ភ្នំពេញ ៖ ផ្ទះ ១ខ្នង របស់ប្រជាការពារម្នាក់ ត្រូវបានអគ្គិភ័យឆាបឆេះបំផ្លាញអស់ទាំងស្រុង និងថែមទាំងរាលឆេះដល់ផ្ទះអ្នកជិតខាង ចំនួន៥ខ្នងទៀត សរុបខូចខាតផ្ទះ ចំនួន៦ខ្នង និងបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជា ពលរដ្ឋ និងសមត្ថកិច្ច ទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង ៦និង១០នាទីព្រលប់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវបេតុង កុងស៊ីកាប់ជ្រូក ស្ថិតក្នុងក្រុមទី១ ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។
ផ្ទះដែលរងការឆាបឆេះ ជាប្រភេទផ្ទះឈើ មានទំហំ៥ម៉ែត្រ គុណនឹង ៦ម៉ែត្រ មានម្ចាស់ឈ្មោះកូប សារី ភេទប្រុស អាយុ៤៨ឆ្នាំ ជាប្រជាការពារភូមិ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

លោកស្វាយ ដារ៉ា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកប្រា បានបញ្ជាក់ប្រាប់ថា មុនកើតហេតុ កម្លាំងសមត្ថកិច្ចកំពុងតែល្បាតតាមដងផ្លូវ ស្រាប់តែឃើញអណ្តាតភ្លើងឆេះសន្ធោសន្ធៅ ឆេះចេញពីផ្ទះប្រជាពលរដ្ឋ ក៏បានសុំអន្តរាគមន៍រថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកកន្លែងកើតហេតុភ្លាមៗ។ ហើយភ្លាមនោះ មានរថយន្តពន្លត់អគ្គិភ័យ ជាច្រើនអង្គភាព បានចុះមកដល់កន្លែងកើតហេតុ ជាបន្តបន្ទាប់ មានទាំងរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកច្បារអំពៅ ដើម្បីត្រៀមក្រែងមានជនរងគ្រោះក្នុងហេតុការណ៍អគ្គិ ភ័យខាងលើ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ថា ដោយមានការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការ នគរបាលរាជធានីភ្នំពេញ លោកបានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងសមត្ថកិច្ចជំនាញ ឱ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ឱ្យទាន់ពេលវេលា កុំឱ្យមានការឆាបឆេះបន្តដល់រថយន្តដែលនៅក្បែរនោះ។

នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន២០គ្រឿង ក្នុងនោះរថយន្តការិយាល័យរាជធានីភ្នំពេញ ចំនួន១០គ្រឿង ប្រើប្រាស់ទឹកអស់១០គ្រឿង ស្មើនឹង ៤០ម៉ែត្រគូប និងមានរថយន្តជំនួយមកពីក្រសួងមហាផ្ទៃ ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន ស្មើនឹង ១២ម៉ែត្រគូប។ រថយន្តពន្លត់អគ្គិភ័យរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន២គ្រឿង ពុំបានប្រើប្រាស់ទឹក។ រថយន្តពន្លត់អគ្គិភ័យរបស់សាលាខណ្ឌច្បារអំពៅ ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើនឹង ៦ម៉ែត្រគូប។ រថយន្តពន្លត់អគ្គិភ័យរបស់ទីក្រុងកោះពេជ្រ ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន ស្មើនឹង ១២ម៉ែត្រគូប។ រថយន្តពន្លត់អគ្គិភ័យរបស់បុរីប៉េងហួត ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន ស្មើនឹង ១២ម៉ែត្រគូប និងរថយន្តពន្លត់អគ្គិភ័យរបស់ទីក្រុងកោះនរា ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើនឹង ៦ម៉ែត្រគូប។

ចំពោះសំណង់រងគ្រោះ គឺជាប្រភេទផ្ទះឈើ ទំហំ ៥ម៉ែត្រ គុណនឹង ៦ម៉ែត្រ ឆេះខូចខាតតុ ទូរ ទូរទស្សន៍ គ្រែ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះ អស់ទាំងស្រុង ហើយរាលដាលដល់ផ្ទះអ្នកជិតខាង ចំនួន៥ខ្នងផ្ទះផ្សេងទៀត។ ករណីខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ពន្លត់ចប់ នៅម៉ោង៧និង២០នាទីយប់ ថ្ងៃដដែល។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា ហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការស្រាវជ្រាវរកឃើញថា បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យ។ យ៉ាងណា ករណីនេះ មិនបានបណ្តាលឱ្យមានអ្នកណាម្នាក់រងរបួសនោះឡើយ៕