ភ្នំពេញ ៖ មន្ត្រីអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ក្នុងឆ្នាំ២០២៥ មន្ត្រីឧទ្យានុរក្ស ចុះល្បាតជាប្រចាំ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន បានចំនួន ១៦ ២៦១លើក និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានចំនួន ២១៥២ ករណី មានជាអាទិ៍ បទល្មើសព្រៃឈើ ចំនួន៧៥១ករណី បទល្មើសសត្វព្រៃ ចំនួន៧៣៧ករណី បទល្មើសកាប់ រុករានទន្ទ្រានដីរដ្ឋ ចំនួន៣៣៤ករណី បទល្មើសនេសាទ ចំនួន៣២២ករណី និងបទល្មើសធនធានរ៉ែ ចំនួន១៥ ករណី។ ជាមួយគ្នានេះ មន្ត្រីនគរបាលយុត្តិធម៌ នៃក្រសួងបរិស្ថាន បានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចំនួន១៣៣ករណី និងបញ្ជូនជនស្ស័យទៅតុលាការ ចំនួន៩៥នាក់។

លោកខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ក្នុងឆ្នាំ២០២៥ សកម្មភាពល្បាតកើនឡើងចំនួន ១ ៨៥៥លើក និងករណីបង្ក្រាបបទល្មើសធនធានធម្មជាតិ ថយចុះចំនួន៣៩៣ករណី បើធៀបនឹងឆ្នាំ២០២៤។ ក្នុងឆ្នាំ២០២៤ មន្ត្រីឧទ្យានុរក្ស ចុះល្បាតជាប្រចាំក្នុងដែនសមត្ថកិច្ចរបស់ខ្លួន បាន ១៤ ៤០៦លើក និងបង្ក្រាបបទ ល្មើសធនធានធម្មជាតិ បានចំនួន ២ ៥៤៥ករណី មានជាអាទិ៍បទល្មើសព្រៃឈើ ចំនួន ៧៥២ករណី បទល្មើសសត្វព្រៃ ចំនួន៧០០ករណី បទល្មើសកាប់រុករានទន្ទ្រានដីរដ្ឋ ចំនួន៧៥៤ករណី បទល្មើសនេសាទ ចំនួន៣២៧ ករណី និងបទល្មើសធនធានរ៉ែ ១២ករណី។ ជាមួយគ្នានេះ មន្ត្រីនគរបាលយុត្តិធម៌ នៃក្រសួងបរិស្ថាន បានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចំនួន ២៣៥ករណី និងបញ្ជូនជនសង្ស័យទៅតុលាការ ចំនួន៩៨នាក់ ។

អ្នកនាំពាក្យក្រសួងបរិស្ថាន បានបន្តថា ការថយចុះនៃបង្ក្រាបបទល្មើសធនធានធម្មជាតិ គឺពិតជាកើតឡើងដោយសារកិច្ចខិតខំប្រឹងប្រែងពីថ្នាក់ដឹកនាំ និងមន្ត្រីឧទ្យានុរក្សរបស់ក្រសួងបរិស្ថាន សហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្ត ក្រុង ស្រុក ដែលមានតំបន់ ការពារធម្មជាតិ អាជ្ញាធរមូលដ្ឋាន អង្គការដៃគូ និងជាពិសេសជាមួយអង្គការអយ្យការអមសាលាដំបូងខេត្ត កងកម្លាំងប្រដាប់អាវុធ ទាំ៣ប្រភេទ អង្គភាពប្រឆាំងអំពើពុករលួយ និងប្រជាពលរដ្ឋនៅតាមសហគមន៍ តំបន់ការពារធម្មជាតិ ធ្វើការអនុវត្តក្រមបរិស្ថាន និងធន ធានធម្មជាតិ និងបទដ្ឋានគតិយុត្តជាធរមាន ដើម្បីធានាការការពារនិងអភិរក្សធនធានធម្មជាតិ សម្រាប់ការរស់នៅដោយចីរភាព។

ជាមួយគ្នានេះ ស្របជាមួយគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា និងបទបញ្ជារបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការគ្រប់គ្រងធនធានធម្មជាតិ ឱ្យមានប្រសិទ្ធភាព លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានជំរុញការអនុវត្ត យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ក្នុងនោះសសរស្តម្ភទី២ គឺ “ភាពបៃតង” ដោយផ្តោតលើយុទ្ធសាស្ត្រសំខាន់ ទី១-ការពង្រីកចលនាដាំឈើ ទី២-ការជំរុញការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងទី៣-ការអភិវឌ្ឍជីវភាពសហគមន៍ តំបន់ការពារធម្មជាតិ ដើម្បីចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងមានការអភិវឌ្ឍជីវភាពកាន់តែប្រសើរ។ ក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ បន្ថែមពីការដាក់ចេញនូវការអនុវត្តច្បាប់ ១០០ភាគរយ ចំពោះបទល្មើសធនធានធម្មជាតិ ក្រសួងបរិស្ថាន បានបង្កើនប្រសិទ្ធភាពក្នុងការឆ្លើយតប មានភាពលឿនរហ័ស ច្បាស់លាស់ និងធ្វើការអន្តរាគមន៍ចំគោលដៅ ធ្វើការទប់ស្កាត់និងបង្ក្រាបបទល្មើស នៅតាមតំបន់ការពារធម្មជាតិ។

ក្រសួងបរិស្ថាន បានផ្តល់ផែនទីរូបភាពពីផ្កាយរណប លើបណ្តាទីតាំងចំណុចសង្ស័យ មានការកាប់រានព្រៃឈើ ជូនរដ្ឋបាលខេត្ត គណៈកម្មការជាតិដើម្បីបង្ការទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ អង្គភាពប្រឆាំងអំពើពុករលួយ និងកងកម្លាំងប្រដាប់អាវុធ ទាំង ៣ប្រភេទ ដើម្បីពិនិត្យតាមដាន និងចាត់វិធានការតាមបញ្ញត្តិក្រម បរិស្ថាន និងធនធានធម្មជាតិ និងនីតិវិធីច្បាប់ លើកកម្ពស់បច្ចេកវិទ្យាល្បាត តាមរយៈការផ្តល់ផែនទីរូប ភាពផ្កាយរណប និងបណ្តាទីតាំងចំណុចសង្ស័យ មានការកាប់រានព្រៃឈើ និងដ្រូនក្នុងការពិនិត្យតាមដាន និងចាត់វិធានការច្បាប់ ប្រកបដោយប្រសិទ្ធភាពខ្ពស់៕



