Monday, December 8, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចោរប្លន់ជិះម៉ូតូដឹកស្រីស្នេហ៍ ប៉េអឹមក្របួចជាប់

ចោរប្លន់ជិះម៉ូតូដឹកស្រីស្នេហ៍ ប៉េអឹមក្របួចជាប់

ខេត្តបាត់ដំបងៈ មុខសញ្ញាក្រុមចោរប្លន់ម្នាក់ ដែលមានសំណាងរត់រួចផុតពីកណ្តាប់ដៃកម្លាំងកងរាជអាវុធ ហត្ថកាលប៉ុន្មានសប្តាហ៍មុន ពេលនេះបានរត់ចូលអន្ទាក់កងរាជអាវុធហត្ថដោយខ្លួនឯង ខណៈដែលកំពុងជិះម៉ូតូដឹកស្រីស្នេហ៍ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៥ នៅម្តុំអនុវិទ្យាល័យសោហឺ ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចមិនទាន់ប្រាប់ឈ្មោះជនសង្ស័យនោះទេ តែបាននាំខ្លួនជននោះ ទៅកាន់ការិយាល័យជំនាះញ នៃទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីសួរនាំ។

យោងតាមវីដេអូឃ្លីបមួយដែលប្រជាពលរដ្ឋថតបាន ពេលប្រទាញប្រទង់គ្នាជាមួយសមត្ថកិច្ចស្លៀកពាក់ស៊ីវិល គេឃើញកម្លាំងប៉េអឹម ក្នុងឯកសណ្ឋានស៊ីវិល បានដួលជាមួយនឹងម៉ូតូ ខណៈដៃច្បាមចាប់ដៃជនសង្ស័យដែលព្យាយាមរើបំរះរត់។ ខណៈនោះ ជនសង្ស័យដែលស្លៀក ពាក់ពណ៌ខ្មៅ បានរើបំរះរួចពីកណ្តាប់ដៃប៉េអឹម ហើយព្យាយាមរត់យ៉ាងលឿន តែចៃដន្យទៅជាប់អន្ទាក់កម្លាំងប៉េអឹមម្នាក់ទៀត ដែលស្ទាក់ចាំ នៅខាងមុខ។

លោកសូ ឌី ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានផ្តល់ព័ត៌មានបឋមថា ជនសង្ស័យដែលឃាត់ខ្លួននោះ ជាមុខសញ្ញាក្រុមចោរ ប្លន់ម៉ូតូ។ លោកបានបញ្ជាក់ថា ក្រុមនេះ មានបក្សពួកច្រើននាក់ ធ្លាប់ធ្វើសកម្មភាពប្លន់យកម៉ូតូគេច្រើនករណីហើយ។ ជាចុងក្រោយ ក្នុងអំឡុង ខែវិច្ឆិកាកន្លងទៅនេះ ក្រុមនេះ បានធ្វើសកម្មភាពប្លន់យកម៉ូតូគេនៅក្នុងព្រលានយន្តហោះបែកចាន ក្នុងក្រុងបាត់ដំបង ហើយត្រូវកម្លាំងជំនាញ តាមចាប់ខ្លួនបានប៉ុន្មាននាក់រួចហើយ ចំណែកជនសង្ស័យខាងលើ បានរត់រួច។

លោកសូ ឌី បានបញ្ជាក់ថា ក្រោយរត់គេចខ្លួន កម្លាំងជំនាញបានតាមដានសកម្មភាពមុខសញ្ញាចោរប្លន់ម្នាក់នេះជាប់រហូត។ លុះមកដល់ ព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៥ ជននេះបានបង្ហាញមុខនៅក្នុងបរិវេណអនុវិទ្យាល័យសោហឺ ទើបកម្លាំងជំនាញចាប់ក្របួចជាប់តែម្តង។

តាមការស្រាវជ្រាវក្រុមនេះ បានធ្វើសកម្មភាពប្លន់ម៉ូតូជាច្រើនករណីហើយ ហើយកម្លាំងជំនាញក៏ឃាត់ខ្លួនក្រុមជនសង្ស័យនេះជាបន្ត បន្ទាប់ បានច្រើននាក់ហើយដែរ ក្រោមការបញ្ជាផ្ទាល់ពីលោកមេបញ្ជាការខេត្ត។ ពេលនេះ មន្ត្រីជំនាញកំពុងសួរនាំជនសង្ស័យ ដើម្បីស្រាវជ្រាវរក បទល្មើសដែលពួកគេបានប្រព្រឹត្ត និងតាមចាប់បក្សពួកបន្តទៀតដែលកំពុងគេចខ្លួន៕

RELATED ARTICLES