Friday, December 12, 2025
Homeព័ត៌មានជាតិក្រសួងវប្បធម៌ ថ្កោលទោសយោធាថៃ បន្តបំផ្លាញប្រាសាទតាក្របី

ក្រសួងវប្បធម៌ ថ្កោលទោសយោធាថៃ បន្តបំផ្លាញប្រាសាទតាក្របី

ភ្នំពេញ ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្ប: នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ថ្កោល ទោសយោធាថៃ ដែលបន្តបំផ្លាញប្រាសាទតាក្របី បន្ទាប់យោធាថៃ បាញ់ផ្លោងបំផ្លាញប្រាសាទតាក្របី ឲ្យខូចខាតធ្ងន់ កាលពីថ្ងៃទី៨-៩ ខែធ្នូ ឆ្នាំ២០២៥ និងបានបន្តបាញ់កម្ទេចជាថ្មី បណ្តាលឱ្យរូបរាងនិងរចនាសម្ព័ន្ធប្រាសាទ ត្រូវបានបំផ្លាញទាំងស្រុង នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ទោះបីជាក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអំពាវនាវរួចហើយក៏ដោយ។

សេចក្តីថ្លែងការណ៍ របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចុះថ្ងៃព្រហស្បតិ៍ ៦រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្ត ស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ថ្កោលទោសយោធាថៃ ដែលបន្តបំផ្លាញប្រាសាទតាក្របី នោះ មានខ្លឹមសារទាំងស្រុងថា​«បន្ទាប់ពីទទួលរងការបាញ់បំផ្លាញយ៉ាងធ្ងន់ធ្ងរពីសំណាក់យោធាថៃ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ប្រាសាទតាក្របី ជាទីសក្ការៈរបស់កម្ពុជា បន្តទទួលរងការបាញ់កម្ទេចជាថ្មី បណ្តាលឱ្យរូបរាងនិងរចនាសម្ព័ន្ធប្រាសាទ ត្រូវបានបំផ្លាញទាំងស្រុង នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ទោះជាក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអំពាវនាវរួចហើយក៏ដោយ។

ប្រាសាទតាក្របី ត្រូវបានសាងសង់ក្នុងអំឡុងសតវត្សទី១១ នៃគ.ស. ក្នុងសម័យព្រះបាទសូរ្យវរ្ម័នទី១ និងព្រះ បាទឧទ័យទិត្យវរ្ម័នទី២ ស្ថិតនៅភូមិសែនមនោរម្យ១ ឃុំគោកខ្ពស់ ស្រុកបន្ទាយអម្ពិល ខេត្តឧត្តរមានជ័យ ជាទីតាំងបុរាណដ្ឋានអភិរក្សយ៉ាងខ្ជាប់ខ្ជួន ដោយស្ថាប័នវប្បធម៌កម្ពុជា និងជាទីគោរពសក្ការៈ ទៅតាមជំនឿ ប្រពៃណី ទំនៀមទម្លាប់របស់ប្រជាជនកម្ពុជា។ ប្រាសាទតាក្របី ជានិមិត្តរូបនៃវប្បធម៌ អរិយធម៌ដ៏រុងរឿងរបស់ខ្មែរ ថែរក្សាការពារដោយខ្មែរ ស្ថិតនៅក្នុងព្រៃភ្នំ ដែលជាជម្រកដ៏សុខសាន្ត និងពុំទទួលរងការខូចខាតពីធម្ម ជាតិ ឬអាយុកាល ប៉ុន្តែត្រូវបានសម្លាប់តែមួយប៉ប្រិចភ្នែក ដោយយោធាថៃ។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមបន្តថ្កោលទោសចំពោះទង្វើអសីលធម៌ មកលើវិស័យវប្បធម៌ ដោយយោធាថៃ ដែលជាឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរមកលើបេតិកភណ្ឌ ជាទង្វើអគតិនិងគ្មានអរិយធម៌ និងជាការបន្តមិនគោរពដល់អនុសញ្ញានានានៃកិច្ចការពារបេតិកភណ្ឌ ដោយរួមទាំងអនុសញ្ញាឆ្នាំ១៩៥៤ និងឆ្នាំ១៩៧២។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមបន្តអំពាវនាវដល់បណ្តាប្រទេសលើសកលលោក អង្គការជំនាញអន្តរជាតិ ប្រជាជាតិលើពិ ភពលោក ចូលរួម ថ្កោលទោសទង្វើឧក្រិដ្ឋកម្មនេះ និងជំរុញឱ្យយោធាថៃ បញ្ឈប់ជាបន្ទាន់នូវការបំផ្លិចបំផ្លាញវប្បធម៌ និងបញ្ឈប់ការឈ្លានពាន ដោយងាកមករកដំណោះស្រាយដោយសន្តិវិធី ជាពិសេសគោរពសេចក្តីប្រ កាសរួមទីក្រុងកូឡាឡាំពួរ។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រួមជាមួយប្រជាជនកម្ពុជា ទាំងអស់ សូមកាន់ទុក្ខចំពោះការខូចខាតទាំងស្រុងរបស់ប្រាសាទតាក្របី និងចងចាំទុកនូវទង្វើឧក្រិដ្ឋកម្មនេះ នៅក្នុងប្រវត្តិសាស្ត្រ នៃការបំផ្លិចបំផ្លាញរបស់យោធាថៃ។ ទោះជាប្រាសាទតាក្របី ត្រូវបានបំផ្លាញស្ទើរអស់រូបរាង ប៉ុន្តែប្រាសាទនេះ នៅតែឈរជានិមិត្តរូបនៃវប្ប ធម៌ អរិយធម៌ខ្មែរ និងជាភ័ស្តុតាងនៃសោកនាដកម្មវប្បធម៌ សម្រាប់បង្រៀនដល់ជនជំនាន់ក្រោយ ឱ្យរឹតតែស្រ ឡាញ់ ការពារបេតិកភណ្ឌ និងទប់ស្កាត់ទង្វើឧក្រិដ្ឋកម្មនេះ កុំឱ្យកើតមានជាថ្មី នៅគ្រប់ទីកន្លែងទាំងអស់ របស់ពិភពលោក»។

គួររំលឹកដែរថា កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយាធាថៃ ដែលបានបាញ់ប្រហារបំផ្លិចបំផ្លាញប្រាសាទតាក្របី ឲ្យខូចខាតធ្ងន់ ម្តងរួចមកហើយ តែទាហានថៃ ដែលមិនខុសពីទមិឡតិរច្ឆាន បានបន្តបាញ់កម្ទេចជាថ្មី បណ្តាលឱ្យរូបរាងនិងរចនាសម្ព័ន្ធប្រាសាទ ត្រូវបានបំផ្លាញទាំងស្រុង នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥។

សេចក្តីថ្លែងការណ៍របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ថ្កោលទោសរយោធាថៃ ដែលបានបំផ្លាញប្រាសាទតាក្របី ចុះថ្ងៃអង្គារ ៤រោច ខែមិគសិរ ឆ្នាំម្សាញ់ ស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ មានខ្លឹមសារទាំងស្រុងថា «ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការបាញ់បំផ្លាញរបស់សាយោធាថៃ មកលើប្រាសាទតាក្របី ជាទីគោរពសក្ការៈរបស់កម្ពុជា។ ទង្វើដ៏សាហាវនេះ បង្ហាញពីភាពអសីលធម៌ ដែលបង្ហាញពីការប្រមាថមាក់ងាយដល់វប្បធម៌ អរិយធម៌ និងទីសក្ការៈដែលជាមរតកមនុស្សជាតិ ជាពិសេសមរតកវប្បធម៌ដែលជូនតាខ្មែរ បានកសាង បន្សល់ទុក មានតម្លៃមិនអាចកាត់ថ្លៃបាន។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមអំពាវនាវដល់គ្រប់មជ្ឈដ្ឋានជាតិ អន្តរជាតិ ជាពិសេសអង្គការយូណេស្កូ សហគមន៍អាស៊ាន និងបណ្តាស្ថាប័នពាក់ព័ន្ធ អង្គការសមាគម និងបុគ្គលគ្រប់ៗរូប ដែលស្រឡាញ់ ការពារបេតិកភណ្ឌនៃមនុស្សជាតិ សូមចូលរួមថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត និងជំរុញយោធាថៃ ឱ្យបញ្ឈប់ជាបន្ទាន់ ឬសកម្មភាពបំផ្លិចបំផ្លាញនេះ។ កិច្ចអន្តរាគមន៍របស់សហគមន៍ជាតិនិងអន្តរជាតិ គឺជាភាពចាំបាច់បំផុត ពីព្រោះយោធាថៃ បាននិងកំពុងបន្តបាញ់ប្រហារ ដោយមិនញញើត មកលើគ្រប់ទីតាំង មិនថាជាទីតាំងជនស៊ីវិល ឬទី តាំងបេតិកភណ្ឌនោះទេ ជាពិសេស កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ប្រាសាទព្រះវិហារ ក៏ទទួលរងការបំផ្លាញ ធ្វើឱ្យអគារអភិរក្ស ក្រោមកិច្ចសហការអភិរក្សកម្ពុជា-ឥណ្ឌា ត្រូវបានខូចខាតទាំងស្រុង រួមទាំងរចនាសម្ព័ន្ធផ្សេងៗទៀតរបស់ប្រាសាទផងដែរ។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នឹងប្រើប្រាស់គ្រប់យន្តការទាំងអស់ ទាំងកម្រិតជាតិនិងអន្តរជាតិ ដើម្បីទាមទារឱ្យថៃ ទទួលខុសត្រូវលើសកម្មភាពអសីលធម៌ទាំងនេះ ចំពោះមុខច្បាប់អន្តរជាតិ ដែលមានជាធរមាន ក៏ដូចជាកត់ត្រាទុកអំពើបំផ្លិចបំផ្លាញនេះ ក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិ»។

ដោយឡែក កាលពីថ្ងៃចន្ទ ៣រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា ក៏បានសេចក្តីថ្លែងការណ៍ ថ្កោលទោសយោធាថៃ ចំពោះការបង្កហេតុសាជាថ្មីម្តងទៀត នៅតំបន់ប្រាសាទព្រះវិហារ ដែលបានបង្កការលំបាកយ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងអភិរក្សប្រាសាទព្រះវិហារ និងការជម្លៀសមន្ត្រី បុគ្គលិក ឆ្មាំ ពលករ របស់អាជ្ញាធរជាតិព្រះវិហារ ព្រមទាំងប្រជាពលរដ្ឋនៅក្នុងតំបន់ទៅកាន់ទីកន្លែងសុវត្ថិភាព។

សេចក្តីថ្លែងការណ៍របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានខ្លឹមសារទាំងស្រុងថា «នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ៥:០០នាទី យោធាថៃ បានបើកការបាញ់ប្រហារមកលើទឹកដីកម្ពុជា នៅក្នុងតំបន់អានសេះ ខេត្តព្រះវិហារ បន្ទាប់មកបាញ់នៅប្រាសាទតាមាន់ធំ និងទីតាំងផ្សេងទៀត តាមបណ្តោយព្រំដែន ដោយប្រើប្រាស់អាវុធធុនធ្ងន់ជាច្រើន។ រហូតដល់ម៉ោង ៧:០០នាទីព្រឹក ថ្ងៃដដែល ការវាយប្រហារដោយយោ ធាថៃ បានបន្តមកដល់តំបន់ជុំវិញនិងទីតាំងផ្ទាល់ប្រាសាទព្រះវិហារ ដោយបានបំផ្លាញអគារអភិរក្សរបស់គម្រោងអភិរក្ស និងជួសជុលគោបុរៈទី៥ ប្រាសាទព្រះវិហារ ក្រោមកិច្ចសហប្រតិបត្តិការកម្ពុជា-ឥណ្ឌា ដែលស្ថិតនៅបរិវេណគោបុរៈទី៥ និងហេដ្ឋារចនាសម្ព័ន្ធអភិរក្សដទៃទៀត។

ចាប់តាំងពីប្រាសាទព្រះវិហារ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ ភាគីថៃ បានបង្កើតលេសនិងបង្កជម្លោះប្រដាប់អាវុធ នៅតំបន់ប្រាសាទព្រះវិហារ ជាច្រើនលើកច្រើនសា នៅចន្លោះឆ្នាំ២០០៨ និងឆ្នាំ២០១១ ព្រមទាំងបានបង្កជម្លោះសាជាថ្មី នៅថ្ងៃទី២៤-២៨ ខែកក្កដា ឆ្នាំ២០២៥។ ការវាយប្រហារនេះ ធ្វើឡើងបន្ទាប់ពីយោធាថៃ បានធ្វើសកម្មភាពបង្កហេតុជាច្រើន រាប់មិនអស់ និងជាច្រើនថ្ងៃមកហើយ ជាពិសេសឧបទ្ទវហេតុកាលពីថ្ងៃម្សិលមិញ នៅចំណុចព្រលានថ្ម ក្នុងតំបន់រមណីយដ្ឋានប្រាសាទព្រះវិហារ ស្ថិតក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្នុងចេតនាញុះញង់ឱ្យមានការប៉ះទង្គិចគ្នាជាមួយបំណងបំផ្លាញកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមថ្កោលទោសចំពោះការបង្កហេតុសាជាថ្មីម្តងទៀត នៅតំបន់ប្រាសាទ ព្រះវិហារ ដែលបានបង្កការលំបាកយ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងអភិរក្សប្រាសាទព្រះវិហារ និងការជម្លៀសមន្ត្រី បុគ្គលិក ឆ្មាំ ពលករ របស់អាជ្ញាធរជាតិព្រះវិហារ ព្រមទាំងប្រជាពលរដ្ឋនៅក្នុងតំបន់ ទៅកាន់ទីកន្លែងសុវត្ថិភាព។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព រវាងកម្ពុជា និងថៃ ដែលបានចុះហត្ថលេខាដោយនាយកដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ក្រោមការសម្របសម្រួលនិងធ្វើជាសាក្សី ដោយលោក Donald Trump ប្រធា នាធិបតីសហរដ្ឋអាមេរិក និងលោក Anwar Ibrahim នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមអំពាវនាវភាគីថៃ ឱ្យបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដែលគំរាមកំហែងដល់សន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់ ហើយងាកមកគោរពកិច្ចព្រមព្រៀមបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិ ឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អំពាវនាវឱ្យសហគមន៍អន្តរជាតិ ថ្កោលទោសចំពោះសកម្មភាពឈ្លានពានរបស់ភាគីថៃ មកលើបូរណភាពទឹកដីរបស់កម្ពុជា និងការបន្តបំផ្លាញបេតិកភណ្ឌពិភពលោក ប្រាសាទព្រះវិហារ ដោ យបន្តរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាឆ្នាំ១៩៧២ ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌និងធម្មជាតិពិភព លោក និងអនុសញ្ញាឆ្នាំ១៩៥៤ ស្តីពីកិច្ចការពារសម្បត្តិវប្បធម៌ ក្នុងពេលមានជម្លោះប្រដាប់អាវុធ ដែលរដ្ឋភាគីទាំងអស់ នៃអនុសញ្ញានេះ ត្រូវគោរពយ៉ាងម៉ឺងម៉ាត់បំផុត ហើយទាមទារឱ្យថៃ ទទួលខុសត្រូវទាំងស្រុង ចំពោះការរំលោភបំពានដ៏កំរោលនេះ»៕ ខៀវទុំ

RELATED ARTICLES