ភ្នំពេញ ៖ តារាចម្រៀង ថុល សុភិទិ របស់ផលិតកម្ម Gen Musix រកបានដៃគូថ្មីហើយ តែមិនមែន SK ទេ គឺ អាយរីស (Iris) តាមរយៈការច្រៀង Cover រួមគ្នា បទ «នៅស្រលាញ់គ្នាទេ?» ។ នេះជាដៃគូទី២ របស់សុភិទិ ព្រោះកាលពីដើមឆ្នាំ២០២៥ លោកធ្លាប់ច្រៀងឆ្លងឆ្លើយជាមួយតារាចម្រៀង កែវ សុភា បទ «Stay» ។ ប៉ុន្ដែអ្វីដេលជាចម្ងល់នោះ អ្នកគ្រប់គ្រងផលិតកម្មGen Musix ដែលជាសាខារបស់ហង្សមាស មិនទាន់តម្រូវឲ្យភិទិ ច្រៀងដៃគូជាមួយសង្សារលោកStep គឺស្រីស្អាត Sk ដែលបញ្ហានេះ នាំឲ្យតារាលេងម៉ូដសាក់រូបនេះ នៅតែមិនទាន់រកបានអ្នកឆ្លងឆ្លើយជាក់លាក់ឡើយ ។

កញ្ញាអាយរីស (Iris) និងលោកថុល សុភិទិ
គួរបញ្ជាក់ថា អំឡុងថុល សុភិទិ ចាប់ផ្ដើមចេញចម្រៀងជាមួយដៃគូឆ្លងឆ្លើយថ្មីនេះ គេឃើញអនាគតភរិយាលោក អ្នកលក់ Online សាច់សខ្ចី ឡុង ម៉ានីន បានកុម្មង់ទិញរថយន្ដទំនើប ម៉ាកឡាំបូគីនី (Lamborghini Aventador Svj Roadster Limited Edition) ដែលធ្វើឲ្យលោករំភើបចិត្តក្រៃលែង និងថា ចង់តែប៉ះហើយនឹងបានជិះឆាប់ៗនេះហើយ ។ នេះជាការលេងមួយក្បាច់ទៀត របស់គូស្នេហ៍ភិទិ ព្រោះមុននេះ ម៉ានីន បានទិញរថយន្ដឡាំបូគីនី (Lamborghini) និងរ៉ុលស៍ រ៉យស៍ (Rolls Royce) ឲ្យលោកជិះ យ៉ាងហ៊ឺហារួចទៅហើយ ។ អ្នកខ្លះថា សុភិទិ មានសំណាងដែលត្រូវម្ចាស់ចិត្តផ្គាប់ចិត្តផងគ្រប់យ៉ាង ប៉ុន្ដែមួយចំនួនទៀតបែរជាថានេះ ជាយុទ្ធសាស្រ្ដរកស៊ី Online របស់គូស្នេហ៍ភិទិ ហើយនាងចង់ចងជើងតារាចម្រៀងរូបនេះទៅវិញ ។



មានការកត់សម្គាល់ថា ថុល សុភិទិ ក្រោយថៅកែហង្សមាស រុញឲ្យទៅច្រៀងនៅGen Musix លោកមិនសូវមានបទចម្រៀងលេចធ្លោទេ ប៉ុន្ដែបែរជាត្រូវគេចាប់អារម្មណ៍រឿងស្នេហាតារាលេងម៉ូដសាក់រូបនេះ ជាមួយអ្នកមេម៉ាយកូន១ សាច់សខ្ចី ឡុង ម៉ានីន ទៅវិញ ព្រោះថាជីវិតពួកគេ ហ៊ឺហាដល់កំពូល តាមរយៈការលេងម៉ូដរថយន្ដថ្លៃៗ តែក៏ត្រូវបានគេសរសើររឿងអ្នកទាំងពីរបានធ្វើសប្បុរសធម៌ជាបន្ដបន្ទាប់ផងដែរ ។ កាលពីចុងខែ មិថុនា ឆ្នាំ២០២៥ នៅថ្ងៃខួបកំណើតគូស្នេហ៍ គម្រប់២៧ឆ្នាំ សុភិទិ បានលុតជង្គង់បំពាក់ចិញ្ចៀនពេជ្រ ១វង់ សុំនាងរៀបការ តែមកដល់ពេលនេះ មិនទាន់មានដំណឹងពួកគេកំណត់ថ្ងៃរៀបការជាក់លាក់ឡើយ ។

គេសង្កេតឃើញថា ក្រៅពីថុល សុភិទិ តារាដែលយកប្រពន្ធជាអ្នកលក់ Online កាន់តែច្រើន នារយៈពេលចុងក្រោយនេះ ព្រោះអាជីពសិល្បៈ មិនទៀងទាត់ឡើយ ក្នុងនោះមានដូចជាលោក នី រតនា, Vj រតនា, គ្រី ថៃពៅ, សំ សុវណ្ណារ៉ាក់, នាង ដាវីន និងជុំ លីណូ ជាដើម ។ ចំពោះកូនមន្រ្ដីធំផ្កាយ២ សុភិទិ លោកមានជំនាញលក់ Online តាំងពីមុនជួបស្នេហ៍ម៉ានីន ហេតុនេះពេលពួកគេចាប់ដៃគ្នាងាយចុះសម្រុង ទាំងការរកស៊ី និងស្នេហា ។ ប៉ុន្ដែភិទិ មិនសូវមានបទលេចធ្លោទេ ចុងក្រោយនេះ ព្រោះបទចម្រៀង ចេញមិនដិតដល់ទីផ្សារ ពិសេសក្រោយពេលចេញពីហង្សមាស ចូល Gen Musix ធ្វើឲ្យរូបគេរឹតតែពិបាកវាយលុកទីផ្សារចម្រៀង។ ប៉ុន្តែអតីតបេក្ខភាព Cambodian Idol រដូវកាលទី៤ រូបនេះ បែរជាឡើងកូដរឿងត្រូវស្រីស្នេហ៍ទិញឡានទំនើបៗឲ្យជិះ មិនចាញ់សេដ្ឋីឡើយ ៕




