Monday, November 24, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាប់ជំរិតចិន ទារលុយ៥ម៉ឺនដុល្លារ ប៉េអឹមក្លែងក្លាយ ជាប់ខ្នោះ៨នាក់

ចាប់ជំរិតចិន ទារលុយ៥ម៉ឺនដុល្លារ ប៉េអឹមក្លែងក្លាយ ជាប់ខ្នោះ៨នាក់

ភ្នំពេញ ៖ ជនសង្ស័យ ចំនួន៨នាក់ ដែលក្លែងបន្លំជាសមត្ថកិច្ច ស្លៀកពាក់ឯកសណ្ឋានកងរាជអាវុធហត្ថ (ប៉េអឹម) និងតែងធ្វើសកម្មភាពចាប់ជំរិតទារប្រាក់ពីជនបរទេស នៅពេលយប់ ក្នុងរាជធានីភ្នំពេញ លើកចុងក្រោយបានធ្វើសកម្មចាប់ជំរិតជនជាតិចិន ម្នាក់ ទារប្រាក់ ជាង៥ម៉ឺនដុល្លារ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ហាញមុខជាសាធារណៈ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥។

ជនសង្ស័យ ទាំង៨នាក់ រួមមាន ទី១-ឈ្មោះហ៊ុំ សុផុន អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ។ ទី២-ឈ្មោះខឿន រុន អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ស្រុកស្នួល ខេត្តក្រចេះ។ ទី៣-ឈ្មោះណុន ស៊ីតុន អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ទី៤-ឈ្មោះហ៊ុំ វិរៈ ហៅវុទ្ធ អាយុ២៤ឆ្នាំ មុខរបរបើកបររថយន្ត ឱ្យចិន មានលំនៅ ភូមិដំរីឡេង ឃុំទទុង ស្រុកដងទង់ ខេត្តកំពត។ ទី៥-ឈ្មោះហ៊ុំ សុភ័ក្ត្រ ហៅយ៉ត អាយុ៣៥ឆ្នាំ មុខរបរបើកបររថយន្តឱ្យចិន ស្នាក់នៅខុនដូ រ៉េស៊ីដង់ ផ្លូវ៤៣២ ក្រុម១ ភូមិសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។ ទី៦-ឈ្មោះជា សុខលី អាយុ២៥ឆ្នាំ មុខរបរបើកបរ រថយន្តឱ្យចិន មានលំនៅ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ទី៧-ឈ្មោះមុន វិចិត្រចិន្តា ហៅចិន្តា អា យុ២៩ឆ្នាំ មុខរបរបើកបររថយន្តឱ្យចិន ស្នាក់នៅបុរីហ្គ្រេនភ្នំពេញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ និងទី៨-ឈ្មោះឡែម លាភ អាយុ៣៤ឆ្នាំ មុខរបរបុគ្គលិកលក់ដីឡូត៍ មានលំនៅ ផ្ទះលេខបេ៥៦២៧ ផ្លូវលេខ៦ បុរីឈូកមាស ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ៣និង២០នាទីទៀបភ្លឺ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ មានករណីចាប់បង្ខាំងមនុស្សខុសច្បាប់ ជំរិតទារប្រាក់ ចំនួន ៥២ ០០០ដុល្លារ លើបុរសជនជាតិចិន ស្ថិតនៅចំណុចផ្លូវ៣៥២ ភូមិ៨ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង។

ជនរងគ្រោះ ឈ្មោះ LONG JUN ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកក្រុមហ៊ុន មានលំនៅបច្ចុប្បន្ន ខុនដូ Le Condo បន្ទប់១០០១ ជានទី១០ ផ្លូវ៥៧ កែង៣៥២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង។

តាមនគរបាល បានឲ្យដឹងទៀតថា ដោយមានការដឹកនាំបញ្ជាដោយលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គ ស្នងការនគរបាលជាតិ និងអនុវត្តតាមបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយអធិការ ដ្ឋាននគរបាលទាំង១៤ខណ្ឌ និងស្នងការដ្ឋាននគរបាលខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត សៀមរាប និងខេត្តព្រះសីហនុ បានធ្វើការស្រាវជ្រាវ ឈានដល់ឃាត់ខ្លួនបានជនសង្ស័យ ជាបន្តបន្ទាប់ ចំនួន៨នាក់ខាងលើ។

នៅក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចជំនាញដកហូតបានរថយន្ត ចំនួន២គ្រឿង (១-ម៉ាកតូយ៉ូតា ព្រូស ពណ៌ស ពាក់ស្លាកលេខ កំពត 2B-8818 និងម៉ាកតូយ៉ូតា ព្រូស ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2BQ-8101) កាំភ្លើង ៤ដើម គ្រាប់ ចំនួន៣៨គ្រាប់ ខ្នោះដៃ ចំនួន៧ ទូរស័ព្ទ ចំនួន៦គ្រឿង សម្លៀកបំពាក់កងរាជអាវុធហត្ថ ចំនួន៤កំប្លេ កាតកងរាជអាវុធហត្ថ ចំនួន២សន្លឹក (COPY) កាបូបស្ពាយ ចំនួន១។

នៅចំពោះមុខសមត្ថកិច្ច ក្រុមជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានប្រព្រឹត្តសកម្មភាពខាងលើមែន ដោយធ្លាប់បានធ្វើសកម្មភាព ចំនួន៦ករណី មកហើយ។

បន្ទាប់ពីបង្ហាញមុខ ជនសង្ស័យទាំង៨នាក់ខាងលើ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កសាងសំណុំរឿង ដើម្បីបន្តនីតិវិធី៕

RELATED ARTICLES