Saturday, December 13, 2025
Homeតារាខ្មែរណាន ណាន ថាចង់ល្បីដូចនាយចឺម

ណាន ណាន ថាចង់ល្បីដូចនាយចឺម

ភ្នំពេញ ៖ ស្រីស្រស់តូចច្រឡឹង ង៉ា ស្រីណាន ដែលជាកូនស្រីសំណព្វចិត្តរបស់តារាកំប្លែង អ្នកនាង ស្រីអ៊ីត បានអះអាងថា រឿងយកប្ដីសី នាងមិនទាន់គិតទេ រហូតអាយុ២៥ ដល់២៨ឆ្នាំ ទើបនាងត្រូវគិតគួរ។

ស្រីស្អាត ណាន ណាន ប្រាប់អ្នកយកព័ត៌មាន «នគរធំ» នាពេលថ្មីៗនេះថា ពេលនេះនាងទើបតែមានអាយុ២០ឆ្នាំ ហើយអ្វីដែលនាងផ្ដោតក្នុងវ័យនេះ គឺប្រឹងធ្វើការ រកស៊ី រកលុយ ដើម្បីឲ្យម្ដាយបានរស់នៅស្រួលសិន ទើបគ្មានពេលវេលាច្រើននឹកគិតរឿងយកប្ដីឡើយ ។ ប៉ុន្ដែនាងថា រឿងអ្នកញ៉ែ ពិតជាមានខ្លះមែន គ្រាន់តែនាងមិនប្រាប់ថា ជាបុរសក្នុងនិងក្រៅស្រុកទេ ព្រោះចាត់ទុករឿងនេះជាជីវិតឯកជន។ យ៉ាងណា ណាន ណាន បង្ហើប ថា នាងធ្លាប់ទទួលបានដំបូន្មានពីម្ដាយថា បើថ្ងៃក្រោយ យកប្ដី ត្រូវយកអ្នកដែលគេស្រលាញ់នាង និងក្រុមគ្រួសារទាំងមូល ខណៈនាងមិនបានគិតថា អនាគតស្វាមី ជាអ្នកក្នុងឬក្រៅសិល្បៈឡើយ ពោលគឺពេលដល់គូ ពេលណា ពេលហ្នុងចុះ។

ណាន ណាន ក៏បានឲ្យដឹងថា អំឡុងពេលដែលនាងធីបចោលរឿងយកប្ដីនេះ នាងជាប់មមាញឹកទៅលើការថតផ្សព្វផ្សាយផលិតផលនានា និងធ្វើការងារសិល្បៈទូទៅ និងថា នៅខែធ្នូ មុនដំណាច់ឆ្លងឆ្នាំសកលនេះ រូបនាងនឹងចេញបទចម្រៀងផ្ទាល់ខ្លួន ២បទ ជាបទទោល ក្នុងនាមជាតារាចម្រៀងឯករាជ្យម្នាក់ ដែលបច្ចេកទេសច្រៀង និងតិចនិកក្នុងការប្រើប្រាស់សំឡេង គឺនាងមានការបណ្ដុះបណ្ដាលពីនាយចឺម ដែលជាបងជីដូនមួយនាងផ្ទាល់តែម្ដង ។ កូនក្រមុំអ្នកនាងអ៊ីត បន្ថែមថា នាងចង់ក្លាយជាតារាចម្រៀងអាជីព និងល្បីឈ្មោះដូចនាយចឺម ដែរ ហើយគិតថា ខ្លួនអាចទៅរួច ព្រោះនាងហាត់ច្រៀង តាំងតែពីនៅតូច ដោយសាតែលោកយាយ លោកតានាង សុទ្ធតែជាអ្នកចម្រៀងប្រពៃណី។ នាងថា ៩៩% នៃក្រុមគ្រួសារនាង គឺជាអ្នកចម្រៀង ហើយរូបនាងផ្ទាល់ អាចច្រៀងបទប្រពៃណី បទបុរាណ និងបទញាក់បាន។ នាងថា តារាចម្រៀងដែលនាងពេញចិត្តជាងគេ គឺនាយចឺម ប៉ុន្ដែបើនិយាយជាទូទៅ ឲ្យតែតារារៀមច្បង គឺនាងស្រលាញ់ចូលចិត្តទាំងអស់ ។ នាងថា ចង់ប្រ ឡូកគ្រប់ផ្នែកទាំងអស់ ឲ្យតែទាក់ទងវិស័យសិល្បៈ ប៉ុន្ដែក្នុងនោះអាជីពចម្រៀង នាងស្រលាញ់ជាងផ្នែកផ្សេងៗ ។

គួររំលឹកថា ណាន ណាន ក្រៅពីជាតារាសម្ដែង តារាកំប្លែង និងដើរម៉ូដជាដើម នោះកន្លងមកនាងក៏ធ្លាប់ប្រឡងបវរកញ្ញា ជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងកម្មវិធី Miss Teen Cambodia រដូវកាលទី១។ ឆ្លើយតបសំណួរថា តើ ណាន ណាន ចង់ប្រកួតបវរកញ្ញា នៅកម្មវិធីផ្សេងៗទៀតឬអត់? នាងថា គ្មានគម្រោងចង់ប្រឡូកជ្រៅក្នុងវិស័យមួយនេះឡើយ ។ មូលហេតុដោយសារតែនាងចាត់ទុកការប្រឡងបវរកញ្ញា គឺជាបទពិសោធន៍មួយ ហើយនាងអាចធ្វើបានហើយ គឺបានលេខ៣ សម្រាប់ការប្រកួតលើកដំបូង គ្មានការអានអន់ស្រពោនចិត្តចំពោះលទ្ធផលនេះទេ គឺមានតែសប្បាយចិត្ត ។ ប៉ុន្ដែនាងថា សម្រាប់វិស័យដើរម៉ូដ នាងនៅតែស្រលាញ់ និងចង់បន្ដដដែល ។

តាមព័ត៌មានថា ពេលនេះ ណាន ណាន   ចេញបទចម្រៀងផ្ទាល់ខ្លួន ដើម្បីតេស្ដពីសមត្ថភាព និងការគាំទ្រខ្លួនសិន ហើយនៅពេលណានាងហាក់ស៊ាំនឹងអាជីពថ្មីនេះហើយ ពេលនោះ នាយចឺម នឹងអន្ដរាគមន៍ឲ្យនាងចូល ច្រៀងផលិតកម្មសាន់ដេ ចាប់ដៃគូជាមួយនាយ ជាមិនខាន ។ ទាក់ទងបញ្ហានេះ នាយចឺម ធ្លាប់ប្រាប់ថា ជាការពិត ព្រោះបើនាយចង់ ឲ្យប្អូនជីដូនមួយច្រៀង នៅសាន់ដេ ជាមួយគ្នា វាមិនមែនជារឿងដែលពិបាកឡើយ ពោលគឺចូលពេលណាក៏បានដែរ ៕

RELATED ARTICLES