេត្តស្វាយរៀង ៖ កម្លាំងសមត្ថកិច្ចជំនាញប្រឆាំងបទល្មើសគ្រឿងញៀន បានឆ្មក់ចូលបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន នៅក្លឹបកម្សាន្ត ១កន្លែង កណ្តាលក្រុងបាវិត ដោយរកឃើញថ្នាំញៀន មួយចំនួន ព្រមទាំងឃាត់ខ្លួនជនសង្ស័យ សរុបជាង៣០០នាក់។

ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងកាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅត្រង់ចំ ណុចក្លឹបកម្សាន្តអន្តរជាតិ បាវិត ស្ថិតនៅចំណុចសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ប្រតិបត្តិការខាងលើ អនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងឧត្តម សេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលសហការដឹកនាំ មន្ទីរប្រឆាំងគ្រឿនញៀន និងដឹកនាំបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា នៅវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយស្នងការដ្ឋានខេត្តស្វាយរៀង ដោយមាន ការដឹកនាំសម្របសម្រួលពីលោកឡាយ ជុងហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានបង្ក្រាបករណីរក្សារទុក ជួញដូរ ចាត់ចែងសម្រួលឱ្យប្រើប្រាស់ និងប្រើប្រាស់ នូវសារធាតុញៀន នៅក្លិបមួយកន្លែងយីហោ ក្លិបកំសាន្តអន្តរជាតិបាវិត ស្ថិតនៅចំណុចសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ប្រភពដដែលបន្តថា នៅក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការឃាត់ខ្លួនជនសង្ស័យសរុបជាង៣០០នាក់ រួមមាន ជនជាតិខ្មែរ ជនជាតិចិន និងជនជាតិវៀតណាម ព្រមទាំងដកហូតថ្នាំញៀន មួយចំនួន និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន មួយចំនួនធំ ទូរស័ព្ទដៃ និងរថយន្តមួយចំនួនផងដែរ។

ជនសង្ស័យទាំងជាង៣០០នាក់ខាងលើ រួមទាំងវត្ថុតាង ត្រូវបានយកទៅសាកសួរ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES