Tuesday, November 11, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃខ្នោះ៣នាក់ ជួញថ្នាំញៀន៣១កញ្ចប់

វ៉ៃខ្នោះ៣នាក់ ជួញថ្នាំញៀន៣១កញ្ចប់

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យប្រុសស្រី ចំនួន៣នាក់ ជាមុខសញ្ញាជួញដូរសារធាតុញៀនដោយខុសច្បាប់ ត្រូវបានកម្លាំងសមត្ថកិច្ចប្រឆាំងគ្រឿងញៀន ស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ ដោយដកហូតបានវត្ថុតាងជាក់ស្តែងថ្នាំញៀន សរុបចំនួន ៣១កញ្ចប់។

ប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀននេះ បានធ្វើឡើង កាលពីវេលាម៉ោង ៥និង៥០នាទីល្ងាច ថ្ងៃទី១០ ខែ វិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច។

ជនសង្ស័យទាំង៣នាក់ ដែលត្រូវបានឃាត់ខ្លួន រួមមាន ទី១-ឈ្មោះវ៉ែន ភាព ភេទស្រី អាយុ៣០ឆ្នាំ មុខរបរមិន ពិតប្រាកដ រស់នៅភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច។ ទី២-ឈ្មោះរី ហ័ង ហៅហុង ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច និងទី៣-ឈ្មោះសេង ធីតា ភេទស្រី អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិក្រាំងខ្វាវ ឃុំគិរីវ័ន ស្រុកភ្នំស្រួច។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ៥និង៥០នាទីល្ងាច ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រែងត្រយឹង បានចុះល្បាតនៅចំណុចភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច និងបានឃាត់ត្រួតពិនិត្យមុខសញ្ញាសង្ស័យពាក់ព័ន្ធគ្រឿងញៀន ចំនួន២នាក់ ទី១-ឈ្មោះវ៉ែន ភាព ភេទស្រី ដកហូតបានម្សៅក្រាមពណ៌សថ្លា ចំនួន២៤កញ្ចប់តូច ទូរស័ព្ទដៃ ១គ្រឿង និងទី២-ឈ្មោះរី ហ័ង ហៅហុង ភេទប្រុស ដកហូតវត្ថុតាង ម្សៅក្រាមពណ៌សថ្លា ចំនួន៧កញ្ចប់ (មធ្យម៥កញ្ចប់ តូច២កញ្ចប់) ជញ្ជីងអេឡិចត្រូនិក ១គ្រឿង ទូរស័ព្ទដៃ ១គ្រឿង ម៉ូតូ ១គ្រឿង ម៉ាក Exciter ពណ៌ខ្មៅ ពាក់ស្លាក លេខ ភ្នំពេញ 1GV-0274។ បន្ទាប់មកសមត្ថកិច្ចជំនាញ នាំខ្លួនជនសង្ស័យទាំង២នាក់ មកធ្វើការសាកសួរ។នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះរី ហ័ង ហៅហុង បានឆ្លើយសារភាពប្រាប់ថា គ្រឿងញៀនខាងលើ រូបគេបានទិញពីឈ្មោះ សេង ធីតា ភេទស្រី។

ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ត មានការសម្របសម្រួលនីតិវិធីពីលោកស៊ិន វិរៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងមានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ម៉ាត់ ធុច ស្នងការរងផែនប្រឆាំងគ្រឿងញៀន នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចជំនាញ បានបន្តឃាត់ឈ្មោះសេង ធីតា ភេទស្រី ព្រមទាំងដកហូតបានវត្ថុតាង រួមមាន ទូរស័ព្ទដៃ ១គ្រឿង ជញ្ជីងអេឡិចត្រូនិក ១គ្រឿង និងសម្ភារៈសម្រាប់ប្រើប្រាស់និងវេចខ្ចប់គ្រឿងញៀន មួយចំនួន។

សមត្ថកិច្ច បានបញ្ជាក់ថា នៅក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចជំនាញ បានធ្វើការឃាត់ខ្លួនជនសង្ស័យ សរុបចំនួន៣នាក់ (ស្រី២នាក់) និងដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លា ៣១កញ្ចប់ (មធ្យម៥កញ្ចប់ តូច២៦ កញ្ចប់) ជញ្ជីងអេឡិចត្រូនិក ចំនួន២គ្រឿង ទូរស័ព្ទដៃ ចំនួន ៣គ្រឿង ម៉ូតូ ១គ្រឿង ម៉ាក Exciter ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GV-0274 សម្ភារៈសម្រាប់ប្រើប្រាស់និងវេចខ្ចប់គ្រឿងញៀន មួយចំនួន។

ជនសង្ស័យទាំង៣នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES