ភ្នំពេញ ៖ ក្នុងវ័យ៥២ឆ្នាំ អ្នកមេម៉ាយ សំ ប៉ូលីថា អះអាងថា នាងជាតារាដែលមានវិបត្តិផ្លូវចិត្ត (depression) ខ្លាំងជាងគេ ប៉ុន្ដែនាងមិនដែលជ្រើសយកវិធីបញ្ចប់ជីវិត ដោយការធ្វើអត្តឃាតឡើយ ។ ចំពោះមូលហេតុ ត្រូវបានអ្នកនាង លីដា ប្រាប់ថា នាងមិនមែនជីវិតអមតៈ នោះទេ ប៉ុន្ដែនាងចង់ស្លាប់តាមសម្រួល។ អ្នកនាងថា ការដែលនាងមានជំងឺវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរបែបនេះ ដោយសាតែបែកបាក់គ្រួសារ ពីរលើក ហើយខ្លួនមួយ ដើរតួនាទីជាស្រីផង ប្រុសផង ទើបជីវិតផុងជ្រៅនឹងជំងឺនេះ ។ ក្រៅពីមិនជ្រើសផ្លូវស្លាប់ដោយការធ្វើអត្តឃាត អ្នក នាងលីដា ថានាងក៏គ្មានផែនការយកស្វាមីថ្មីទៀតដែរ ។ នាងថា សុខចិត្តប្រើជីវិតជាស្រ្ដីមេម៉ាយ តទៅទៀត ព្រោះគិតថា វ័យនេះហើយ គ្មានអ្នកណាយកនាងទៀតទេ ។



អ្នកនាង សំ ប៉ូលីដា និយាយលាយឡំសំណើចថា «អាណាយក? យកមកមើលជំងឺ ១លានមុខ?»។ អ្នកនាងលីដា ថាក្រៅពីគ្មានអ្នកណាយក នាងក៏មិនចង់បានស្វាមីថ្មីទៀតដែរ ដោយនាងគិតថា ប្រុសៗ ស្រលាញ់បានតែដំបូង ពេលបានកូន១ ចាត់ទុកនាងជាបាល់ទាត់ បាល់ទះ ហេតុនេះនាងសូមរាងចាលហើយ។


គួររំលឹកថា អ្នកនាង សំ ប៉ូលីដា ធ្លាប់ប្រេះឆាស្នេហា ពីរលើក បន្សល់កូន ៣នាក់ (ស្រី១ ប្រុស២) ក្នុងនោះកូនប្រុសច្បង អាយុ៣១ឆ្នាំ ជាមន្រ្ដីយោធា កូនស្រីទី២ អាយុ១១ ឆ្នាំនិងកូនប្រុសទី៣ អាយុ១០ឆ្នាំ ។ ក្នុងចំណោមកូនទាំង៣នាក់ មានតែកូនស្រីទី២ទេ ដែលបានមកអ្នកនាងគ្រប់គ្រង ព្រោះឪពុកគេស្លាប់ ខណៈដែលកូនច្បង និងកូនពៅ បានទៅលើឪពុកគេគ្រប់គ្រង ប៉ុន្ដែនាងថា អតីតប្ដី នៅតែរាប់អាននាងធម្មតា ។ អ្នកនាងលីដា ថាសព្វ ថ្ងៃនាងច្រៀងនៅភោជនីយដ្ឋាន មាស ជាប្រចាំ ជាឆ្នាំងបាយរបស់នាង។ នាងថា ការច្រៀង នៅហាងនោះហើយ ពេលខ្លះ នាងញ៉ាំស្រាបៀរ តិចតួច អាចឲ្យនាងបំបាត់ការពិបាកចិត្ត គេងលក់ស្រួល ។


ជាមួយគ្នានេះដែរ អ្នកនាង សំ ប៉ូលីដា លើកឡើងថា ស៊េរីនាង ជាតារាយាស្ដោកស្ដាកទៅហើយ តែនាងក៏បានអំពាវនាវឲ្យម្ចាស់ផលិតផល និងផលិតកម្មទាំងឡាយ ផ្ដល់ការងារឲ្យតារាៗជើងចាស់ មានការងារធ្វើ ដូចជា ថតស្ពតអបរំ រឿងខ្លីៗ ជាដើម ដើម្បីឲ្យពួកគាត់មានលុយដោះស្រាយជីវភាពផង ព្រោះបើចាំដល់ពួកគាត់ស្លាប់ហើយ យកលុយទៅចូលបុណ្យ តើបានប្រយោជន៍អី? នាងថា ទង្វើបែបនេះ លុយហ្នឹងបានដល់តែអ្នកនៅរស់ បើអ្នកស្លាប់ហើយគ្នាមិនអាចចាយលុយហ្នឹងបានទេ ៕

