ខេត្តស្វាយរៀង ៖ បន្ទាប់ពីស្ត្រីម្នាក់ ជាប្រជាពលរដ្ឋ រស់នៅស្រុកស្វាយទាប ខេត្តស្វាយរៀង បានទម្លាយវីដេអូ រឿងបាត់ម៉ូតូ ទៅប្តឹងមេប៉ុស្តិ៍ព្រៃតាអី ឲ្យជួយអន្តរាគមន៍ បែរជាចំពេលលោកមេប៉ុស្តិ៍ស្រវឹងស្រា និយាយត្រប៉ែ ប្រើសម្តីមិនសមរម្យ លុះត្រឡប់មកផ្ទះវិញបានបន្តិច លោកមេប៉ុស្តិ៍ រាងស្វាងបន្តិច ដឹងខ្លួនខុស ក៏ប្រញាប់មកសុំទោសស្រីរូបនោះដល់ផ្ទះ ដោយសារភាពថា មកពីខ្លួនស្រវឹងស្រា មកនោះ លោកស្នងការនគរបាលខេត្តស្វា យរៀង បានសម្រេចដកបញ្ឈរជើងមេប៉ុស្ដិ៍ស្រវឹងត្រប៉ែ រូបនេះ ដែលជាការដាក់វិន័យលើមន្ត្រីដែលប្រព្រឹត្តមិន សមរម្យចំពោះប្រជាពលរដ្ឋ ។

នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកតាអី ដែលត្រូវបានដកបញ្ឈរជើងនោះ ឈ្មោះ សុខ សំណាង ឋានន្តរស័ក្តិអនុសេនីយ៍ឯក ។
សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ មានស្ត្រីម្នាក់ ជាប្រជាពលរដ្ឋ រស់នៅស្រុកស្វាយទាប ខេត្តស្វាយរៀង បានទម្លាយវីដេអូ រឿងនាងនិងប្តី បាត់ម៉ូតូ បានទៅប្តឹងលោកមេប៉ុស្តិ៍ព្រៃតាអី ឲ្យជួយអន្តរា គមន៍ បែរជាលោកមេប៉ុស្តិ៍ ប្រើសម្តីមិនសមរម្យ សម្លុតគំហកមកលើរូបនាងទៅវិញ។ លុះពេលនាងនិងប្តី ត្រ ឡប់មកផ្ទះវិញបានបន្តិច ក៏ឃើញលោកមេប៉ុស្តិ៍ ដឹងខ្លួនខុស ប្រញាប់មកស។ទោសនាងនិងប្តី ដល់ផ្ទះ ដោយសារភាពថា មកពីខ្លួនគាត់ស្រវឹងស្រា ទើបនិយាយមិនសមរម្យ។
ស្ត្រីរូបនោះ បានបង្ហោះវីដេអូ ក្នុងគណនីហ្វេសប៊ុក របស់ខ្លួន ឈ្មោះ “Maii” នៅល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ជាមួយសំណេរថា “មើលឲ្យហើយ មេប៉ុស្តិ៍ព្រៃតាអី ខ្ញុំបាត់ម៉ូតូ ខំទៅជម្រាបឲ្យដឹង តែសម្ដីសួរមកដូច… សម្លុតពួកខ្ញុំដូចជនល្មើស”។
នៅព្រលប់ថ្ងៃដដែល ស្រ្តីខាងលើ បានបង្ហោះវីដេអូ ១ឃ្លីបទៀត ជាមួយសំណេរបន្ថែមថា “មេប៉ូស្តិ៍ គាត់មកសុំទោសខ្ញុំនិងប្ដីខ្ញុំ ដល់ផ្ទះ គាត់ទទួលស្គាល់ថា គាត់ខុស គាត់ស្រវឹង សុំឲ្យខ្ញុំលុបវីដេអូចោល តើគួរលុបឬអត់បងប្អូន? (ថតអត់បានបើកផ្លាស់កាមេរ៉ា ទើបងងឹត)”។

ជុំវិញករណីខាងលើនេះ លោកអនុសេនីយ៍ឯក សុខ សំណាង នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកតាអី ដែលប្រើប្រាស់ពាក្យសម្ដីមិនសមរម្យលើប្រជាពលរដ្ឋដែលមកប្តឹងរឿងបាត់ម៉ូតូ កាលពីល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នោះ ត្រូវបានលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង សម្រេចឲ្យដកបញ្ឈរជើង ជាបណ្ដោះអាសន្ន នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ហើយតម្រូវឱ្យឲ្យទៅបង្ហាញមុខនៅផែនធនធានមនុស្ស នៃស្នងការដ្ឋាននគរបាលខេត្ត ជារៀងរាល់ថ្ងៃ។
ថ្លែងប្រាប់សារព័ត៌មាន នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ បានបញ្ជាក់ថា ករណីលោកអនុសេនីយ៍ឯក សុខ សំណាង នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកតាអី ដែលប្រើប្រាស់ពាក្យសម្ដីមិនសមរម្យលើប្រជាពលរដ្ឋនោះ លោកបានបញ្ជាឲ្យដកបញ្ឈរជើង ហើយកំណត់ឲ្យទៅបង្ហាញមុខនៅផែនធនធានមនុស្ស នៃស្នងការដ្ឋាននគរបាលខេត្ត។
ពាក់ព័ន្ធករណីខាងលើនេះ មហាជនបានសម្តែងការគាំទ្រចំពោះការដាក់វិន័យលើមន្ត្រីដែលមិនស្គាល់តួនាទីរបស់ខ្លួន ដូចលោកមេប៉ុស្តិ៍ព្រៃតាអី ខាងលើនេះ ។
ដោយឡែក លោក ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាទីប្រឹក្សាផ្ទាល់នាយករដ្ឋមន្ត្រី បានលើក ឡើងថា ដោយសារតែទឹកប្តូរនិស្ស័យ (គ្រឿងស្រវឹង) បានធ្វើឲ្យមន្ត្រីនគរបាលមូលដ្ឋានម្នាក់ បាត់បង់ស្មារតី លែងស្គាល់តួនាទីខ្លួនឯងជាអ្នកបម្រើប្រជាជន ល្បីពេញបណ្តាញសង្គម ។ នេះជាមេរៀនមួយ ជួយដាស់ អារម្មណ៍មន្ត្រីដទៃទៀត ឲ្យមានការប្រយ័ត្នប្រយែងរឿងផឹកស៊ីក្នុងម៉ោងការងារ។

លោក ជុំ កុសល បានសរសេរក្នុងគណនីហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា «ដោយ សារតែទឹកប្តូរនិស្ស័យ (គ្រឿងស្រវឹង) បានប្តូរមន្ត្រីនគរបាលមូលដ្ឋានម្នាក់ នៅខេត្តស្វាយរៀង ឲ្យបាត់បង់ស្មារតី លែងស្គាល់តួនាទីខ្លួនឯងជាអ្នកបម្រើប្រជាជន ល្បីពេញបណ្តាញសង្គម ។ នេះជាមេរៀនដ៏ល្អមួយ ជួយដាស់អារម្មណ៍មន្ត្រីដទៃទៀត ឲ្យមានការប្រយ័ត្នប្រយែងរឿងផឹកស៊ីក្នុងម៉ោងការងារ ។ ត្រូវដឹងថា ក្នុងសម័យ នេះ ប្រជាជនមានទូរស័ព្ទស្មាតហ្វូន គ្រប់គ្នា បើមានអ្វីខុសប្រក្រតី ចេញពីមន្ត្រី រូបភាពត្រូវបានផ្សព្វ ផ្សាយលើបណ្តាញសង្គមភ្លាម ។ ដូច្នេះមន្ត្រី បើភ្លេចខ្លួនរឿងហ្នឹង ប្រាកដជាបានល្បីជាមិនខាន ។ ល្បី មានពីរយ៉ាងគឺ ៖ ១- ល្បីរឿងល្អ ២- ល្បីរឿងអាក្រក់ ។ បើចង់បានល្បីរឿងល្អ សូមធ្វើតែអំពើល្អ បំពេញតួនាទីខ្លួនឲ្យបានល្អ បម្រើប្រជាជន ប្រាកដជាប្រជាជនផ្សព្វផ្សាយពីអំពើល្អរបស់ខ្លួនហើយ តែបើរឿងអាក្រក់ ក៏ល្បីលឿនដែរ ។សង្ឃឹមថា មន្ត្រីរូបនេះ នឹងទទួលបានចំណាត់ការណាមួយពីថ្នាក់លើរបស់ខ្លួន ទៅតាមកំហុសដែលបានប្រព្រឹត្ត»៕