Thursday, January 1, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឃាត់ខ្លួន៤នាក់ បង្ហោះដ្រូន រុករករ៉ែ

ឃាត់ខ្លួន៤នាក់ បង្ហោះដ្រូន រុករករ៉ែ

ខេត្តកំពង់ស្ពឺ ៖ បុរសចំនួន ៤នាក់ បានធ្វើសកម្មភាពបង្ហោះយានគ្មានមនុស្សបើក (ដ្រូន) នៅចំណុចលើផ្លូវជាតិលេខ៤ ដើម្បីរុករករ៉ែ ក្នុងអំឡុងពេលដែលរដ្ឋបាលខេត្តកំពង់ស្ពឺ និងទូទាំងប្រទេស ធ្វើការហាមឃាត់ ត្រូវបានកម្លាំងកងការពារសន្តិសុខរបស់វិទ្យាស្ថាននាយទាហាន ចម្រុះ (ថ្លុកតាសេក) បានឃាត់ខ្លួន នាំយកមកចាត់ការតាមច្បាប់។

ការឃាត់ខ្លួនបុរសទាំង៤នាក់ បានធ្វើឡើងកាលពីវេលាម៉ោង ១០និង៤០នាទីព្រឹក ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៩១-៩២ ស្ថិតក្នុងភូមិទី៣ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច។

ជនសង្ស័យទំង៤នាក់ ដែលត្រូវបានឃាត់ខ្លួន រួមមាន ទី១-ឈ្មោះសំ រាជ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិសំពោងជ័យ ឃុំសំពោងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ទី២-ឈ្មោះយន់ ប៊ុនឆាយ ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅងភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ទី៣-ឈ្មោះមៀច វិបុលរាជ្យ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ និងទី៤-ឈ្មោះទូច វណ្ណា ភេទប្រុស អាយុ ៥៣ឆ្នាំ មានលំនៅ ភូមិកន្ទ្រាន ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលឃាត់ខ្លួនបុរសទាំង៤នាក់ខាងលើ គឺនៅវេលាម៉ោង ១០និង៤០នាទីព្រឹក ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងកងការពារសន្តិសុខរបស់វិទ្យាស្ថាននាយទាហានចម្រុះ (ថ្លុកតាសេក) បានប្រទះឃើញមានការបង្ហោះដ្រូន នៅចំណុចភូមិសាស្ត្រខាងលើ ទើបធ្វើការស្រាវជ្រាវនិងឈានដល់ការឃាត់ខ្លួនបុរសទាំង៤នាក់ខាងលើ នាំយកមកធ្វើការសាកសួរ។

ប្រភពដដែល បន្តថា បុរសទាំង៤នាក់ខាងលើ គឺជាក្រុមការងារក្រុមហ៊ុនឯកជនរុករករ៉ែប្រេង ដែលមានការអនុញ្ញាតពីរាជរដ្ឋាភិបាល សហការជាមួយក្រសួងរ៉ែនិងថាមពល  ដែលបានធ្វើសកម្មភាពបង្ហោះយានគ្មានមនុស្សបើក (ដ្រូន) នៅចំណុចលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៩១-៩២ ស្ថិតនៅភូមិទី៣ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច។

ជាមួយនឹងការឃាត់ខ្លួនមនុស្សទាំង៤នាក់នេះ សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន ទូរស័ព្ទដៃ ចំនួន៤គ្រឿង (ម៉ាក iPhone ចំនួន៣គ្រឿង និងម៉ាក Samsung ចំនួន១គ្រឿង)។ កុំព្យូទ័រ Laptop ចំនួន៣គ្រឿង (ម៉ាក Apple ចំនួន១គ្រឿង និងម៉ាក Dell ចំនួន ២គ្រឿង)។ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន៤សន្លឹក។ ម៉ាស៊ីនចុច GPS ចំនួន១គ្រឿង។ កាបូបស្ពាយចំហៀង ចំនួន១ ពណ៌ខ្មៅ និងរថយន្ត ១គ្រឿង ម៉ាកហាយឡែនដឺរ ពណ៌មាស ពាក់ស្លាកលេខ ភ្នំពេញ 2Q-9928។

បុរសទាំង៤នាក់ខាងលើ ត្រូវបានសមត្ថកិច្ច បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីធ្វើការសាក សួរ និងចាត់ការតាមនីតិវិធី៕

RELATED ARTICLES