Saturday, January 10, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបោកទិញថ្នាំជំងឺ១០០មុខ បានដើរលេងបរទេស

បោកទិញថ្នាំជំងឺ១០០មុខ បានដើរលេងបរទេស

ខេត្តបាត់ដំបង ៖ ជនសង្ស័យ ចំនួន២នាក់ បានប្រើល្បិចលួងលាមស្ត្រីចំណាស់ ២នាក់ ឱ្យជួយទិញថ្នាំពេទ្យ របស់ខ្លួន ដោយបោកប្រាស់ថា ជាឱសថព្យាបាលជំងឺ១០០មុខ ហើយអតិថិជនដែលទិញថ្នាំ នឹងបានទៅដើរលេងនៅក្រៅប្រទេសទៀតផង រហូតធ្វើឱ្យស្ត្រីចំណាស់ ២នាក់ លង់ជឿ ព្រមទិញថ្នាំ ក្នុងតម្លៃ ជាង៧លានរៀល តែសំណាងល្អ ត្រូវបានកូនរបស់ជនរងគ្រោះ ដឹងទាន់ ប្តឹងសមត្ថកិច្ចចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ ទាំង២នាក់ ភ្លាមៗ នាំយកទៅចាត់ការតាមច្បាប់។

ករណីឆបោកនេះ បានកើតឡើង កាលពីវេលាម៉ោង ៤និង០៤នាទីរសៀល ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ នៅចំណុចភូមិអងជើង ឃុំតាម៉ឺន ស្រុកថ្មគោល។

ជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន ទី១-ឈ្មោះឈឿយ មុំ ភេទស្រី អាយុ៥៧ឆ្នាំ មានលំនៅ ភូមិបឹងសង្កែ ឃុំឃ្លាំងមាស ស្រុកបវេល និងទី២-ឈ្មោះបៃ រ៉ាលីឡូ ភេទប្រុស អាយុ២០ឆ្នាំ មានលំនៅ ភូមិបឹងសង្កែ ឃុំឃ្លាំងមាស ស្រុកបវេល។ ចំណែកជនរងគ្រោះ មានចំនួន ២នាក់ ទី១-ឈ្មោះអ៊ុល អួម ភេទស្រី អាយុ៦៩ឆ្នាំ មានលំនៅ ភូមិអង់ជើង ឃុំតាម៉ឺន ស្រុកថ្មគោល និងទី២-ឈ្មោះម៉ៃ វៀង ភេទស្រី អាយុ៧០ឆ្នាំ មានលំនៅ ភូមិអង់ជើង ឃុំតាម៉ឺន ស្រុកថ្មគោល។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ៤និង០៤នាទីរសៀល ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ ប៉ុស្តិ៍នគរបាលរដ្ឋបាលតាម៉ឺន បានទទួលបណ្តឹងពីឈ្មោះ ស្រី សាវៀន ភេទប្រុស អាយុ៤៦ឆ្នាំ  មានលំនៅ ភូមិអង់ជើង ឃុំតាម៉ឺន ស្រុកថ្មគោល  បានរាយការណ៍ប្តឹងថា នៅចំណុចភូមិអង់ជើង ឃុំតាម៉ឺន មានករណីឆបោកមួយ កើតឡើង បង្កដោយជនសង្ស័យ ចំនួន២នាក់ បានធ្វើសកម្មភាពដើរផ្សព្វផ្សាយលក់ថ្នាំពេទ្យ ដោយនិ យាយលួងលោមម្តាយខ្លួនថា ថ្នាំនេះ ពូកែស័ក្តិសិទ្ធិ ព្យាបាលជំងឺ១០០មុខ បើទិញ នឹងនាំដើរលេងក្រៅប្រទេសទៀតផង។ ករណីនេះ បានបណ្តាលឱ្យបាត់បង់ប្រាក់ ចំនួន ៧ ២២០ ០០០រៀល។

បន្ទាប់ពីបានទទួលបណ្តឹង កម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលតាម៉ឺន បានចុះទៅដល់កន្លែងកើតហេតុ ទាន់ពេលវេលា និងនាំខ្លួនជនសង្ស័យ ចំនួន២នាក់ (១-ឈ្មោះឈឿយ មុំ ភេទស្រី ២-ឈ្មោះបៃ រ៉ាលីឡូ ភេទប្រុស) យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកថ្មគោល ព្រមទាំងដកហូតសម្ភារៈ រួមមាន ៖ កាហ្វេ ៣ប្រអប់ ថ្នាំពេទ្យ ៦ប្រអប់ និង ៩កំប៉ុង។

ក្រោយពីធ្វើការសាកសួរ ជនសង្ស័យទាំង២នាក់ បានឆ្លើយសារភាពថា ពួកខ្លួនគឺជាបុគ្គលិកធ្វើការឱ្យក្រុមហ៊ុន (យូនីស៊ីធី) និងបានយកថ្នាំពេទ្យ ពីក្រុមហ៊ុន យកមកដើរលក់ ហើយនិយាយលួងលោមគេឱ្យទិញ ដោយអះអាងថា ព្យាបាលជាជំងឺគ្រប់ប្រភេទ ១០០មុខ ប្រាកដមែន។

ជនសង្ស័យទាំង២នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES