Friday, November 28, 2025
Homeព័ត៌មានជាតិព្រះមង្គលការព្រះរាជវង្សខ្មែរ នរោត្តម ពង្ស់សូរិយា-អ៊ឹង ស៊ីវឈាន់

ព្រះមង្គលការព្រះរាជវង្សខ្មែរ នរោត្តម ពង្ស់សូរិយា-អ៊ឹង ស៊ីវឈាន់

ភ្នំពេញ ៖ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ជាថ្ងៃទី១ នៃព្រះវិវាហ៍មង្គលព្រះរាជវង្ស គឺព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្ស់សូរិយា និងលោក អ៊ឹង ស៊ីវឈាន់ អគ្គនាយកក្រុមហ៊ុនទឹកបរិសុទ្ធ ប្រូវីដា ក្រោមព្រះរាជាធិបតីភាពនៃព្រះ ករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នៅក្នុងព្រះទីនាំងទេវាវិនិច្ឆ័យ មហាប្រាសាទ ក្នុងព្រះបរមរាជវាំង ចតុម្មុខមង្គល ។

 កូនស្រី ព្រះនាម ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្ស់សូរិយា ជាព្រះបុត្រីរបស់សម្តេចក្រុមព្រះ នរោត្តម ចក្រពង្ស់ ព្រះរាជបុត្រទី៤ របស់ព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ។ ចំណែកកូនប្រុស នាម អ៊ឹង ស៊ីវឈាន់ អគ្គនាយកក្រុមហ៊ុនទឹកបរិសុទ្ធស្ព្រីង ប្រូវីដា ជាកូនប្រុសរបស់អ្នកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ សហស្ថាបនិកក្រុមហ៊ុន អាយអិនជី ហូលឌីង គ្រុប ។

 ក្នុងព្រះរាជពិធីមង្គលការនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះវររាជមាតាជាតិខ្មែរ បានប្រោសប្រទានផ្កាស្លាជ័យ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្ស់សូរិយា និងលោក អ៊ឹង ស៊ីវឈាន់ (ព្រះស្វាមី) ។

 ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេ សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានសម្ដេចក្រុមព្រះ នរោត្តម ចក្រពង្ស់ ឧត្ដម ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នាំព្រះបុត្រាបុត្រី ថ្វាយបង្គំទទួលព្រះតេជៈ ព្រះពរតាមព្រះរាជបវេណីដ៏ថ្កើងថ្កាន។

ចំណែកកម្មវិធីដែលត្រូវរៀបចំឡើងតាមលំដាប់លំដោយនៅក្នុងព្រះពិធីវិវាហ៍មង្គល តាមព្រះរាជបវេណីនោះ មានដូចជា ពិធីប្រកាសទូលថ្វាយបណ្តាការ ជំនូន សោយនិងទទួលទានស្លាកំណត់ ព្រេនឬសែនជំនូន ពិធី ចម្រើនព្រះបរិត្ត ថ្វាយតង្វាយព្រះបិតរ និងសំពះពេលា និងពិធីសំពះពេលា ជាដើម ។

 ជាទិដ្ឋភាពនៅក្នុងព្រះមង្គលការនោះ ទាំងញាតិវង្សានុវង្ស និងភ្ញៀវកិត្តិយសប្រុសស្រីដទៃ ទាំងខាងកូនកំលោះ-កូនក្រមុំ ត្រូវគ្រងឈុតក្បិនពណ៌ស៊ីលៀប ព្រមទាំងអាវប៉ាក់ ហើយបន្ថែមនូវពានាស្បៃ និងស្បែកជើងស និងខ្មៅ សម្រាប់បុរស។

ព្រះនាងតូច នរោត្តម ជេនណា និងតារាស្រី សិទ្ធី នីកា រួមទាំងលោកស្រី យឹម ឆៃលីន កូនស្រីលោក យឹម ឆៃលី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលជាអតីតភរិយាលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខ ងារសាធារណ: ក៏បានចូលរួមព្រះពិធីមង្គលការព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្ស់សូរិយា និងលោក អ៊ឹង ស៊ីវឈន់ ចំថ្ងៃតែមួយជាមួយលោក ហ៊ុន ម៉ានី អតីតស្វាមីលោកស្រី រៀបការជាមួយភរិយាថ្មី ឈ្មោះ ឆាយ ថងឌី ផងដែរ។

ព្រះនាងតូច នរោត្តម ចេនណា បានបង្ហោះរូបភាពនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់ព្រះនាង នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ភ្ជាប់ជាមួយសំណេរថា “ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ជាថ្ងៃទី១ នៃព្រះវិវាហមង្គល អាពាហ៍ពិពាហ៍ម្ចាស់មីង ពង្ស់សូរិយា និងលោកពូ អ៊ឹង ស៊ីវឈាន់ ក្រោមព្រះរាជាធិបតីភាពនៃព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះ មហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងព្រះពិធីវិវាហមង្គល តាមព្រះរាជបវេណីក្នុងព្រះទីនាំងទេវាវិនិច្ឆ័យ មហាប្រាសាទ ព្រះបរមរាជវាំងចតុម្មុខសិរីមង្គល“ ។

 ចំពោះការគ្រងសម្លៀកបំពាក់ខ្មែរ ឈុតព្រះមង្គលការ ថ្ងៃទី១ របស់ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្ស់សូរិយា និងលោក អ៊ឹង ស៊ីឈន់ ពិតជាស្រស់ស្អាត ប្រណីត ថ្លៃថ្នូរ ស័ក្ដិសមឥតខ្ទោះ ។

ក្នុងព្រះនាមជាកូនក្រមុំ ម្ចាស់ក្សត្រី នរោត្តម ពង្ស់សូរិយា មិនមានព្រះបន្ទូលអ្វីថ្លែងនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់ព្រះនាងទេ ដោយព្រះនាងគ្រាន់តែបង្ហោះរូបភាពនៅក្នុងព្រះវិវាហ៍មង្គលរបស់ព្រះនាង ជាមួយស្វាមី ដោយក្ដីរំភើប ។

ជាមួយគ្នានោះដែរ កូនកំលោះ លោកអ៊ឹង ស៊ីវឈាន់ បានសរសេរពាក្យពេចន៍ដ៏មានន័យបំផុតនៅក្នុងជីវិតរបស់លោក ដែលបានភរិយាជាព្រះរាជវង្សថា “ថ្ងៃដែលបង និងអូន តែងស្រមៃ ថ្ងៃនេះបានក្លាយជាការពិតហើយ“ ៕

RELATED ARTICLES