ភ្នំពេញ ៖ លោកស្រី កាចា កាឡាលស (Kaja Kallas) តំណាងជាន់ខ្ពស់សហភាពអឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប បានថ្លែងថា ជម្លោះរវាងប្រទេសកម្ពុជា និងប្រទេសថៃ មិនត្រូវបណ្តោយឱ្យរាលដាលកាន់តែធ្ងន់ឡើយ។ ហេតុដូច្នេះ បទឈប់បាញ់ ចាំបាច់ត្រូវតែស្តារឡើងវិញជាបន្ទាន់។ លោកស្រី នឹងបន្តកិច្ចការនេះ ដើម្បីជួយបញ្ចប់ការកើនឡើងជម្លោះ ហើយសហ ភាពអឺរ៉ុប អាចផ្តល់ជូននូវរូបភាពពីផ្កាយរណប សម្រាប់ការឃ្លាំមើលបទឈប់បាញ់។

តាមប្រភព សហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា (European Union in Cambodia) បានផ្សាយសេចក្តីថ្លែងការ ណ៍របស់លោកស្រី កាចា កាឡាលស (Kaja Kallas) តំណាងជាន់ខ្ពស់សហភាពអឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប តាមទំព័របណ្តាញសង្គម ហ្វេសប៊ុក សហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ដែលមានខ្លឹមសារថា «សេចក្តីថ្លែងការណ៍របស់លោកជំទាវ Kaja Kallas តំណាងជាន់ខ្ពស់សហភាពអឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប ៖
“ជម្លោះរវាងប្រទេសកម្ពុជា និងប្រទេសថៃ មិនត្រូវបណ្តោយឱ្យរាលដាលកាន់តែធ្ងន់ធ្ងរឡើយ។ ហេតុដូច្នេះហើយ បទឈប់បាញ់ ចាំបាច់ត្រូវតែស្តារឡើងវិញជាបន្ទាន់។ នាងខ្ញុំនឹងបន្តកិច្ចការនេះ ដើម្បីជួយបញ្ចប់វដ្ដនៃការកើនឡើងជម្លោះ។ សហភាពអឺរ៉ុប អាចផ្តល់ជូននូវរូបភាពពីផ្កាយរណប សម្រាប់ការឃ្លាំមើលបទឈប់បាញ់។
នេះគឺជាសារដែលនាងខ្ញុំបានជម្រាបជូនរដ្ឋមន្ត្រីការបរទេសនៃប្រទេសថៃ និងកម្ពុជា នៅក្នុងកិច្ចពិភាក្សានាព្រឹកនេះ”។
សូមបញ្ជាក់ថា សេចក្តីថ្លែងការណ៍របស់តំណាងជាន់ខ្ពស់សហភាពអឺរ៉ុប ខាងលើនេះ បានធ្វើឡើង ស្របពេលដែលភាគីថៃ នៅតែបន្តរំលោភបំពានលើបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព រវាងកម្ពុជា និងថៃ ដែលភាគីកម្ពុជា និងភាគីថៃ បានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទី ក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្រោមវត្តមានជាសាក្សីរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ នៃសហ រដ្ឋអាមេរិក និងលោកនាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម នៃប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន ។ គិតមកដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ជាថ្ងៃទី១២ ហើយដែលកងកម្លាំងយោធាថៃ បន្តការបាញ់ប្រហារ និងឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជា យ៉ាងសាហាវឃោរឃៅ អមនុស្សធម៌ និងខុសច្បាប់អន្តរជាតិ៕