Tuesday, January 13, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចិនចាប់ជំរិតគ្នា ទារ៥ម៉ឺនដុល្លារ ជាប់ខ្នោះ៥

ចិនចាប់ជំរិតគ្នា ទារ៥ម៉ឺនដុល្លារ ជាប់ខ្នោះ៥

ភ្នំពេញ ៖ ក្រុមចាប់បង្ខាំងជនជាតិចិន ជំរិតទារប្រាក់ ចំនួន៥ម៉ឺនដុល្លារ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ស្រាវជ្រាវបង្ក្រាបបាន និងរំដោះបានជនរងគ្រោះជាជនជាតិចិន ចំនួន៩នាក់ ។

ជនសង្ស័យ ទាំង៥នាក់ ដែលត្រូវបានឃាត់ខ្លួន រួមមាន ទី១-ឈ្មោះ CHEN YUE អាយុ៤០ឆ្នាំ ភេទប្រុស ជន ជាតិចិន។ ទី២-ឈ្មោះ LAING CHANG LAI ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន។ ទី៣-ឈ្មោះ DA HAL ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន។ ទី៤-ឈ្មោះ TONG YUN ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន និងទី៥-ឈ្មោះ LU YI WANG ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិចិន។ ជនសង្ស័យទាំង៥នាក់ ស្នាក់នៅភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញ្ញាក្រែក ខេត្តត្បួងឃ្មុំ។

តាមប្រភពអគ្គនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានទទួលពាក្យបណ្តឹងរបស់ឈ្មោះ TANG QUNHUI ភេទស្រី អាយុ៥៧ឆ្នាំ ជនជាតិចិន ដោយកូនប្រុសរបស់ខ្លួនឈ្មោះ YIN XING ភេសប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន ត្រូវបានជនមិនស្គាល់អត្តសញ្ញាណធ្វើការចាប់បង្ខាំង និងជំរិតទារប្រាក់ ចំនួន៥ម៉ឺនដុល្លារ។

ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ស៊ិន រដ្ឋា ឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ រហូតកំណត់ទីតាំងបង្ខាំងជនរងគ្រោះខាងលើ។

លុះនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ កម្លាំងជំនាញបានធ្វើការជួយសង្គ្រោះបានជនរងគ្រោះចំនួន៩នាក់ និងឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ខាងលើ។

ជនសង្ស័យទាំង៥នាក់ខាងលើ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ កសាងសំណុំរឿងតាមនីតិវិធី៕

RELATED ARTICLES