Tuesday, November 25, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកូនដុតផ្ទះម៉ែ ឆេះ១១ខ្នង ស្លាប់មីងពូ

កូនដុតផ្ទះម៉ែ ឆេះ១១ខ្នង ស្លាប់មីងពូ

ភ្នំពេញ ៖ យុវជនឈាមរាវម្នាក់ បានកើតមានទំនាស់ពាក្យសម្តីជាមួយម្តាយ ស្រាប់តែធ្វើសកម្មភាពដុតផ្ទះម្តាយខ្លួនឯងចោល បណ្តាលឱ្យឆេះរាលដាលដល់ផ្ទះមីងពូ និងផ្ទះអ្នកជិតខាង អស់ចំនួន១១ខ្នង បណ្តាលឱ្យម្តាយមីង ស្លាប់ក្នុងភ្នក់ភ្លើង ចំណែកឪពុកមា (ពូ) ត្រូវភ្លើងឆេះរលាករលួយពេញខ្លួន រងរបួសធ្ងន់ និងបានស្លាប់នៅ ក្នុងមន្ទីរពេទ្យ ។ ចំណែកជនដៃដល់ ព្យាយាមរត់គេចខ្លួន បាន១យប់ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ស្រាវ ជ្រាវចាប់ខ្លួនបាន នាំយកមកចាត់ការតាមច្បាប់។

ករណីកូនប្រុសចិត្តភ្លើង ដុតផ្ទះម្តាយចោល ធ្វើឱ្យរាលឆេះផ្ទះ ១១ខ្នង និងបណ្តាលឱ្យម្តាយមីងនិងឪពុកមាស្លាប់នេះ បានកើតឡើង កាលពីវេលាម៉ោង៨និង៥០នាទីយប់ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ។ លុះមកដល់ព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ ទើបកម្លាំងនគរបាលខណ្ឌដង្កោ ដឹកនាំដោយលោកវីរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានធ្វើការស្រាវជ្រាវតាមឃាត់ខ្លួនជនដៃដល់បាន នៅចំណុចភូមិទួលចាន់ ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល។

ជនកំណាចដែលដុតផ្ទះម្តាយខ្លួនឯងចោលនោះ មានឈ្មោះសៅ ចិត ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ។ ចំណែកស្ត្រីរងគ្រោះដែលបានស្លាប់ក្នុងភ្នក់ភ្លើង មានឈ្មោះព្រំ ធឿន អាយុ៥៣ឆ្នាំ មុខរបរកម្មករលាងចាន (ត្រូវជាម្តាយមីងជនដៃដល់)។ រីឯបុរសប្តី មានឈ្មោះកាន់ គិន ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបររកត្រីលក់ (ត្រូវជាឪពុកមាជនដៃដល់) រងរបួសធ្ងន់ ត្រូវភ្លើងឆេះរលាករលួយពេញខ្លួន និងបានស្លាប់នៅមន្ទីរពេទ្យព្រះកុសុមៈ ហៅពេទ្យលោកសង្ឃ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញជនបង្កហេតុ ឈ្មោះសៅ ចិត បានកើតមានទំនាស់ពាក្យសម្តីជាមួយម្តាយ លុះក្រោយមក កូនប្រុសនេះ ដែលជាមនុស្សញៀនថ្នាំ បានខឹងសម្បា រហូតធ្វើសកម្មភាពដុតផ្ទះម្តាយចោល បង្កឱ្យកើតមានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ និងរាលឆេះដល់ផ្ទះអ្នកជិតខាង អស់សរុបចំនួន១១ខ្នង និងបណ្តាលឱ្យស្ត្រីជាម្តាយមីង ត្រូវឆេះស្លាប់នៅក្នុងភ្លក់ភ្លើង ហើយឪពុកមាដែលព្យាយាមចូលជួយប្រពន្ធ ត្រូវភ្លើងឆេះរលាករលួយពេញខ្លួន រងរបួសយ៉ាងធ្ងន់ និងត្រូវបាន ដឹកបញ្ជូនតាមរថយន្តបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ ភ្លាមៗ តែក្រោយមក បានស្លាប់នៅក្នុងមន្ទីរពេទ្យ។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា អគ្គិភ័យនេះកើតឡើង បណ្តាលមកពីឈ្មោះសៅ ចិត បានដុតផ្ទះម្តាយ បណ្តាលឱ្យឆេះរាលដាលទៅផ្ទះអ្នកក្បែរខាង អស់ចំនួន១១ខ្នង ស្មើនឹង១៧គ្រួសារ និងមនុស្ស ៥៩នាក់ ស្រី៣០នាក់ អត់ទីជម្រក ព្រមទាំងបណ្តាលឱ្យស្លាប់ ២នាក់ ។ បន្ទាប់ពីដុតផ្ទះ បណ្តាលឱ្យឆាបឆេះយ៉ាងសន្ធោ សន្ធៅ ជនបង្កហេតុ បានគេចខ្លួនទៅស្រុកកំណើត ភូមិទួលចាន់ ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល ហើយត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌដង្កោ តាមឃាត់ខ្លួនបាន រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីចាត់ការតាមច្បាប់។

ដោយឡែក តាមប្រភពព័ត៌មានពីការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ បានឱ្យដឹងថា នៅក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន៩ គ្រឿង ក្នុងនោះរថយន្តការិយាល័យរាជធានីភ្នំពេញ ចំនួន៨គ្រឿង ប្រើប្រាស់ទឹកអស់ ១៨ឡាន ស្មើនឹង ១០៦ម៉ែត្រគូប និងរថយន្តជំនួយក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២ឡាន ស្មើនឹង ១២ម៉ែត្រគូប។

ចំពោះប្រភេទសំណង់រងគ្រោះ គឺជាប្រភេទផ្ទះឈើ ប្រក់ស័ង្កសី ទំហំ ៣ម៉ែត្រ គុណនឹង ៦ម៉ែត្រ និងឆេះផ្ទះឈើ និងបានបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាង អស់ចំនួន១០ខ្នង រួមសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ អស់ទាំង ស្រុង។ ករណីអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ គ្រប់គ្រងបានទាំងស្រុង នៅម៉ោង ១១និង៣០នាទីយប់ ថ្ងៃដដែល។

ហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃើញថា បណ្តាលមកពីកូនប្រុសឈ្លោះជាមួយម្តាយ រួចដុតផ្ទះចោល បង្កជាអគ្គិភ័យតែម្តង។ ក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បានបណ្តាលឱ្យមានមនុស្សស្រីម្នាក់ស្លាប់នៅនឹងកន្លែង និងមនុស្សប្រុសម្នាក់ទៀត រងរបួសធ្ងន់ បានស្លាប់នៅមន្ទីរពេទ្យ៕

RELATED ARTICLES