ភ្នំពេញ ៖ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យបងប្អូនវីរកងទ័ព ទាំង១៨រូប ដែលទើបធ្វើមាតុភូមិនិវត្តន៍មកជួបជុំក្រុមគ្រួសារ ក្នុងប្រទេសកំណើតវិញ ក្រោយពេលត្រូវយោធាថៃ ចាប់យកទៅឃុំឃាំងអស់ ១៥៥ថ្ងៃ និងក្រុមគ្រួសារ ចូលជួបសំណេះសំណាល និងសួរសុខទុក្ខ នៅវិមាន៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១ ខែមករា ឆ្នាំ២០២៦។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា និងគណបក្សប្រជាជនកម្ពុជា បានឱ្យដឹងថា នៅក្នុងជំនួបសំណេះសំ ណាលនោះ សម្ដេច ហ៊ុន សែន បានសម្ដែងនូវក្ដីរីករាយនិងស្វាគមន៍ចំពោះការធ្វើមាតុភូមិនិវត្តន៍របស់វីរយុទ្ធជនរបស់យើង ដែលបានជួបជុំជាមួយក្រុមគ្រួសារ និងបានមកដល់ប្រទេសកំណើតរបស់ខ្លួនវិញ ។

សម្ដេចហ៊ុន សែន បានលើកឡើងថា សម្តេច យល់អំពីអារម្មណ៍របស់វីរយុទ្ធជនរបស់យើង ក៏ដូចជាក្រុមគ្រួសារ នូវការលំបាកនៃការព្រាត់ប្រាសគ្នា ព្រោះសម្ដេចផ្ទាល់ ធ្លាប់បានឆ្លងកាត់នូវបទពិសោធនៃការ ព្រាត់ប្រាសគ្រួសារ កាលពីពេលដែលសម្ដេច យកជីវិតជាដើមទុន ដើម្បីរំដោះប្រទេសជាតិ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ។

សម្ដេច ក៏បានយកឱកាសនេះ អរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ជានិច្ចចំពោះសុខទុក្ខនិងអាយុជីវិតរបស់វីរយុទ្ធជនរបស់យើង ហើយរូបសម្ដេចផ្ទាល់ ក៏បានយកចិត្តទុកដាក់ និងបានតាមដានជាប្រចាំអំពីស្ថានភាពរបស់វីរយុទ្ធជនយើង ហើយជាពិសេសបំផុតនោះ សម្ដេច បានមានប្រសាសន៍ថា ព្រះមហាក្សត្រ នៃយើង ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះ រាជាណាចក្រកម្ពុជា និងសម្ដេចម៉ែ ក៏ព្រះអង្គទាំងទ្វេ បានយកព្រះទ័យទុកដាក់យ៉ាងខ្លាំងចំពោះវីរយុទ្ធជនរបស់យើង ទាំង១៨រូប រួមទាំងវីរកងទ័ពទាំងអស់របស់យើង នៅតាមព្រំដែន ដែលនេះជាការយកចិត្តដាក់ពីថ្នាក់ ដឹកនាំរបស់កម្ពុជា គ្រប់លំដាប់ថ្នាក់។

ជាមួយនេះ សម្ដេចហ៊ុន សែន ក៏បានបង្ហាញនូវក្ដីរំភើបបន្ថែមទៀត ដែលកាលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ម្សិលមិញ នៅពេលដែលសម្ដេច បានឃើញវីរយុទ្ធជនរបស់យើង ធ្វើដំណើរមកដល់កម្ពុជា តាមរយៈការផ្សព្វផ្សាយផ្ទាល់ សម្ដេច មានអារម្មណ៍រំភើប រហូតដល់ស្រក់ទឹកភ្នែក នៅពេលឃើញនូវការស្វាគមន៍យ៉ាងកក់ក្តៅពីសំ ណាក់ប្រជាជនរបស់យើង គ្រប់មជ្ឈដ្ឋាន នៅតាមដងផ្លូវ ចំពោះវីរយុទ្ធជនរបស់យើង ទាំង១៨នាក់ ដែលសម្ដេច បានបញ្ជាក់ថា នេះជាស្មារតីនៃការសាមគ្គីរបស់ប្រជាជនខ្មែរ ដ៏ធំបំផុត សម្រាប់វីរយុទ្ធជនរបស់យើងទាំងអស់ ១៨នាក់ ក៏ដូចជាស្មារតីនៃការសាមគ្គីជាមួយនឹងវីរយុទ្ធជនយើងនៅសមរភូមិមុខផងដែរ ។

សម្ដេច ហ៊ុន សែន បានជូនពរដល់វីរយុទ្ធជនទាំង ១៨រូប រួមទាំងក្រុមគ្រួសារ ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន និងបានរស់នៅជាមួយនឹងក្រុមគ្រួសារ ព្រមទាំងបានរស់នៅក្នុងទឹកដីកំណើតឡើងវិញ ប្រកបដោយភាពសុខសាន្ត។

គួរបញ្ជាក់ថា វីរកងទ័ពកម្ពុជា ១៨រូប បន្ទាប់ពីត្រូវបានចាប់ខ្លួន អស់រយៈពេល ១៥៥ថ្ងៃ (តាំងពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥) ត្រូវបានភាគីថៃ ដោះលែង ប្រគល់ឲ្យមកកម្ពុជា វិញ តាមច្រកទ្វារអន្តរជាតិ បានផាក់កាត (ថៃ) ដែលឈមនឹងច្រកព្រំដែន ព្រំ ខេត្តប៉ៃលិន (កម្ពុជា) នៅវេលាម៉ោង ១០និង០០នាទីព្រឹក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ រួចក៏បានធ្វើដំណើរតាមរថយន្តក្រុង ទៅខេត្តបាត់ដំបង បន្តដំណើរតាមឧទ្ធម្ភាគចក្រ មកដល់រាជធានីភ្នំពេញ នៅរសៀលថ្ងៃដដែល ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ ពីថ្នាក់ដឹកនាំសំខាន់ៗនៃរាជរដ្ឋាភិបាលកម្ពុជា និងបងប្អូនប្រជាពលរដ្ឋជាច្រើន។ នៅរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ នោះដែរ វីរកងទ័ព ទាំង១៨រូប ក៏បានទទួលការអនុញ្ញាតពីសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចូលជួបសំណេះសំណាល សាកសួរសុខទុក្ខ នៅវិមានសន្តិភាពផងដែរ៕ ខៀវទុំ