ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានប្រាប់វីរកងទ័ព ទាំង១៨រូប ដែលទើបត្រូវបានភាគីថៃ ដោះលែងមកមាតុភូមិវិញ ដោយសុខសុវត្ថិភាព នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ក្រោយទន្ទឹងរង់ចាំ អស់១៥៥ថ្ងៃ ហើយត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅបំផុតពីថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋខ្មែរថា «ទោះជាយូរបន្តិច តែយើងមិនដែលភ្លេចបងប្អូននោះទេ» ហើយសម្ដេច បញ្ជាក់សង្កត់ធ្ងន់ពីកាតព្វកិច្ចសំខាន់ ចំនួន៣ របស់រាជរដ្ឋាភិបាល គឺការធានាអាយុជីវិត ការធានាសុខសុវត្ថិភាព និងការស្វែងរកសេរីភាពជូនបងប្អូនវីរកងទ័ព ។

សូមរំលឹកថា នៅច្រកទ្វារព្រំដែនអន្តរជាតិ ព្រំ ខេត្តប៉ៃលិន វេលាម៉ោង ១០:០០នាទីព្រឹក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ យោធិនកម្ពុជា ទាំង ១៨រូប ដែលបានស្ថិតក្រោមការឃុំគ្រងរបស់ភាគីថៃ អស់រយៈពេល ១៥៥ថ្ងៃ ត្រូវបានដោះ លែង និងបញ្ជូនត្រឡប់មកមាតុប្រទេសវិញ ដោយសុខសុវត្ថិភាព បន្ទាប់ពីត្រូវបានយោធាថៃ ចាប់ខ្លួន ក្រោយ ពេលមានបទឈប់បាញ់ ចូលជាធរមាន កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។

ការដោះលែងយោធិនកម្ពុជា ចំនួន ១៨រូប ត្រឡប់មកកម្ពុជា វិញ គឺធ្វើឡើងក្រោមការឯកភាពគ្នារវាងកម្ពុជា និងថៃ នៅក្នុងសេចក្តីប្រកាសរួម កិច្ចប្រជុំពិសេស លើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងចំណុចទី១១ ដែលបានកំណត់ថា បន្ទាប់ពីការគោរពយ៉ាងពេញលេញក្នុងរយៈពេល ៧២ម៉ោង នៃបទឈប់បាញ់ ដែលត្រូវបានចូលជាធរមាន កាលពីវេលាម៉ោង ១២:០០ថ្ងៃត្រង់ (ម៉ោងក្នុងស្រុក) នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ភាគីថៃ នឹងដោះលែងយុទ្ធជនកម្ពុជា ទាំង១៨រូប។

ក្នុងដំណើរនៃការវិលត្រឡប់របស់យោធាទាំង ១៨រូប របស់យើង ក៏មានការចូលរួមសង្កេតការណ៍ពីសំណាក់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ផងដែរ។
វីរកងទ័ពកម្ពុជា ទាំង១៨នាក់ ត្រូវបានពិនិត្យសុខភាព នៅក្នុងខេត្តប៉ៃលិន មុននឹងធ្វើដំណើរពីអាកាសយានដ្ឋានបាត់ដំបង តាមឧទ្ទម្ភាគចក្រ ឆ្ពោះមកកាន់រាជធានីភ្នំពេញ ដែលមានក្រុមគ្រួសារពួកគាត់ ចាំទទួលនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង) នៅរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ដោយមានវត្តមានលោកស្រី ម៉ែន សំអន ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ លោកហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារ ណៈ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ជើញរង់ចាំទទួលស្វាគមន៍ បំពាក់កម្រងផ្កា ។ បន្ទាប់មក នៅល្ងាចថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត បានអនុញ្ញាតជួបជាមួយវីរកងទ័ព ទាំង១៨នាក់ និងក្រុមគ្រួសារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ។

ក្រោយជំនួបនោះ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានបង្ហោះរូបភាពជាមួយវីរកងទ័ពកម្ពុជា ទាំង១៨រូប នៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់សម្ដេច ភ្ជាប់ជាមួយសំណេរថា “ទោះជាយូរបន្តិច ប៉ុន្តែយើងមិនដែលភ្លេចបងប្អូនទេ។ ថ្ងៃនេះ រាជរដ្ឋាភិបាល បានបំពេញកាតព្វកិច្ចសំខាន់ៗ ទាំងបី សម្រាប់បងប្អូនវីរយុទ្ឋជន ទាំង ១៨រូប ដែលយើងបានកំណត់ដាក់ចេញភ្លាម ចាប់តាំងពីថ្ងៃដែលបងប្អូនត្រូវបានចាប់ខ្លួន នៅថ្ងៃទី២៩ កក្កដា ២០២៥ (១៥៥ថ្ងៃគត់) ។ កាតព្វកិច្ចសំខាន់ទាំងបីនោះគឺ ÷ ១) ការធានាអាយុជីវិត, ២) ការធានាសុខសុវត្ថិភាព និង ៣) ការស្វែងរកសេរីភាពជូនបងប្អូន។ សូមអបអរសាទរចំពោះការទទួលបាននូវសេរីភាព វិលត្រលប់មកជួបជុំគ្រួសារវិញ របស់បងប្អូនបងប្អូនវីរយុទ្ឋជន ទាំង ១៨រូប“ ។

សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានសរសេរបន្ថែម ក្នុងទំព័របណ្តាញសង្គម របស់សម្ដេចថា «រួមជាមួយនិងភរិយា ជួបសំណេះសំណាលជាមួយវីរយុទ្ធជនកម្ពុជា ទាំង១៨រូប ដែលទើបបានធ្វើមាតុភូមិនិវត្តន៍មកមាតុប្រទេសវិញ ដោយសុខសុវត្ថិភាព។ នេះជាសមិទ្ធផលដែលរាជរដ្ឋាភិបាល សម្រេចបានគោលដៅកាតព្វកិច្ច ចំនួនបី គឺ ១. ការធានាអាយុជីវិត ២. ការធានាសុខសុវត្ថិភាព និង៣. ការស្វែងរកសេរីភាព ជូនបងប្អូន“ ៕

