ភ្នំពេញ ៖ ផ្លូវ ១ខ្សែ កំពុងត្រូវបានក្រុមជាងស្ថាបនា ចាក់បេតុង មិនទាន់ស្ងួតផង បានដាក់បារ៉ាស់ នៅដើមផ្លូវ ទៀត តែបែរជាមានរថយន្តតូចធំ ចំនួន២គ្រឿង បានបើកចូលការដ្ឋាន ឆ្លងកាត់ផ្លូវបេតុង ទើបនឹងចាក់ បណ្តាលឱ្យរងការខូចខាត ហើយបើកគេចខ្លួនបាត់។
ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅត្រង់ចំណុចការដ្ឋានស្ថាបនាផ្លូវបេតុង មួយកន្លែង ស្ថិតក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានពីក្រុមជាងស្ថាបនាផ្លូវបេតុង បានរៀបរាប់ប្រាប់ថា ការស្ថាបនាផ្លូវបេតុងខាងលើ ជាគម្រោងអភិវឌ្ឍន៍របស់សាលារាជធានីភ្នំពេញ។ មុនពេលកើតហេតុ ខណៈពួកគាត់ជាជាង កំពុងចាក់ផ្លូវបេតុង ដោយបានដាក់បារ៉ាស់សម្គាល់នៅខាងមុខផងដែរ ស្រាប់តែមានរថយន្តធុនធំ មួយគ្រឿង បើកឆ្លងកាត់ ទោះពួកគាត់ខំឃាត់យ៉ាងណាក៏រថយន្តខាងលើមិនបានឈប់ទេ ព្យាយាមបើកគេចបាត់ បណ្តាលឱ្យខូចខាតផ្លូវ។ មួយសន្ទុះក្រោយមក ស្រាប់តែមានរថយន្តព្រូស ១គ្រឿងទៀត ពាក់ស្លាកលេខ ភ្នំពេញ 2Z-9570 បើកបរដោយបុរសម្នាក់ ធ្វើដំណើរពីទិសដៅពីជើង ទៅត្បូង ចូលបន្តទៀត បណ្តាលឱ្យខូចខាតផ្លូវបេតុងបន្ថែមទៀត។
ក្រោយកើតហេតុ ពលរដ្ឋក៏ដូចជាជាងដែលកំពុងស្ថាបនាផ្លូវខាងលើ បានឱ្យរថយន្តព្រូស ថយក្រោយ ហើយចេញទៅវិញ។ ដោយឡែក រថយន្តធុនធំ បានបើកគេចបាត់តាំងពីកើតហេតុភ្លាមៗ សង្ឃឹមថាអាជ្ញាធរមានសមត្ថកិច្ច នឹងស្រាវជ្រាវរករថយន្តបង្កហេតុ មកដោះស្រាយ៕