ខេត្តបន្ទាយមានជ័យ ៖ បុរសស្ត្រី ២នាក់ ភៀសសឹកចេញមកពីតំបន់ផ្សេងគ្នា តែបានចូលមកស្នាក់នៅក្នុងមណ្ឌលភៀសសឹក ស្ថិតក្នុងវត្តតាហី ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ លុះក្រោយពីបានជួបប្រា ស្រ័យទាក់ទងគ្នារាល់ថ្ងៃ ក៏ចាប់ផ្តើមមានចិត្តប្រតិព័ទ្ធលើគ្នាទៅវិញទៅមក រហូតដល់ត្រូវរ៉ូវភ្ជាប់ទំនាក់ទំនងស្នេហា ដោយសុំព្រះសង្ឃ ធ្វើជាសាក្សី និងសុំដេកមុងតែមួយ ក្នុងមណ្ឌលភៀសសឹក ដោយសន្យាថា ចប់សង្គ្រាមពេលណា នឹងរៀបចំសែនព្រេន យកគ្នាជាប្តីប្រពន្ធ មើលថែគ្នារហូតដល់ចាស់កោងខ្នងរៀងខ្លួន។

តាមប្រភពព្រះសង្ឃ មួយអង្គ គង់នៅវត្តតាហី បានឲ្យដឹងនៅយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ថា គូស្នេហ៍ភៀស សឹក មួយគូ បានជួបគ្នាក្នុងជំរំជនភៀសសឹក និងបានសុំឲ្យព្រះអង្គ ជួយធ្វើជាសាក្សីនៃក្តីស្នេហារបស់ពួកគេផង។

ព្រះសង្ឃខាងលើ បានមានថេរដីកាថា “ញោមអើយញោម ជួយអាត្មាផង ជួយគិតអាត្មាផង នេះរឿងថ្មីទៀត នៅក្នុងវត្តតាហី នេះយប់ហើយណាញោមណា ខាងប្រុស ភៀសសឹក នៅព្រៃចាន់ ខាងស្រី ភៀសសឹក នៅតៃហាំង អត់ស្គាល់គ្នាទេ ភៀសសឹក មកវត្តតាហី រួចក៏សម្រេចថា ស្រលាញ់គ្នា ត្រូវរ៉ូវគ្នា ហើយសម្រេចសែន ពេលចប់សង្គ្រាម ឥឡូវឱ្យអាត្មាដឹងឮសិន។ បងប្អូនយើងអើយ! មកជួយដឹងឮអាត្មាផងណា ប្រយ័ត្នខាងណោះមានប្តី ខាងណេះមានប្រពន្ធ នាំមានរឿងរ៉ាវអីណា។ ឥឡូវសម្រេចថា ត្រូវរ៉ូវគ្នាហើយ ថ្មីទៀតហើយញោមអើយ! នេះ ជួបស្នេហ៍ភៀសសឹក នៅវត្តតាហី អាត្មានេះ សព្វគ្រប់ញោម អីក៏មានដែរបងប្អូន…”។

ព្រះតេជគុណ ដដែល មានបន្តថា “យប់នេះ ថ្ងៃទី២៩ មានរឿងចម្លែកមួយទៀត មិនធ្លាប់មាន ខាងស្រី នៅខាងតៃហាំង ខាងប្រុស ភៀសសឹកមកពីតំបន់ព្រៃចាន់ ឥឡូវត្រូវរ៉ូវ ខាងនេះអត់ប្តី ខាងនេះអត់ប្រពន្ធ ឥឡូវត្រូវរ៉ូវគ្នា ចាប់ផ្តើមនៅមុងជាមួយគ្នា ចប់សង្គ្រាម រៀបការ ឱ្យអាត្មាធ្វើដឹងឮ (សាក្សី) ប៉ុន្តែសូមបងប្អូនជួយដឹងឮអាត្មាផងណា គាត់នេះភៀសសឹក ទាំង២ទេ មកជួបគ្នា ភៀសសឹក ជួបស្នេហ៍ អ៊ីចឹងចាប់ពីថ្ងៃនេះទៅ រស់នៅមុងជាមួយគ្នាហើយ ចប់សង្គ្រាមសែនហើយ ដោយសារអត់លទ្ធភាពរៀបការទេ។ ឥឡូវញោមអើយ! នៅវត្តតាហី មានអារៀបការនៅក្នុងវត្ត ត្រូវរ៉ូវគ្នានៅក្នុងវត្ត ក៏មាន ជិតកើតកូន ក៏មាន ត្រៀមកើតកូន ក៏មាន មកដល់វត្តឈ្លោះគ្នាក៏មានដែរញោម។ ឥឡូវនេះគេត្រូវរ៉ូវគ្នាហើយញោម អ៊ីចឹងបងប្អូនជួយធ្វើសាក្សី ខាងស្រី អត់មានប្តី ខាងប្រុស អត់មានប្រពន្ធ ឥឡូវនេះសន្មតថា ស្រលាញ់ គ្នាចាប់ពីថ្ងៃនេះតទៅ ព្រះអង្គជួយធ្វើសាក្សី…”៕