ភ្នំពេញ ៖ តារាចម្រៀង ពៅ បញ្ញាពេជ្រ ដែលរងគ្រោះត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារ ជាច្រើនគ្រាប់ កាលពីចុងខែកុម្ភៈ ឆ្នាំ២០០៧ ហើយបានធ្លាក់ខ្លួនពិការ អង្គុយតែលើរទេះរុញ ដល់សព្វថ្ងៃ នាងប្រកបរបរលក់ផលិតផលតាមអនឡាញ ប៉ុន្តែនាងនៅតែអាចច្រៀងបានពីរោះ ដោយថ្មីៗនេះ នាងបានបង្ហាញមុខក្នុងពិធីមង្គលការមួយ ហើយនាងក៏បានបង្ហើរសំនៀង ក្នុងពិធីនោះ ដែលភ្ញៀវទាំងឡាយលាន់មាត់ថា សំឡេងនាងនៅតែពីរោះ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ តារាចម្រៀងរងគ្រោះពីការបាញ់ប្រហារ ធ្លាក់ខ្លួនពិការ ពៅ បញ្ញាពេជ្រ បានទៅចូលរួមពិធីមង្គលការមួយ នៅជិតផ្សារទំនើប អ៊ីអន ៣ (អ៊ីអន ម៉ល មានជ័យ) ហើយនាងបានឡើងច្រៀងជូនភ្ញៀវក្នុងពិធីមង្គលការនោះ បានស្តាប់កម្សាន្តផងដែរ ដែលភ្ញៀវទាំងឡាយ បានទះដៃសរ សើរថា សំឡេងនាង នៅតែពីរោះ តែទន្ទឹមនឹងនេះ មហាជនបានសម្តែងក្តីអាណិតអាសូរចំពោះតារាចម្រៀងរូបនេះ ដែលរងគ្រោះ ធ្លាក់ខ្លួនពិការ មិនអាចដើរបាន អង្គុយតែលើរទះរុញ ដោយសារការបាញ់ប្រហាររបស់ខ្មាន់កាំភ្លើងចិត្តឫស្យា ។

ពៅ បញ្ញាពេជ្រ ត្រូវបានខ្មាន់កាំភ្លើងមិនស្គាល់មុខ បាញ់ប្រហារនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០០៧ វេលាម៉ោង ៦និង២០នាទីព្រឹក នៅមុខក្រសួងឧស្សាហកម្ម រ៉ែនិងថាមពល បណ្តាលឱ្យរងរបួសធ្ងន់ ស្ទើរស្លាប់ស្ទើររស់។ ពៅ បញ្ញាពេជ្រ បានរងរបួសជាច្រើនគ្រាប់ ដោយក្នុងនោះ ១គ្រាប់ ត្រូវពោះ និងមួយគ្រាប់ទៀត ចំបំពង់ក។ នាងត្រូវបានបញ្ជូនទៅព្យាបាលនៅក្រៅប្រទេស អស់រយៈពេលជាច្រើនឆ្នាំ ជីវិតនាងត្រូវបានសង្គ្រោះ ប៉ុន្តែកាយ នាងត្រូវមានពិការភាព មិនអាចដើរបាន រហូតដល់សព្វថ្ងៃ។

បច្ចុប្បន្ន បញ្ញាពេជ្រ ប្រកបរបរជាអ្នកលក់អីឥវ៉ាន់អនឡាញ ហើយដោយការអាណិតស្រឡាញ់ មហាជនជាច្រើន បានជួយកុម្មង់ទិញទំនិញរបស់នាង។
ដោយនៅតែមិនអាចដើរបាន អង្គុយតែលើរទេះរុញ មកដល់ពេលនេះ តារាចម្រៀងល្បីរូបនេះ តែបង្ហោះសារតាមបណ្តាញសង្គម ពីទុក្ខសោករបស់នាង ។

ជាក់ស្តែង កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នាងបានបង្ហោះរូបភាពអង្គុយលើរទេះរុញ ជាមួយសំណេរថា «តើមានមនុស្សប៉ុន្មាននាក់? ដែលអាចយល់ពីទុក្ខលំបាកខ្ញុំសព្វថ្ងៃ?»។

គួររំលឹកថា ពៅ បញ្ញាពេជ្រ គឺជាអតីតតារាចម្រៀងរបស់ផលិតកម្មរស្មីហង្សមាស ពីឆ្នាំ២០០០ រហូតដល់ឆ្នាំ២០០៧ ជាតារាចម្រៀងរួមជំនាន់ជាមួយ គីម លក្ខិណា ណុប បាយ៉ារិទ្ធ ជាដើម។ ក្រៅពីអាជីពសិល្បៈ តារាចម្រៀងសំឡេងស្រួយរូបនេះ ក៏បានបញ្ចប់ការសិក្សាលើមុខវិជ្ជាចំនួនពីរ គឺបរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុនិងធនាគារ និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពាណិជ្ជកម្មនិងសណ្ឋាគារ។ ជាអកុសល នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០០៧ តារាចម្រៀងរូបនេះ បានទទួលរងការបាញ់ប្រហារដោយខ្មាញ់កាំភ្លើងមិនស្គាល់មុខ បណ្តាលឥ្យរបួសធ្ងន់ រហូតដល់ធ្លាក់ខ្លួនពិការ ។ បើគិតមកទល់ពេលនេះ អស់រយៈពេល ១៨ឆ្នាំ មកហើយ ដែល ពៅ បញ្ញាពេជ្រ បានប្រើជីវិតនៅលើរទេះរុញ ដោយចិត្តតស៊ូនិងអំណត់។

ក្រៅពីអាជីពលក់ផលិតផលតាមអនឡាញ កញ្ញា ពៅ បញ្ញាពេជ្រ តែងឆ្លៀតចូលរួមធ្វើបុណ្យ ដាក់ទាន ប្រាថ្នាជាតិខាងមុខ កុំឲ្យអភ័ព្វដូចជាតិនេះ ហើយម្តងម្កាល នាងបានបង្ហោះសំនៀងតាមកម្មវិធីនានា រួមទាំងពិធីមង្គលការ និងតាមទំព័របណ្តាញញសង្គម ដោយនៅតែទទួលបានការស្រឡាញ់ គាំទ្រ ពីមជ្ឈដ្ឋានមហាជនដដែល ហើយនៅពេលនាងមានវត្តមាននៅទីសាធារណៈណាមួយ គឺតែឃើញមហាជន ទាំងចាស់ក្មេងប្រុសស្រី ជាច្រើននាក់ បានចូលមកស្វាគមន៍ សាកសួរសុខទុក្ខ សុំថតរូបជាមួយ និងផ្ដល់ជាកម្លាំងចិត្តដល់តារាចម្រៀងអភ័ព្វរូបនេះ៕ ខៀវទុំ




