Monday, December 1, 2025
Homeព័ត៌មានជាតិព្រះមហាក្សត្រកម្ពុជា យាងទៅបារាំង ចូលរួមកិច្ចប្រជុំបណ្ឌិត្យសភាវិទ្យាសាស្ត្រ

ព្រះមហាក្សត្រកម្ពុជា យាងទៅបារាំង ចូលរួមកិច្ចប្រជុំបណ្ឌិត្យសភាវិទ្យាសាស្ត្រ

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ បានយាងចាកចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង រយៈពេលមួយសប្តាហ៍ ដើម្បីយាងចូលរួមកិច្ចប្រជុំនៅបណ្ឌិត្យសភាវិទ្យាសាស្ត្រ។

អញ្ជើញនិងយាងថ្វាយព្រះរាជដំណើរព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហា ក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ មានសម្ដេច ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចហេង សំរិន ប្រ ធានកិត្តយសក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចសាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេច ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចទៀ បាញ់  ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេច ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ លោកខៀវ កាញារីទ្ធ សមាជិករដ្ឋសភា និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះ មហាក្សត្រ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជវង្សានុវង្ស និងអង្គទូតបរទេស ជាច្រើនរូប។

ក្នុងព្រះរាជសារផ្ញើជូនដល់ជនរួមជាតិ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង បានមានព្រះរាជបន្ទូលថា ក្នុងឱកាសដែលព្រះអង្គ គង់ប្រថាប់នៅក្រៅប្រទេសនេះ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណា ចក្រកម្ពុជា នឹងទទួលជួយក្នុងព្រះបរមនាមរបស់ព្រះអង្គ ជាប្រមុខរដ្ឋស្តីទី។

សូមបញ្ជាក់ថា ក្នុងឱកាសគង់ប្រថាប់នៅទីក្រុងប៉ារីស ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សព្វព្រះរាជហឫទ័យយាងទតបណ្ណាគារ, ហាងលក់ DVD,វត្តខេមរារាម, បណ្ណាល័យឧត្តមសិក្សា និងអរិយធម៌ BULAC និងយាង ទតព្រះរាជដំណាក់ថ្មី នៅទីក្រុងប៉ារីស។

សូមបញ្ជាក់ថា បណ្ឌិត្យសភាវិទ្យាសាស្ត្រ គឺជាសមាគមអ្នកសិក្សាមួយ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩២២។ សកម្មភាពរបស់បណ្ឌិត្យសភាវិទ្យាសាស្ត្រ ភាគច្រើនទាក់ទងនឹងភូមិសាស្ត្រ និងប្រវត្តិសាស្ត្រទូទៅនៃទ្វីបអាហ្វ្រិក អាមេរិកឡាទីន អាស៊ី និងអូសេអានី។ បណ្ឌិត្យសភាវិទ្យាសាស្ត្រ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩២២ ដោយលោក Paul Bourdarie ដើម្បីសិក្សាអំពីបញ្ហាជាក់លាក់នៃទឹកដីនៃបណ្តាប្រទេស និងរដ្ឋដែលធ្លាប់បានស្ថិតក្រោមអាណាព្យាបាលបារាំង។ ដើមឡើយ បណ្ឌិត្យសភាវិទ្យាសាស្ត្រ មានឈ្មោះថា បណ្ឌិត្យសភាវិទ្យា សាស្ត្រអាណានិគម និងត្រូវបានប្តូរឈ្មោះជាបណ្ឌិត្យសភាវិទ្យាសាស្ត្រ នៃប្រទេសឯនាយសមុទ្រ ក្នុងខែមិថុនា ឆ្នាំ១៩៥៧។

បណ្ឌិត្យសភាវិទ្យាសាស្ត្រ មានបាវចនា «ចំណេះដឹង ការយល់ដឹង ការគោរព សេចក្តីស្រឡាញ់»។ បណ្ឌិត្យសភាវិទ្យាសាស្ត្រ មានអាយុកាលជាង១០០ឆ្នាំ មានបណ្ណាល័យដែលតម្កល់សៀវភៅ ជាង៧ម៉ឺនក្បាល ធ្វើឱ្យបណ្ឌិត្យសភាវិទ្យាសាស្ត្រ ក្លាយជាធនធានឈានមុខគេសម្រាប់វប្បធម៌ នៃអតីតប្រទេសស្ថិតក្រោមអាណា ព្យាបាល នៅឯនាយសមុទ្រ។

បណ្ឌិត្យសភាវិទ្យាសាស្ត្រក៏ ផ្តល់រង្វាន់ដែលទទួលស្គាល់ដល់ការសិក្សាទាក់ទងនឹងទឹកដី ប្រវត្តិសាស្ត្រ វប្បធម៌នៃបណ្តាប្រទេសឯនាយសមុទ្រផងដែរ។

សូមក្រាបថ្វាយព្រះមហាក្សត្រ ទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខ ភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជំដល់ប្រជានុ រាស្ត្រគ្រប់រូប រស់នៅក្នុងសុខសន្តិភាព តរៀងទៅ៕ ខៀវទុំ

RELATED ARTICLES