ភ្នំពេញ ៖ ក្រុមចាប់មនុស្ស ជំរិតទារប្រាក់ ចំនួន៧នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ រំដោះជនរងគ្រោះ ចំនួន២នាក់ បន្ទាប់ពីក្រុមជនសង្ស័យ បានធ្វើសកម្មភាពចាប់ បង្ខាំងមនុស្សដោយខុសច្បាប់ និងជំរិតទារប្រាក់ ចំនួន៣ម៉ឺនដុល្លារ និងជួញដូរមនុស្ស។

ករណីចាប់ជំរិតទារលុយ ៣ម៉ឺនដុល្លារនេះ បានកើតឡើង កាលពីវេលាម៉ោង ៩យប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចផ្ទះលេខ៤១ ផ្លូវ១ បុរីពិភពថ្មី ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ លុះមកដល់ថ្ងៃទី២៨ និងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ទើបកម្លាំងសមត្ថកិច្ចជំនាញ បើកប្រតិបត្តិការបង្ក្រាប ឃាត់ខ្លួនជនសង្ស័យ បានជាបន្តបន្ទាប់ សរុបចំនួន៧នាក់។

ជនសង្ស័យទាំង៧នាក់ ដែលត្រូវសមត្ថកិច្ចបង្ក្រាបបាន រួមមាន ទី១-ឈ្មោះ ស៊ាវ យួន (XIAO YAUN) ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន (មិនមានលិខិតឆ្លងដែន) មុខរបរមិនប្រាកដ ស្នាក់នៅផ្ទះលេខ៤១ ផ្លូវ១ បុរីពិភពថ្មី ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (មានសារធាតុញៀន)។ ទី២-ឈ្មោះ ឈី ធានយូ (QI TIANYU) ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន (មិនមានលិខិតឆ្លងដែន) មុខរបរមិនប្រាកដ ស្នាក់នៅផ្ទះលេខ៤១ ផ្លូវ១ បុរីពិភពថ្មី ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ទី៣-ឈ្មោះ ជូ លូ (ZOU LOU) ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន (មិនមានលិខិតឆ្លងដែន) មុខរបរមិនប្រាកដ ស្នាក់នៅផ្ទះលេខ៤១ ផ្លូវ១ បុរីពិ ភពថ្មី ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (មានសារធាតុញៀន)។ ទី៤-ឈ្មោះ ជាំង ហៃហៃហ្វឹង (JIANG HAIFENG) ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ ED9869381 មុខរបរមិន ប្រាកដ ស្នាក់នៅផ្ទះលេខ៤១ ផ្លូវ១ បុរីពិភពថ្មី ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (មានសារធាតុញៀន)។ ទី៥-ឈ្មោះ យ៉ាង គួង (YANG GUANG) ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន (មិនមានលិខិតឆ្លង ដែន) មុខរបរមិនប្រាកដ ស្នាក់នៅផ្ទះលេខ៤១ ផ្លូវ១ បុរីពិភពថ្មី ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ទី៦-ឈ្មោះសឹង សំអ៊ាត ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរបើកឡាន ស្នាក់នៅផ្ទះលេខ៤១ ផ្លូវ១ បុរីពិភពថ្មី ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (មានសារធាតុញៀន) និង៧-ឈ្មោះម៉ែន សុមុនី ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរបើកឡាន (ធ្លាប់មានប្រវត្តិជាប់ពន្ធនាគារ) ស្នាក់នៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (មានសារធាតុញៀន)។

ចំណែកជនរងគ្រោះ ទាំង២នាក់ ដែលសមត្ថកិច្ចរំដោះបាន ទី១-ឈ្មោះ ហ៊ូ ស៊ាវហ៊ុយ (HU XIAOHUI) ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិចិន មុខរបរកម្មករសំណង់ និង២-ឈ្មោះ វ៉ាង ស៊ូចុង (WANG XUZONG) ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន មុខរបរកម្មករសំណង់។
តាមប្រភពសមត្ថកិច្ចខណ្ឌសែនសុខ បានឱ្យដឹងថា ជនសង្ស័យទាំង ៧នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានជាបន្តបន្ទាប់ កាលពីថ្ងៃទី២៨ និងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បន្ទាប់ពីធ្វើសកម្មភាពជូញដូរមនុស្សដោយមានគោលដៅ ប្រព្រឹត្តនៅចំណុចផ្ទះលេខ៤១ ផ្លូវ០១ (បុរីពិភពថ្មី) ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ២១ៈ០០នាទី និងអំពើចាប់ឃុំ ឃាំងមនុស្ស ដោយខុសច្បាប់ (បង្ខាំងជនរងគ្រោះនៅក្នុងបន្ទប់) នៅចំណុចផ្ទះលេខ១៨ បុរីភ្នំពេញថ្មី ផ្លូវ០១ ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥។

ប្រភពដដែល បន្តថា កាលពីវេលាម៉ោង ១១យប់ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចផ្ទះលេខ៤១ ផ្លូវ១ បុរីពិភពថ្មី ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានជនសង្ស័យជនជាតិចិន ១ក្រុម បានធ្វើសកម្មភាពចាប់បង្ខាំងនិងដាក់ខ្នោះដៃ ជនជាតិចិនម្នាក់ ឈ្មោះ ហ៊ូ ស៊ាវហ៊ុយ (HU XIAOHUI) ដែលស្នាក់នៅជាមួយគ្នា រួចជំរិតទារប្រាក់ ចំនួន៣ម៉ឺនដុល្លារ និងបន្តធ្វើសកម្មភាពចង់នាំយកជនរងគ្រោះ ទៅលក់ទៀត។
បន្ទាប់ពីទទួលបានព័ត៌មានខាងលើ និងសាកសួរបំភ្លឺជនរងគ្រោះរួច កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី បានសហការជាមួយផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានចុះដល់ចំណុចកើតហេតុ ដោយបានការអនុញ្ញាតពីលោក ហាង សម្បត្តិ ព្រះរាជអាជ្ញារង ឱ្យសមត្ថកិច្ចបង្កើតគណៈកម្មាការចម្រុះ ចូលត្រួត ពិនិត្យនៅក្នុងផ្ទះកើតហេតុ ដោយដកហូតបានវត្ថុតាង រួមមាន ១-កុំព្យូទ័រ ១គ្រឿង ២-ខ្នោះដៃ ចំនួន១គូ ៣-ឧបករណ៍ប្រើប្រាស់គ្រឿងញៀន មួយចំនួន និងធ្វើការឃាត់ខ្លួនជនសង្ស័យ ជាជនជាតិខ្មែរ ចំនួន២នាក់។

តាមចម្លើយសារភាព សមត្ថកិច្ចបន្តស្រាវជ្រាវ ឈានទៅឃាត់ខ្លួនបានជនសង្ស័យ ជាជនជាតិចិន ចំនួន៥នាក់ ទៀត ព្រមទាំងរំដោះបានជនរងគ្រោះម្នាក់ ដែលកំពុងនៅក្នុងផ្ទះជួល លេខ១៨ បុរីភ្នំពេញថ្មី ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បន្ទាប់ពីត្រូវបានឃាត់ខ្លួន ជនសង្ស័យបានសារភាពថា កាលពីយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ និងកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ខ្លួនពិតជាបានចាប់បង្ខាំងជនរងគ្រោះ វ៉ាង ស៊ូចុង (WANG XUZONG) នៅក្នុងផ្ទះជួលលេខ១៨ បុរីភ្នំពេញថ្មី ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ប្រាកដមែន តាមការបញ្ជារបស់ថៅកែ ឈ្មោះស៊ាវ អ៊ូ ភេទ ភេទប្រុស ជនជាតិចិន និងកន្លងមក ក្រុមជនសង្ស័យ ក៏បានធ្លាប់ដឹកជនរងគ្រោះ ចំនួន៤នាក់ (ជនជាតិចិន) យកទៅលក់នៅក្រុងបាវិត និងក្រុងប៉ោយប៉ែត កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២៥ (មិនចាំថ្ងៃ)។

បន្ទាប់ពីឃាត់ខ្លួនក្រុមជនសង្ស័យ ទាំង៧នាក់ សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន ១-កុំព្យូទ័រ ចំនួន១គ្រឿង ២-ខ្នោះដៃ ចំនួន១គូ ៣-ឧបករណ៍ប្រើប្រាស់គ្រឿងញៀន មួយចំនួន ៤-ទូរស័ព្ទ ចំនួន៦គ្រឿង និង ៥-កាំបិត ចំនួន២។
ជនសង្ស័យទាំង៧នាក់ខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីសាកសួរនិងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕