Wednesday, November 12, 2025
Homeតារាខ្មែររ៉េត ស៊ូហ្សាណា ត្រៀមទៅបារាំង

រ៉េត ស៊ូហ្សាណា ត្រៀមទៅបារាំង

បារាំង ៖ ស្រីស្រស់ធ្មេញច្រពើស រ៉េត ស៊ូហ្សាណា នឹងដឹកដៃតារារ៉េប ម៉ាន់ វណ្ណដា ហោះទៅច្រៀងសម្ដែងនៅប្រទេសបារាំង នៅចុងខែវិច្ឆិកា នេះ ដើម្បីត្រៀមច្រៀងសម្ដែងក្នុងព្រឹត្តិការណ៍ «Baramey In Paris » នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ។ យ៉ាងណា តាមព័ត៌មានពីផលិតកម្មបារមី ថាមិនមែនតែស៊ូហ្សាណា និងវណ្ណដា ទេ ប៉ុន្ដែមានតារាចម្រៀង ៣រូបផ្សេងទៀត គឺវណ្ណថាន, ណូរិទ្ធ និងយូហៃ ក៏បង្ហាញមុខរួមគ្នាក្នុងកម្មវិធីធំនោះដែរ ខណៈដែលតម្លៃសំបុត្រ ត្រូវបានដាក់លក់តាំងពីថ្ងៃទី៣ ខែវិច្ឆិកា ។

 គួរបញ្ជាក់ថា រ៉េត ស៊ូហ្សាណា ធ្លាប់នាំវណ្ណដា ចេញទៅច្រៀងសម្ដែងនៅអាមេរិក ម្ដងរួចទៅហើយ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ដែលពេលនោះ សំបុត្រលក់ដាច់ខ្លាំង ព្រោះមានប្រុសៗអាណិកជនខ្មែរ ជាច្រើន នៅទីនោះ ចង់ទស្សនារូបសម្រស់នាង ដោយផ្ទាល់ រហូតមានអ្នកខ្លះចង់ឃាត់នាងឲ្យបន្ដនៅអាមេរិក ជាអចិន្ត្រៃយ៍ទៀតផង។ ចំណែកការទៅបារាំង លើកនេះ ក៏មិនខុសពីទៅអាមេរិក ដែរ ព្រោះប្រុសៗអាណិកជនខ្មែរ នៅទី នោះ អន្ទះសាខ្លាំង ចង់ឃើញរូបឆោមនាង ហេតុនេះច្បាស់ណាស់ថា ស្រីស្អាតនេះ នឹងពិបាកគេចពីអន្ទាក់ស្នេហ៍បុរសអាណិកជនខ្មែរ នៅទីនោះ។

រ៉េត ស៊ូហ្សាណា បានជ្រកនៅផលិតកម្មបារមី ជាង១ឆ្នាំ ប៉ុន្ដែមិនទាន់ចេញបទចម្រៀងចាប់ដៃគូច្រៀងជាមួយ វណ្ណដា ដូចការចង់បានរបស់ Fan ឡើយ តែនាងបែរជាក្លាយទៅជាដៃគូរបស់លោកយូហៃ ទៅវិញ។ អតីតតារាហង្សមាស រូបនេះ ទោះជាមិនទាន់មានបទចម្រៀងណាផ្ទុះខ្លាំង ប៉ុន្ដែនាងត្រូវបានថៅកែថ្មី ផ្ដល់សិទ្ធិឲ្យនិពន្ធបទចម្រៀង និងធ្វើជាអ្នកដឹកនាំ MV តាមចិត្ត នូវអ្វីដែលខ្លួនស្រលាញ់ ហើយហ្សាណា បានច្រៀងបទខ្លួនឯងនិពន្ធ ជាបន្ដបន្ទាប់មានដូចជា «ភ្លើងស្នេហ៍», «Lost», «Better Off », «ស្រ្ដីសេរី», «Come Back Home» និងបទនាងច្រៀងដៃគូជាមួយលោកយូហៃ «2Am» ។

ហ្សាណា ត្រូវថៅកែបារមី ទុកចិត្ត ព្រោះនាងច្រៀងនិងនិយាយភាសារអង់គ្លេស បានយ៉ាងល្អ ទើបការច្រៀងសម្ដែងរបស់នាងនៅបរទេស មានគេតាមដានច្រើន ។ ប៉ុន្ដែតាំងពីហ្សាណា ដើរចេញពីហង្សមាស នាងមិនសូវចេញមុខតាម Concerts ធំៗក្នុងស្រុក និងត្រូវប៉ាន់ថតស្ពតដូចមុនឡើយ ។

សូមរំលឹកថា រ៉េត ស៊ូហ្សាណា ត្រូវឪពុកម្ដាយតាមនាងស្អិតគ្រប់ជំហាន រយៈពេលជិត១០ឆ្នាំមកនេះ ហើយអំ ឡុងច្រៀងនៅហង្សមាស នាងមិនដែលស្និទ្ធបុរសណា ក្រៅពីសុវត្ថិ មុនីនាគ កូនឧកញ៉ាតារាចម្រៀង ព្រាប សុវត្ថិ ឡើយ ។ ប៉ុន្ដែតាំងពីមកទ្រនំថ្មី ហ្សាណា បង្ហាញការយល់ចិត្តគ្នាទាំងក្នុងនិងក្រៅឆាក ជាមួយលោកយូហៃ ដូចគូស្នេហ៍ ដោយម្ដាយរបស់នាង មិនសូវហួងហែងកូនស្រីដូចមុនឡើយ ។ យ៉ាងណា តារាធ្មេញច្រពើស មានត្រេមុខស្រដៀងកូនកាត់ជប៉ុន រូបនេះ អាចនឹងគ្មានការប្រែប្រួលអាជីពលក្ខណៈទ្រង់ទ្រាយធំទេ ប្រសិនបើនាងនៅតែគ្មានឱកាសច្រៀងសម្ដែងជាមួយតារារ៉េប ម៉ាន់ វណ្ណដា តាមការចង់ឃើញរបស់ទស្សនិកជន ព្រោះហ្សាណា នឹងក្លាយជាតួឯករបស់បារមី នៅពេលដែលមានជំនួយពីវណ្ណដា បន្ថែមពីលើយូហៃ ។ ចំណែកបុរសបារាំង ដែលរង់ចាំគយគន់រូបឆោមហ្សាណា នៅដើមខែធ្នូ នោះ ពួកគេប្រហែលជាអាចពិបាករាយអន្ទាក់ស្នេហ៍ ប្រសិនបើនាងយកម្ដាយទៅតាម ដូចនៅឆាកតន្រ្ដីក្នុងស្រុក ។          

ក្រៅពី រ៉េត ស៊ូហ្សាណា អតីតតារាស្រីហង្សមាស ដែលនៅតែមានហាងឆេង ក្រោយចេញពីទ្រនំធំនេះ មានដូចជា ពេជ្រ សោភា, សុគន្ធ និសា, ពេជ្រ សូលីកា, ទេព បូព្រឹក្ស និងប៉ាច គីមមួយ ជាដើម ។ សម្រាប់ហ្សាណា ទោះជាក្រោយប្ដូរទ្រនំ មិនសូវលេចធ្លោដូចមុន  ប៉ុន្ដែពេលនេះ នាងបានច្រៀងសម្ដែងតាមអ្វីដែលខ្លួនឯងចង់ ព្រោះថៅកែ ផ្ដល់សិទ្ធិឲ្យនាង១០០% ដែលផ្ទុយពីអំឡុងនៅហង្សមាស នាងគ្រាន់តែជាតារាធម្មតា ធ្វើការទៅតាមអ្នកគ្រប់គ្រង និង Director បញ្ជាប៉ុណ្ណោះ ៕

RELATED ARTICLES