Thursday, November 27, 2025
Homeតារាខ្មែរម៉ាដូណា ត្រូវគ្នាវិញជាមួយប្ដីក្មេង?

ម៉ាដូណា ត្រូវគ្នាវិញជាមួយប្ដីក្មេង?

ភ្នំពេញ ៖ តារាភេទទី៣ ម៉ាដូណា និងប្ដីក្មេង លោកណុប ហេងទ្រី បានបណ្ដើរគ្នាជាថ្មី ទៅចូលរួមពិធីបុណ្យខួប ៧ថ្ងៃ សពតារាសម្ដែងលោកអ៊ុន សិទ្ធា កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥  ដែលធ្វើឲ្យអ្នករួមអាជីព ស្រឡាំងកាំង ព្រោះតាំងពីពួកគេចែកផ្លូវគ្នា កាលពីខែតុលា ឆ្នាំ២០២៤ អ្នកទាំងពីរ មិនដែលដើរចូលគ្នា ឬជិះរថយន្ដតែពីរនាក់ ដូចពេលនេះឡើយ ។ នេះជាសញ្ញាល្អមួយ សម្រាប់គូស្នេហាភេទដូចគ្នា ម៉ាដូណា-ណុប ហេងទ្រី ព្រោះកន្លងមក ពួកគេធ្លាប់បែកបាក់គ្នា ជាច្រើនលើកច្រើនសាដែរ តែបែកជួបៗ មិនដាច់អាល័យពីគ្នា ព្រោះចិត្តនៅ តែនឹករកគ្នាជានិច្ច ។

លោកម៉ាដូណា មិនទាន់អាចទាក់ទងបានដើម្បីឲ្យបំភ្លឺរឿងលោកនិងអតីតគូស្នេហ៍វិលមកដើរចូលគ្នាវិញនោះទេកាលពីថ្ងៃទី២៦ វិច្ឆិកា ប៉ុន្ដែក្នុងជំនួបផ្ទាល់នៅថ្ងៃទី២៤ វិច្ឆិកា លោកប្រាប់អ្នកយកព័ត៌មាន «នគរធំ» ថា លោកទើបតែបញ្ចប់ការច្រៀងសម្ដែងនៅប្រទេសញូវហ្សេឡែន រយៈពេលកន្លះខែ និងមកស្រុកខ្មែរ បានជាង ១​សប្ដា​ហ៍​នេះ ហើយនឹងត្រៀមចេញទៅច្រៀងសម្ដែងនៅ ៣ប្រទេសទៀត នាពេលខាងមុខ គឺអូស្រា្ដលី កាណាដា និងញូវហ្សេឡែន  ។ លោកថា រយៈពេល២ឆ្នាំចុងក្រោយនេះ បានចេញទៅច្រៀងសម្ដែងនៅបរទេស ជាបន្ដបន្ទាប់ ពោលគឺចុះឡើងៗតែម្ដង ។

គួរបញ្ជាក់ថា បើសិនជា ម៉ាដូណា ពិតជាអាចផ្សះផ្សាស្នេហាជាមួយប្ដីក្មេង លោកណុប ទ្រីហេង នៅឆ្នាំ២០២៥ នេះ បានមែននោះ ចំណងស្នេហាភេទដូចគ្នា នៅឆ្នាំ២០២៥ ឈានមកដល់ខួបស្នេហ៍ ១២ឆ្នាំ ព្រោះកាលពីឆ្នាំ២០១៨ និងឆ្នាំ២០២០ ពួកគេធ្លាប់ធ្វើខួបអាពាហ៍ ពិពាហ៍ គម្រប់៥ឆ្នាំ និង៧ឆ្នាំ ផងដែរ នៅហាង The Storm ក្បែរផ្សារដេប៉ូ  និងវីហ្វេ្រន ឫស្សីកែវ ។ តារារួមអាជីព សម្ដែងការសាទរ ពេលឃើញ ម៉ាដូណា និងប្ដី ត្រូវរ៉ូវគ្នាវិញ ព្រោះអ្នកថ្មី មិនដូចអ្នកចាស់ ហើយពួកេគេចង់ឲ្យគូស្នេហ៍នេះ ធ្វើខួបអាពាហ៍ពិពាហ៍ ជាលើកទី៣ ទៀតផង ដើម្បីកុំឲ្យភេទទី៣ ទាំងឡាយ ញ៉ែពួកគេ ដោយយល់ច្រឡំថា អ្នកទាំងពីរ បែកបាក់គ្នាទៀត ។

ប្រភពថា ម៉ាដូណា ទោះជាចេញទៅច្រៀងនៅស្រុកគេច្រើនជាងនៅខ្មែរ នៅឆ្នាំ២០២៥ នេះ តែលោកមិនបើកបេះដូងទទួលយកប្ដីថ្មី ក្រៅស្រុកទេ ដោយសារតែចិត្តនៅតែចង់ផ្សារភ្ជាប់ស្នេហាជាមួយប្ដីក្មេងជាថ្មី ។ ចំណែកលោកហេងទ្រី ក៏មានភេទទី៣ មួយចំនួន ទាក់ទងចង់បានធ្វើប្ដីដែរ ប៉ុន្ដែលោកបែរជាចិត្តនៅតែមិនដាច់ពីប្រពន្ធចាស់ ម៉ាដូណា ដដែល ។

ក្រៅពីម៉ាដូណា តារាដែលបង្ហាញស្នេហាភេទដូចគ្នា ដោយបើកចំហ មានដូចជា អ្នកនាង លី អ៊ីវ៉ាធីណា, អេនី ហ្សាម, ម៉ៃយ៉ា និងឡាយ លក្ខិណា ជាដើម ។ ចំពោះលោកម៉ាដូណា ត្រូវបានគេហៅលោកថា លោកជាភេទទី៣ ដែលពូកែរកលុយ ព្រោះចេះច្រៀង សម្ដែង និងលេងកំប្លែង ហើយទោះជាធ្លាក់ខ្លួនក្នុងបំណុលតុងទីន ជាញឹកញាប់ក្ដី ប៉ុន្ដែលោកនៅមានផ្ទះ បន្ទប់ខុនដូ ដីធ្លី និងថែមមាំងមានផ្ទះសំណាក់នៅខេត្តសៀមរាប ទៀតផង។

ទស្សនិកជនរង់ចាំមើលថា ចំណងស្នេហាភេទដូចគ្នា ម៉ាដូណា-ណុប ហេងទ្រី នឹងវិលរកភាពផ្អែមល្ហែមដូចមុនឬអត់? ខណៈដែលពេលនេះ អ្នកទាំងពីរ រក្សាភាពស្ងៀមស្ងាត់រៀងៗខ្លួន ពោលគឺនៅលើបណ្ដាញសង្គម ពួកគេគ្មានការបង្ហោះពីការដើរចូលគ្នា ឬត្រូវគ្នាវិញនោះទេ ៕

RELATED ARTICLES