Sunday, January 11, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះពិនិត្យផលប៉ះពាល់នៅច្រកអូរស្មាច់

ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះពិនិត្យផលប៉ះពាល់នៅច្រកអូរស្មាច់

ខេត្តឧត្ដរមានជ័យ ៖ ក្រុមអ្នកសង្កេតការណ៍អាស៊ាន បានបន្តចុះពិនិត្យផលប៉ះពាល់ដោយសារសង្រ្គាមថៃឈ្លានពានកម្ពុជា នៅច្រកព្រំដែនអន្តរជាតិ អូរស្មាច់ ស្ថិតក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ព្រំប្រទល់ច្រកចុងចម ស្រុកកាប់ឆឺង ខេត្តសុរិន្ទ ប្រទេសថៃ ដែលទាហានថៃ បានរាយបន្លាលួស និងដាក់លូ កាត់ផ្លូវចូលយ៉ាងជ្រៅ ពីច្រកព្រំដែន ។

  ប្រភពរដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ បានឲ្យដឹងថា បន្ទាប់ពីមានការរំលោភបំពានយ៉ាងធ្ងន់ធ្ងរពីសំណាក់យោធាថៃ ដែលបានប្រើប្រាស់អាវុធធុនធ្ងន់បាញ់ផ្លោងចូលមកក្នុងភូមិសាស្ត្រដីខ្មែរ បង្កឱ្យមានការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាផ្ទះសម្បែង និងទ្រព្យសម្បត្តិប្រជាពលរដ្ឋ យ៉ាងដំណំ នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ លោក មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្ដរមានជ័យ បានដឹកនាំកម្លាំងចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន ( AOT) ដើម្បីពិនិត្យផលប៉ះពាល់ ក្រោយទាហានថៃ វាយ ប្រហារមកលើច្រកអន្តរជាតិអូរស្មាច់ ដែលស្ថិតក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។

 នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ លោក មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្ដរមានជ័យ បានធ្វើការចែករំលែករូបភាពនិងវីដេអូ នៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក ស្ដីពីសកម្មភាពក្រុម AOT ចុះពិនិត្យមើលផលប៉ះពាល់ដែលយោធាថៃ វាយប្រហារមកលើច្រកអន្តរជាតិអូរស្មាច់ ភ្ជាប់ជាមួយសំ ណេរថា “ខ្ញុំបាទបានដឹកនាំក្រុមការងារចូលរួមជាមួយក្រុម AOT ដើម្បីពិនិត្យផលប៉ះពាល់ដែលកម្លាំងយោធាថៃ វាយប្រហារ និងរាយលួសបន្លា ចូលមកលើច្រកអន្តរជាតិអូរស្មាច់ ។ បន្ទាប់ពីមានការរំលោភបំពានយ៉ាង ធ្ងន់ធ្ងរពីកងកម្លាំងយោធាថៃ ដែលបានប្រើប្រាស់អាវុធធុនធ្ងន់ ផ្លោងចូលមកក្នុងភូមិសាស្ត្រទឹកដីកម្ពុជា ដែលបង្កឱ្យមានការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាផ្ទះសម្បែង និងទ្រព្យសម្បត្តិប្រជាពលរដ្ឋ យ៉ាងដំណំ នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ នេះ ខ្ញុំបាទបានដឹកនាំក្រុមការងារចូលរួមជាមួយក្រុម AOT ដើម្បីពិនិត្យផលប៉ះពាល់ដែលទាហានថៃ វាយប្រហារមកលើច្រកអន្តរជាតិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរ មានជ័យ“ ។

 នៅក្នុងឱកាសនោះ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ បានប្រាប់ក្រុម AOT ថា យោធាថៃ បានឈ្លានពាន រាយលួសបន្លា និងយកលូ មកដាក់បាំងនៅក្នុងដីខ្មែរ ហើយពួកគេបានចូលមកលួចប្លន់ទ្រព្យ សម្បត្តិរបស់ប្រជាពលរដ្ឋខ្មែរ នៅច្រកអូរស្មាច់ និងបានបំផ្លាញផ្ទះ និងផ្សារ ជាដើម ដែលនេះជាសកម្មភាពរំលោភបំពានយកទឹកដីខ្មែរ ពីភាគីថៃ ។

  គួរកត់សម្គាល់ដែរថា ខុសប្លែកពីការចុះទៅពិនិត្យស្ថានភាពតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ សព្វដង នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ នោះ  អំឡុងចុះទៅពិនិត្យស្ថានភាពតាមព្រំដែនជាថ្មី ក្រុមអ្នកសង្កេតការណ៍អាស៊ា ន(AOT) បាននាំយកទង់សម្គាល់របស់ខ្លួន ទៅជាមួយផង។ ការណ៍នេះ បានធ្វើឱ្យសាធារណជនចាប់អារម្មណ៍និងបញ្ចេញមតិរៀងៗខ្លួន ដែលភាគច្រើនយល់ឃើញថា ដើម្បីកុំឱ្យថៃ ចោទថា កម្ពុជា នាំយកក្រុម AOT ក្លែងក្លាយ ចុះទៅ ព្រោះកន្លងមក ថៃ ធ្លាប់ចោទបែបនេះ។ ម្យ៉ាងវិញទៀត ក៏ដើម្បីបង្ការសុវត្ថិភាព ពីការវាយប្រហារណាមួយរបស់កងទ័ពថៃ ផងដែរ ៕ កុលបុត្រ

RELATED ARTICLES