ខេត្តត្បូងឃ្មុំ ៖ ដោយសារតែទំហំចិត្តអាណិតស្រណោះ ស្រលាញ់កូន យ៉ាងធំធេង នៅពេលឮថាកូនប្រុសដែលជាវីរកងទ័ព បានពលីនៅសមរភូមិ ទិសប្រាសាទតាក្របី ក្នុងសង្រ្គាមជាមួយថៃ តាំងពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ តែមិនទាន់អាចយកសពបានចេញពីកន្លែងប្រយុទ្ធនោះ បានធ្វើស្រី្តជាម្ដាយចាស់ ដែលមានវ័យជិត១០០ឆ្នាំទៅហើយ អង្គុយយំរាល់ថ្ងៃ រង់ចាំសពកូន បញ្ជូនត្រលប់មកស្រុកកំណើតវិញ ។ ប៉ុន្តែការទន្ទឹងរង់ចាំរបស់ម៉ែចាស់រូបនេះ ប្រហែលគ្មានឱកាសបានជួបសពកូនទេ ទើបក្រុមគ្រួសារ សម្រេចយកឯកសណ្ឋានកងទ័ព តំណាងឲ្យសពវីរកងទ័ពពលី រៀបចំធ្វើបុណ្យឈាបនកិច្ច តាមប្រពៃណីព្រះពុទ្ធសាសនា កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ។

គួរបញ្ជាក់ថា ក្នុងចំណោមវីរកងទ័ពកម្ពុជា ដែលបានពលីនៅក្នុងសមរភូមិ នៅក្នុងសង្រ្គាមជាមួយកងទ័ពឈ្លាន ពានថៃ ជាង១០ថ្ងៃ មកនេះ លោកព្រឹន្ទបាលទោ ឡេង សុផាត ហៅសុខ អាយុ៥៦ឆ្នាំ ដែលស្រុកកំណើតនៅភូមិអង្គជ័យ ឃ្មុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលឈរជើងនៅប្រាសាទតាក្របី ខេត្តឧត្ដរមានជ័យ បានទទួ លមរណភាព កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ប៉ុន្តែមកដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ប្រភពពីក្រុមគ្រួសារសព យុទ្ធជនពលីរូបនេះ មិនទាន់ត្រូវបានបញ្ជូនមកដល់ស្រុកកំណើតនៅឡើយ ខណៈដែលស្រី្តជាម្ដាយ ឈ្មោះឡេង ឆេង អាយុ៩៦ឆ្នាំ យំរកកូនរាល់ថ្ងៃ ក្នុងរយៈពេល៥ថ្ងៃ ដែលមិនទាន់ឃើញសពកូនត្រូវបញ្ជូនមកដល់ផ្ទះវិញនេះ ។

អ្នកស្រី សុខ ស្រីម៉ុម អាយុ ៣០ឆ្នាំ ត្រូវកូនស្រីរបស់ព្រឹន្ទបាលទោ ឡេង សុផាត ហៅសុខ បានបញ្ជាក់ប្រាប់ “នគរធំ” ព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ថា បើតាមការបញ្ជាក់ពីមេបញ្ជាការនៅទិសប្រាសាទតាក្របី នៃសមរភូមិមុខ បញ្ជាក់ថា ឪពុករបស់អ្នកស្រី ពិតជាបានពលីជីវិតនៅក្នុងការប្រយុទ្ធជាមួយកងទ័ពថៃ មែន តាំងពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ។ ពេលបានដឹងដូច្នេះ ជីដូនរបស់អ្នកស្រី ដែលមានវ័យកាន់តែចាស់ណាស់ទៅហើយ បានស្រែកយំខ្លាំងណាស់ ព្រោះស្ដាយអាយុជីវិតកូនដែលពលីក្នុងសមរភូមិ ។ បន្ទាប់មក ខណៈដែលពីមួយថ្ងៃ ទៅមួយថ្ងៃ រំលងដល់៥ថ្ងៃ មិនឃើញសពកូនប្រុស ត្រូវបញ្ជូនមកដល់ផ្ទះ យាយរបស់អ្នកស្រីនៅយំ ហើយមិនខ្វល់បាយទឹកទេ ដោយគាត់និយាយថា គាត់មិនឃ្លានបាយទេ ពេលមិនឃើញសពកូនមកដល់ផ្ទះបែបនេះ គឺគាត់នៅតែអង្គុយរង់ចាំសពកូន ដូចក្មេងតូចអង្គុយរង់ចាំផ្លូវម្ដាយមកពីផ្សារ ។ ប៉ុន្តែដោយសារចាំច្រើនថ្ងៃហើយ មិនឃើញ ហើយសង្កេតឃើញស្ថានភាពរាងកាយគាត់កាន់តែមានសភាពប្រែប្រួល និងស្ថានភាពផ្លូវចិត្តគាត់កាន់តែស្រពាប់ស្រពោនទៅ ទើបកូនចៅ បានព្យាយាមលួងលោមគាត់ ឲ្យខំកាត់ចិត្ត ហើយរៀបចំធ្វើបុណ្យសព ឲ្យឪពុករបស់អ្នកស្រី ឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធរបស់ឪពុក បានទៅកាន់សុគតិភព បើទោះបីមិនទាន់បានឃើញសពមកក៏ដោយ ការដែលមនុស្សស្លាប់ទៅហើយ ត្រូវរៀបចំធ្វើបុណ្យឲ្យ ។ ទីបំផុត ពិធីបុណ្យសពឪពុកអ្នកស្រី បានរៀបចំធ្វើ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ នៅភូមិអង្គជ័យ ឃ្មុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ហើយជីដូនរបស់អ្នកស្រី ក៏បានធូរស្រាលពីអារម្មណ៍សោកសៅបន្តិច ព្រោះបានរៀបចំធ្វើបុណ្យឲ្យកូន ទោះបីជាមិនទាន់បានឃើញសពកូន ។

អ្នកស្រី សុខ ស្រីម៉ុម បានរំលឹកថា ឪពុករបស់អ្នកស្រី បានចូលបម្រើយោធា តាំងពីគាត់មិនទាន់រៀបការ លុះមានប្រពន្ធ មានកូន៣នាក់ និងឈានចូលដល់វ័យជាង៥០ឆ្នាំ ក៏គាត់នៅតែមានឈ្មោះជាយោធា ពាក់ស័ក្ដិ២ ។ អ្នកស្រី បន្តថា ជីវិតជាយោធា បានធ្វើឲ្យឪពុករបស់អ្នកស្រី មានឱកាសការពារទឹកដី តែមិនបានជួយយឹតយោងគ្រួសារឲ្យមានជីវភាពធូរធារទេ គឺក្រៅពីកូនៗមានគ្រួសារ និងមានជីវក្រីក្រ គាត់ត្រូវទទួលបន្ទុកចិញ្ចឹមមើលថែម៉ែចាស់ ដែលវ័យទៅ៩៦ឆ្នាំនេះ ។ ដូច្នេះហើយទើបធ្វើឲ្យជីដូន ស្រលាញ់ឪពុករបស់អ្នកស្រីណាស់ ព្រោះគាត់មានកូនតិច ហើយបានស្លាប់អស់ នៅសល់តែកូនជាទាហានម្នាក់នេះ ឥឡូវបានពលីនៅក្នុងសមរភូមិទៀត ទើបធ្វើឲ្យគាត់ទប់ទឹកភ្នែកមិនបានទេ ដូចទូលទុក្ខធំប៉ុនភ្នំ ស្ដាយស្រណោះខ្លាំងណាស់ ។

កូនស្រីវីរកងទ័ពពលី ខាងលើ បញ្ជាក់ថា បើគិតពីស្ថានភាពជីវភាពខ្វះខាត ដូចដែលអ្នកស្រីបានរៀបរាប់ ក្រុមគ្រួសាររបស់អ្នកស្រី រួមមាន លោកយាយ និងម្ដាយ ពិតជាមិនមានលទ្ធភាពធ្វើបុណ្យឲ្យបានសមរម្យជូនឪពុករបស់អ្នកស្រីទេ តែដោយសារមានការអាណិតអាសូរ ជួយបរិច្ចាគថវិកាពីសប្បុរសជនជិតឆ្ងាយតាមកម្លាំងសទ្ធា ទើបធ្វើឲ្យគ្រួសារអ្នកស្រី មានលទ្ធភាពរៀបចំធ្វើបុណ្យសពឧទ្ទិសជនវិញ្ញាណក្ខន្ធសពឪពុកពលី ដោយអញ្ជើញញាតិមិត្តក្នុងភូមិចូលរួម និងមាននិមន្តព្រះសង្ឃ សម្ដែងធម៌ទេសនាផងដែរ ៕ កុលបុត្រ