ភ្នំពេញ ៖ បុរសម្នាក់ ជាអ្នកចម្រៀងតាមវង់អកកាដង់ បានអង្គុយផឹកស៊ីនៅក្នុងហាងមួយកន្លែង លុះក្រោយមកកើតមានជម្លោះពាក្យសម្តីគ្នា ឈានដល់ប្រើអំពើហិង្សា ដោយអ្នកចម្រៀងនោះ បានទាញដបស្រា វាយក្បាលគូទំនាស់ បណ្តាលឱ្យរងរបួសធ្ងន់ រហូតធ្លាក់ខ្លួន ពិការ ចំណែកជនសង្ស័យ បានព្យាយាមគេចខ្លួន អស់រយៈពេលជាង២ឆ្នាំ ទើបត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន នាំយកមកចាត់ការតាមច្បាប់។

ករណីអំពើហិង្សានេះ បានកើតឡើង កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចភោជនីយដ្ឋាន D.Lini ផ្លូវកែវចិន្តា ភូមិ៣ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។ រហូតមកដល់រសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ទើបកម្លាំងសមត្ថកិច្ចបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន នៅចំណុចផ្លូវបេតុងលេខ 51BT ភូមិសន្សំកុសល៣ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ។
ជនត្រូវចោទ មានឈ្មោះ នួន រចនា ហៅជីង ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរអ្នកចម្រៀងអកកាដង់ (ធ្លាប់បានដាក់ពាក្យប្រឡងចម្រៀង នៅស្ថានីយទូរទស្សន៍ហង្សមាស តែមិនជាប់)។
តាមប្រភពព័ត៌មានបឋម បានឱ្យដឹងថា កម្លាំងសមត្តកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតសាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនអ្នកចម្រៀងតាមអកកាដង់ម្នាក់ ត្រៀមបញ្ជូនទៅតុលាការ នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ពាក់ព័ន្ធករណីប្រើអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បណ្តាលឱ្យពិការភាពដល់ជនរងគ្រោះ ។
ជនត្រូវចោទដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះនួន រចនា ហៅជីង ភេទប្រុស អាយុ៣៨ឆ្នាំ ជាអ្នកចម្រៀងអកកាដង់ ។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ការចាប់ខ្លួនជនត្រូវចោទខាងលើនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២ ០២៥ នៅចំណុចផ្លូវបេតុងលេខ ៥១BT ភូមិសន្សំកុសល៣ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដែលបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារពិការភាពជនរងគ្រោះ ប្រព្រឹត្តនៅចំណុចភោជនីយដ្ឋាន D.Lini ផ្លូវកែវចិន្តា ភូមិ៣ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣។

យោងតាមអង្គហេតុនៃដំណើររឿងខាងលើ នៅថ្ងៃកើតហេតុ ជនសង្ស័យ មានកម្មវិធីផឹកស៊ីមួយនៅភោជនីយដ្ឋាន D.Lini ហើយក៏មានការប៉ះពារពាក្យសម្តីជាមួយមិត្តរួមតុ បង្កឱ្យកើតមានជម្លោះទាស់ទែងគ្នា រហូតជនសង្ស័យបានយកដបស្រា វាយក្បាលជនរងគ្រោះ។ ករណីខាងលើនេះ ត្រូវបានភាគីដែលអះអាងថាជាជនរងគ្រោះ បានដាក់ពាក្យបណ្តឹង ប្តឹងទៅសមត្ថកិច្ច រហូតដល់តុលាការចេញដីកាបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទ នាពេលនេះ៕