Wednesday, November 26, 2025
Homeព័ត៌មានជាតិប្រធានរដ្ឋសភា ចុះជួបនារីរងគ្រោះ ទាហានថៃ ចាប់រំលោភបូក៧នាក់

ប្រធានរដ្ឋសភា ចុះជួបនារីរងគ្រោះ ទាហានថៃ ចាប់រំលោភបូក៧នាក់

ភ្នំពេញ ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូ អញ្ជើញចុះសួរសុខទុក្ខ ចែកអំណោយដល់ពលការិនីនិងពលរដ្ឋរងគ្រោះ ពីការរំលោភបំពានផ្លូវភេទ និងបាញ់ប្រហារ របស់យោធាថៃ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត កាលពីរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

សម្តេច ឃួន សុដារី អមដំណើរដោយលោកស្រី ឡោក ខេង ប្រធានក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្ត្រី និងជាប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា កាលពីរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ ជូនពលការិនីខ្មែររងគ្រោះពីការរំលោភបំពានផ្លូវភេទ ពីសំណាក់ទាហានឈុតខ្មៅថៃ និងវីរកងទ័ព ពលរដ្ឋស្លូតត្រង់ ដែលរងបាញ់ប្រហារពីសំណាក់ទាហានឈុតខ្មៅថៃ នាពេលកន្លងមក ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។

ដំណើរចុះសួរសុខទុក្ខនិងប្រគល់អំណោយមនុស្សធម៌នេះ គឺជាការយកចិត្តទុក្ខដាក់ដល់ការលំបាករបស់ប្រជា ពលរដ្ឋ ពីថ្នាក់ដឹកនាំរដ្ឋសភា និងសមាជិក សមាជិការដ្ឋសភា ទំាងអស់ ក្រោមពាក្យស្លោកថា “ទីណាមានទុក្ខ មានមុខតំណាងរាស្រ្ត”។ សកម្មភាពនេះ កើតឡើងស្របពេលដែលរាជរដ្ឋាភិបាល ក៏ដូចជាកាកបាទក្រហមកម្ពុជា និងស្ថាប័ននានា បានរួមគ្នាក្នុងការស្មារតីជាតិនិយម យកចិត្តទុកដាក់ខ្ពស់ដល់ប្រជាពលរដ្ឋរងគ្រោះពីការរំលោភបំពាននិងការបាញ់ប្រហារយ៉ាងឃោឃៅរបស់ទាហានថៃ។ ថ្នាក់ដឹកនាំស្ថាប័នជាតិសំខាន់ៗ ទាំងស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ សហជីព និងមហាជនទូទៅ កំពុងបន្តថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអំពើអមនុស្សធម៌នេះ និងទាមទារយុត្តិធម៌ជាដាច់ខាត។

សម្តេចប្រធានរដ្ឋសភា និងគណៈប្រតិភូ បានសម្តែងនូវក្តីបារម្ភនិងសោកស្តាយជាពន់ពេក ហើយបានថ្កោ លទោសយ៉ាងដាច់អហង្ការ ចំពោះអំពើអមនុស្សធម៌ ដែលបានប្រព្រឹត្តិឡើងដោយយោធាថៃ មកលើពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជា និងបានទាមទារយុត្តិធម៌ជូនដល់ជនរងគ្រោះជានិច្ច។ សម្តេចប្រធានរដ្ឋសភា និងគណៈ ប្រតិភូ បានលើកទឹកចិត្តដល់នារីរងគ្រោះ ក៏ដូចជាពលរដ្ឋរងគ្រោះដទៃទៀត ឲ្យមានស្មារតីរឹងមាំ និងខិតខំថែរក្សាសុខភាព ដើម្បីឆាប់ជាសះស្បើយឡើងវិញ និងមានការជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការរស្វែងរកយុត្តិ ធម៌ជូន។

សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណជ្រាលជ្រៅ ជូនក្រុមគ្រូពេទ្យទំាងអស់ ដែលបានយកចិត្តទុកដាក់ ព្យាបាល ថែទំាសុខភាព ដល់បងប្អូនរងគ្រោះទំាងអស់។ ជាពិសេស សម្តេចបានគោរពថ្លែងអំណរគុណសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានយកចិត្តទុក្ខដាក់ចាត់មន្រ្តី ចុះមកជាប់ជាប្រចាំ ក្នុងការផ្តល់ការឧត្ថម្ភគំាទ្រទាំងសម្ភារ ថវិកា និងស្មារតី ដល់ពលរដ្ឋរងគ្រោះទំាងអស់។

សម្តេចប្រធានរដ្ឋសភា និងគណៈប្រតិភូ បាននាំយកអំណោយមនុស្សធម៌ ព្រមទាំងថវិកាមួយចំនួន ជូនដល់ជនរងគ្រោះ ដែលក្នុងនោះ ពលការិនីរងគ្រោះដោយទាហានថៃ រំលោភបំពាន ទទួលបានថវិកា ចំនួន ៧ ០០០ ០០០ (ប្រាំពីរលាន) រៀល រួមនិងផ្លែឈើ ១កន្ត្រក និងភេសជ្ជៈ ១កន្ត្រក។ ចំណែកជនរងគ្រោះដោយការបាញ់ ប្រហារ ទទួលបានថវិកា ចំនួន ៦លានរៀល រួមនិងផ្លែឈើ ១កន្ត្រក និងពលទាហានដែលរងរបួស ទទួលបានថវិកា ចំនួន ៦លានរៀល អ្នកកំដរ ក៏ទទួលបានថវិកា ក្នុងម្នាក់ ៥០ម៉ឺនរៀល សរុបថវិកាដែលចែកជូននៅក្នុងឱកាសនោះ ចំនួន ២០លាន និង៥០ម៉ឺនរៀល។

គួររំលឹកថា នារីខ្មែរម្នាក់ ក្នុងចំណោមពលករប្រុស-ស្រី ជាង១០នាក់ ត្រូវបានក្រុមទាហានឈុតខ្មៅថៃ យ៉ាងតិច ០៧នាក់ ចាប់រំលោភបូក និងវាយដំធ្វើទារុណកម្មយ៉ាងឃោរឃៅ ពេលពួកគេធ្វើដំណើរវិលត្រឡប់ពីប្រទេសថៃ មកកាន់ប្រទេសកំណើតវិញ ហើយត្រូវពួកទាហានសៀម ស្ទាក់ឃាត់តាមផ្លូវ ពេលធ្វើដំណើរតាមរថយន្ត។

 បើតាមសេចក្ដីរាយការណ៍ថា ទង្វើដ៏ឃោរឃៅរបស់ពួកទាហានសៀម ប្រព្រឹត្តមកលើពលករខ្មែរនេះ បានកើតឡើងនៅយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ខណៈដែលក្រុមពលករខ្មែររងគ្រោះ ធ្វើដំណើរវិលត្រឡប់ពីស្រុកថៃ មកជិតដល់ព្រំដែនកម្ពុជា-ថៃ ឈមនឹងស្រុកកំរៀង ខេត្តបាត់ដំបង។ ក្រុមពលករខ្មែររងគ្រោះ មានចំនួន ១៣នាក់ ក្នុងនោះមានស្ត្រី ចំនួន ០៦នាក់ និងក្មេងតូចម្នាក់។

 ប្រភពដដែល បានបន្តថា ក្រុមពលករខ្មែររងគ្រោះ បានឆ្លងអូរព្រំដែន ចូលមកកាន់ប្រទេសកំណើតវិញ នៅម៉ោងប្រហែល ១០យប់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ តាមច្រករបៀងមួយកន្លែង ក្បែរប៉ុស្ដិ៍នគរបាលការពារព្រំដែន ស្វាយចេក ស្ថិតក្នុងភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង។ ពលករខ្មែរ ទាំង១៣នាក់ បានឆ្លងអូរព្រំដែន រួចផុតពីក្រញាំដៃពួកទាហានសៀម ក្រោយពេលពួកទាហានសៀម បានវាយដំ ធ្វើទារុណកម្ម និងចាប់រំលោភនារីខ្មែរម្នាក់ យ៉ាងឃោរឃៅរួចមក។

 នារីខ្មែរដែលត្រូវក្រុមទាហានឈុតខ្មៅសៀម ចំនួន ០៧នាក់ ចាប់រំលោភបូកនោះ ឈ្មោះ  ធ.ស.ហ អាយុ១៨ឆ្នាំ។ ក្រុមពលករខ្មែរទាំងនោះ មិនបានចាំឬស្គាល់ទីតាំងដែលក្រុមទាហានសៀម ចាប់វាយធ្វើបាបនិងរំលោភនោះទេ តែពួកគេនិយាយថា ទង្វើដ៏សាហាវព្រៃផ្សៃរបស់ពួកទាហានសៀម បានកើតឡើងនៅក្នុងទឹកដីសៀម ពេលពួកគេធ្វើដំណើរតាមរថយន្ត មកជិតដល់ព្រំដែនកម្ពុជា-ថៃ។

 តាមការស្រង់សម្ដីក្រុមពលករខ្មែររងគ្រោះ បានរៀបរាប់ពីទង្វើព្រៃផ្សៃរបស់ពួកទាហានសៀមថា ពេលធ្វើដំណើរមកដល់ចំណុចកើតហេតុ ពួកទាហានឈុតខ្មៅសៀម បានកាក់រថយន្តដែលពួកគេជិះ ហើយឲ្យចុះពីរថយន្ត នាំពួកគេទៅសាកសួរ។ ជាមួយនឹងការសាកសួរ ពួកទាហានសៀម បានវាយធ្វើបាបពលករខ្មែរទាំង អស់ ជាពិសេសពលករប្រុសៗ ត្រូវពួកវាវាយធ្វើទារុណកម្មយ៉ាងសាហាវឃោរឃៅ ដោយវាយទាត់ធាក់ និងថែមទាំងអុកនឹងស្វ័យកាំភ្លើងទៀត។

ប្រភពដដែល បានស្រង់សម្ដីពីពលកររងគ្រោះថា ស្របពេលដែលពួកទាហានសៀម កំពុងវាយដំ ធ្វើទារុណ កម្មលើពួកគេ ស្រាប់តែពួកវាបានអូសនារីវ័យក្មេងម្នាក់ (ជនរងគ្រោះខាងលើ) យកទៅចាប់រំលោភយ៉ាងឃោរ ឃៅបំផុត ដែលពួកវាមានគ្នាយ៉ាងតិច ០៧នាក់ បានចាប់រំលោភបូកលើនារីរងគ្រោះ។ ក្រុមពលករ បានបញ្ជាក់ថា ក្រោយពីវាយធ្វើបាបពលករខ្មែរអស់ចិត្ត ពួកទាហានសៀម បានប្លន់លុយពីក្រុមពលករ អស់ប្រមាណ ៦៥០០បាត និង ទូរស័ព្ទ ចំនួន០៤គ្រឿង ទើបពួកគេដោះលែងឲ្យបន្តដំណើរឆ្លងអូរព្រំដែន ទាំងកណ្ដាលយប់ ត្រឡប់ចូលដីខ្មែរវិញ។

 ក្រុមពលករខ្មែរ ទាំង១៣នាក់ខាងលើនេះ ត្រូវបានកម្លាំងនគរបាលការពារព្រំដែន ប្រចាំប៉ុស្ដិ៍ ស្វាយចេក សហការជាមួយកម្លាំងយោធាការពារព្រំដែន នៅតំបន់នោះ ទទូលនិងនាំយកទៅប្រគល់ជូនក្រុមការងារមណ្ឌលទទូលពលករ ប្រចាំស្រុកកំរៀង ក្រោយបញ្ចប់ការសាកសួរបឋមនៅប៉ុស្ដិ៍ព្រំដែន។

មន្ត្រីទទូលបន្ទុកការងារនេះ បានឲ្យដឹងថា ក្រោយពីបានសាកសួរក្រុមពលករទាំងនោះ ក្រុមការងារបានបញ្ជូនពួកគេ រួមទាំងនារីរងគ្រោះ ទៅកាន់មណ្ឌលសុខភាព ដើម្បីពិនិត្យសុខភាព ជាពិសេស នារីរងគ្រោះដែលត្រូវក្រុមទាហានតិរច្ឆានសៀម ចាប់រំលោភបូក ។

ជុំវិញករណីខាងលើនេះ ក្រសួង ស្ថាប័នជាតិ នៃព្រះរាជាណាចក្រកម្ពុជា រួមមានព្រឹទ្ធសភា រដ្ឋសភា ក្រសួង ការងារនិងបណ្ដាលវិជ្ជាជីវៈ គណបក្សនយោបាយ អង្គការ សមាគមនានា ជាដើម បានចេញសេចក្ដីថ្លែងការ ណ៍ថ្កោលទោស និងទាមទារឲ្យទាហានឈុតខ្មៅថៃ ដែលរំលោភសេពសន្ថវៈនិងការប្រើអំពើហិង្សាមកលើពលករទេសន្តរប្រវេសន៍ខ្មែរ ដែលធ្វើដំណើរត្រឡប់មកប្រទេសកម្ពុជា វិញនោះ ត្រូវទទួលខុសត្រូវនៅក្នុងរឿងនេះ ដើម្បីផ្តល់យុត្តិធម៌ជូនជនរងគ្រោះ៕ ខៀវទុំ

RELATED ARTICLES