ខេត្តព្រះសីហនុ ៖ កម្លាំងសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចាប់ឃាត់ខ្លួនជន សង្ស័យម្នាក់ មកសាកសួរ សង្ស័យពាក់ព័ន្ធករណីចាប់ជំរិតមនុស្ស (ចាប់មនុស្សញាត់ចូលរថយន្ត) ខណៈជនសង្ស័យ ចំនួន២នាក់ទៀត កំពុងរត់គេចខ្លួន។

ករណីដេញចាប់ប្រតាយប្រតប់គ្នា (ចាប់មនុស្សញាត់ចូលរថយន្ត) នេះ បានកើតឡើងកាលពីវេលាម៉ោងប្រ មាណ ២រសៀល ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៦ នៅត្រង់ចំណុចច្រកចេញផ្លូវល្បឿនលឿន ស្ថិតនៅគីឡូម៉ែត្រលេខ១១៤ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។

លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់ កាលពីល្ងាចថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ថា ពាក់ព័ន្ធករណីដេញចាប់ប្រតាយប្រតប់គ្នា នៅច្រកចេញផ្លូវល្បឿនលឿន គីឡូម៉ែត្រលេខ១១៤ កាលពីវេលាម៉ោងប្រហែល ២រសៀល ហើយបានបើករថយន្តរត់គេចខ្លួននោះ បច្ចុប្បន្នសមត្ថកិច្ចបាននាំខ្លួនបុរសម្នាក់ យកមកសាកសួរ។

ជាមួយគ្នានេះ ដើម្បីធានាបានប្រសិទ្ធភាពនៃការស៊ើបអង្កេត ស្រាវជ្រាវនិងស្វែងរកមុខសញ្ញាពាក់ព័ន្ធករណីខាងលើនេះ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សំណូមពរដល់សាធារណជន ជួយសហការផ្តល់ព័ត៌មាន ឬអត្តសញ្ញាណ និងភិនភាគពាក់ព័ន្ធដូចមានក្នុងរូបភាព ស្រាប់ មកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ តាមរយៈទូរស័ព្ទលេខ ៖ 097 778 00 08 (ភាសាខ្មែរ) 011 526 677 (ភាសាអង់គ្លេស) 011 506 677 (ភាសាចិន) 011 516 677 (ភាសាចិន)។

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នឹងមានការលើកទឹកចិត្ត ហើយសង្ឃឹមថា នឹងទទួលបាននូវកិច្ចសហការប្រកបដោយប្រសិទ្ធភាព៕
