Monday, November 10, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលួចម៉ូតូ៣ថ្ងៃ ជាប់ខ្នោះ២នាក់

លួចម៉ូតូ៣ថ្ងៃ ជាប់ខ្នោះ២នាក់

ខេត្តសៀមរាប ៖ ជនសង្ស័យ ចំនួន២នាក់ បានធ្វើសកម្មភាពលួចម៉ូតូ ១គ្រឿង បានសម្រេច រួចនាំគ្នាជិះរត់គេចខ្លួនអស់រយៈពេល ៣ថ្ងៃ លុះជនរងគ្រោះជាម្ចាស់ម៉ូតូ ដាក់ពាក្យបណ្តឹង ក៏ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ចុះធ្វើការជ្រាវជ្រាវឃាត់ខ្លួនបានចំនួន២នាក់ ខណៈម៉ូតូរបស់ជនរងគ្រោះ ត្រូវបានបក្ខពួកជនសង្ស័យខ្ចីជិះបន្ត បាត់ទៅហើយ។

ករណីលួចម៉ូតូនេះ បានកើតឡើង កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចបន្ទប់ជួល ១កន្លែង ស្ថិតក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ លុះមកដល់វេលាម៉ោង ២ និង៣០នាទីរសៀល ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ទើបកម្លាំងសមត្ថកិច្ចជំនាញ ស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យ ចំនួន២នាក់ នៅក្នុងភូមិសាស្ត្រក្រុងសៀមរាប។

ជនសង្ស័យទាំង២នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះវណ្ណារ៉ា ផារ៉ាត់ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង (មានសារធាតុញៀន) និងទី២-ឈ្មោះរឹម រតនៈ ហៅណាក់ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប (មានសារធាតុញៀន)។ ចំពោះវត្ថុតាងដកហូតរួមមាន  ម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ព្រីងទុំ (ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព)។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តតាមការចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់ លោកប្រាក់ សោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តសៀមរាប ក្រោមការបញ្ជាដឹកនាំដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប នៅវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចជំនាញក្រុងសៀមរាប បានចុះបង្ក្រាប និងធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ (១-ឈ្មោះវណ្ណារ៉ា ផារ៉ាត់ ២-ឈ្មោះរឹម រតនៈ ហៅណាក់) ពាក់ព័ន្ធករណីអំពើលួចម៉ូតូ ចំនួន១គ្រឿង នៅត្រង់ចំ ណុចបន្ទប់ជួល ១កន្លែង ស្ថិតក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់ខាងលើ បានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពលួចម៉ូតូ ១គ្រឿង ពាក់ស្លាកលេខ សៀមរាប 1U-6550 របស់ជនរងគ្រោះខាងលើប្រាកដមែន ចំណែកម៉ូតូដែលខ្លួនលួចបានខាងលើ ត្រូវបានបក្ខពួកខ្លួនយកជិះបន្តបាត់ទៅហើយ។

ជនសង្ស័យទាំង២នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES