ភ្នំពេញ ៖ ករណីជនសង្ស័យឆ្កឹះសោបន្ទប់ស្ត្រីជាអតីតពលការិនីនៅប្រទេសជប៉ុន លួចលុយ ជិត ៣ម៉ឺនដុល្លារ នោះត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ធ្វើការស្រាវជ្រាវឃាត់ខ្លួនបានចំនួន៣នាក់ ក្នុងនោះ មានជនដៃដល់ម្នាក់ អ្នកសមគំនិតម្នាក់ និងអ្នកទទួលផលចោរកម្មម្នាក់ ព្រមទាំងដកហូតបានគ្រឿងអលង្ការ និងលុយមួយចំនួន ត្រឡប់មកវិញផងដែរ។ ក្រោយពេលបានជួបនារីរងគ្រោះ ដោយឃើញពីស្ថានភាពរបស់នារីរងគ្រោះ មានការលំបាកខ្វះខាត លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានផ្ដល់ថវិកា ១០ម៉ឺនរៀល ជូននារីរងគ្រោះ ដើម្បីទិញថ្នាំ ព្រោះនារីរគ្រោះ មានជំងឺសើស្បែក ហើយនារីរងគ្រោះ បានសំពះអរគុណលោកអធិការ ដែលបានខិតខំស្រាវជ្រាវតាមចាប់ចោរលួចលុយនាង ហើយថែមទាំងឧបត្ថម្ភប្រាក់មួយចំនួនដល់នាង។

ជនសង្ស័យទាំង ៣នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះឆោម ទិត្យរង្សី ភេទប្រុស អាយុ៣៨ឆ្នាំ មានលំនៅនិងមុខរបរមិនពិតប្រាកដ ផ្ទះលេខ F1 ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ (មានសារធាតុញៀន)។ ទី២-ឈ្មោះយឹម ស្រីប៉ុច ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិ២១ សង្កាត់ស្រះចក ខណ្ឌដូនពេញ (មានសារធាតុញៀន) ធ្លាប់ជាប់ពន្ធនាគារ ១លើក និងទី៣-ឈ្មោះអាន វិនា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងដែក មានលំនៅស្នាក់នៅបន្ទប់ជួល ភូមិ២១ សង្កាត់ស្រះចក ខណ្ឌដូនពេញ (ធ្លាប់ជាប់ពន្ធនាគារ១លើក)។
ចំណែកជនរងគ្រោះ ឈ្មោះអេង លាងហៀង ភេទស្រី អាយុ៣២ឆ្នាំ ជាអតីតពលការិនីនៅប្រទេសជប៉ុន ហើយបច្ចុប្បន្ន ធ្វើការជាបុគ្គលិកហាង ស្នាក់នៅបន្ទប់ជួល ផ្លូវ១០៣ ក្រុម៣ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ដែលជាកន្លែងកើតហេតុ។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ ដឹកនាំដោយលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការ នគរបាលខណ្ឌប្ញស្សីកែវ សហការជាមួយកម្លាំងកា រិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ នាវេលាម៉ោង ៦និង៣០នាទីព្រលប់ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យប្រុសស្រី ចំនួន៣នាក់ ជាបន្តបន្ទាប់ ដែលបានធ្វើសកម្មភាពលួចមានស្ថានទម្ងន់ទោសដោយការកាប់គាស់ទម្លុះទម្លាយ និងសមគំនិតអំពើលួចមានស្ថានទម្ងន់ទោស និងទទួលផលចោរកម្ម (ឆ្កឹះសោបន្ទប់ជួល លួចប្រាក់ ចំនួន៣០០០០ដុល្លារ) នៅចំណុចបន្ទប់ជួល ផ្លូវ១០៣ ក្រុម៣ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៥និង៣០នាទី ទៀបភ្លឺ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥។
ប្រភពដដែល បន្តថា ការឃាត់ខ្លួនជនសង្ស័យ ទាំង៣នាក់នោះ មុនដំបូង សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ បានចំនួន១នាក់ នៅចំណុចផ្លូវ K5 ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងបន្តស្រាវ ជ្រាវឃាត់ខ្លួនបានជនសង្ស័យ ចំនួន២នាក់ទៀត ក្នុងនោះ ស្រី១នាក់ ឃាត់ខ្លួននៅចំណុចផ្លូវជាតិលេខ៦ ស្រុកបារាយណ៍ ខេត្តសៀមរាប។

បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចដករហូតសម្ភារៈ រួមមាន ម៉ូតូ ចំនួន១គ្រឿង ម៉ាក ADV ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1MB-5101 ទូរស័ព្ទ ចំនួន៣គ្រឿង លោហធាតុ ខ្សែក ប្រវែង៥៥សង់ទីម៉ែត្រ ចំនួន១ខ្សែ មានបន្តោងរូបយុថ្កា លោហធាតុប្រភេទខ្សែដៃ ប្រវែង ១៨សង់ទីម៉ែត្រ លោហធាតុប្រភេទចិញ្ចៀន ១វង់ ប្រាក់ ចំនួន២១០០ដុល្លារ ប្រាក់ចំនួន ១២៤ ០០០យ៉េន (ជប៉ុន)។
គួរបញ្ជាក់ថា កាលពីវេលាម៉ោងប្រមាណជិត ៦ព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតនៅផ្ទះជួល ក្នុងភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅពេលដែលស្ត្រីរងគ្រោះ ត្រឡប់មកពីធ្វើការវិញ នាងបានស្រែកទ្រហោយំ បន្ទាប់ពីមកដល់ផ្ទះ ត្រូវចោរគាស់ បន្ទប់ ចូលលួចប្រាក់ដុល្លារ និងលុយជប៉ុន សរុបប្រមាណជិត៣ម៉ឺនដុល្លារ។
ខណៈនោះ ស្ត្រីរងគ្រោះបានឱ្យដឹងថា ប្រាក់ដែលត្រូវចោរឆ្កឹះសោបន្ទប់ លួចយកទៅ រួមមាន ប្រាក់ដុល្លារ ប្រមាណ ១៤០០០ដុល្លារ និងលុយជប៉ុន ប្រមាណជិត ២ម៉ឺនយ៉េន ដែលសរុបប្រមាណជិត ៣ម៉ឺនដុល្លារ (តែក្រោយមកនាងថា ប្រាក់ជប៉ុន តែជាង១ម៉ឺនយ៉េន) ។
ស្ត្រីវ័យក្មេងរូបនោះ បានឱ្យដឹងទៀតថា ខ្លួនជាអតីតពលការិនី ធ្វើការនៅប្រទេសជប៉ុន ខំសន្សំប្រាក់ អស់ រយៈពេល ៧ឆ្នាំហើយ ត្រឡប់មកប្រទេសកម្ពុជា វិញ ខំធ្វើការងារយប់ បន្តទៀត ដើម្បីសន្សំលុយធ្វើផ្ទះ នៅស្រុក។ នៅពេលថ្មីៗនេះ ខ្លួនបានដកលុយ យកមកទុកនៅក្នុងបន្ទប់ ប្រុងធ្វើដំណើរយកលុយទៅស្រុក ធ្វើផ្ទះ តែត្រូវចោរលួចអស់។

ជនសង្ស័យទាំង៣នាក់ខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះសន្ត នៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី៕