ខេត្តព្រះវិហារ ៖ មាស សុខសោភា បានវិលរកឆាកតន្រ្ដីវិញ ដែលកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ នាងច្រៀងលើឆាកស្រា Vattanac ជាមួយ វី ឌីណែត និងយក់ ថិតរដ្ឋា ខណៈដែលថ្ងៃទី៩ ខែមករា ច្រៀងនៅ The Bay Boeung Kak ចាប់ដៃជាមួយតារាចម្រៀង ឆន សុវណ្ណារាជ, ណុប បាយ៉ារិទ្ធ និងពេជ្រ សោភា ។ នៅPub នោះ សោភា ច្រៀងបទ «១០០០រាត្រី» ដែលអត្ថន័យចម្រៀងបញ្ជាក់ពីការនឹកដល់សង្សារចាស់ តែមិនដឹងថា នាងនឹកដល់អតីតប្ដី លោកអ៊ិត រ៉ាដា ឬគ្រាន់តែច្រៀងធម្មតានោះទេ ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ គ្រាន់តែចប់ការច្រៀងសម្ដែងភ្លាម សុខសោភា បានធ្វើដំណើរ ជិះរថយន្ដចម្ងាយដល់ទៅ ៣០០គីឡូម៉ែត្រ ពីភ្នំពេញទៅខេត្តព្រះវិហារ ដើម្បីធ្វើសមាធិ នៅរូងភ្នំត្បែង នាខេត្តមួយនេះ។

ក្នុងសម្លៀកបំពាក់ឈុតស ជាដូនជី មាស សុខសោភា បានថ្លែងចេញពីរូងភ្នំត្បែង និងបញ្ចេញសារដោយគណ នីហ្វេសប៊ុក ឈ្មោះ «ប្រុសភ្នំត្បែង» ដែលជាកូនចៅរបស់តាសក់សភ្នំត្បែង ប្តីថ្មីរបស់នាង កាលពីថ្ងៃទី១២ ខែ មករា ឆ្នាំ២០២៦ ដោយសោភា បានផ្ដាំឲ្យគ្រប់គ្នា ពេលទំនេរពីការងារ គួរតែរកពេលវេលាធ្វើសមាធិដូចនាង ដើម្បីទទួលបានរឿងល្អៗ ចូលមកក្នុងជីវិត ។

មាស សុខសោភា ថ្លែងថា «ពេលទំនេរពីការងារ ខ្ញុំមកសមាធិ ទទួលបានរឿងល្អៗ ចូលមកជីវិតគ្រួសារខ្លួនឯង ប្រទេសជាតិ សិរីសួស្ដីពីគ្រប់ព្រះអង្គសច្ច: សច្ចំ ព្រះមុនីឥសី ព្រះអរហន្ដ ៨អង្គ ឲ្យលោកមកជួយបីបាច់សំបកកាយឲ្យជ្រះថ្លា និងទទួលបានបុណ្យកុសល»។

Fan របស់មាស សុខសោភា នៅពេលនេះ បែកចេញជាពីរក្រុម ក្រោយសោភា ក្លាយទៅជាប្រពន្ធលោកពេជ្រ សង្វារវង្ស ហៅតាសក់សភ្នំត្បែង ដោយម្ខាងនៅតែគាំទ្រនាង ដោយគិតថា ពួកគេស្រលាញ់សមត្ថភាព ទេពកោសល្យចម្រៀងរបស់នាង ទោះជាជីវិតឯកជននាងយ៉ាងណា នោះគឺជារឿងផ្ទាល់ខ្លួន។ ប៉ុន្ដែម្ខាងទៀត មានខកចិត្តចំពោះនាង ថាជាតារាល្បីលំដាប់ប្រទេសម្នាក់ មិនគួរណាធ្លាក់ខ្លួនទៅធ្វើប្រពន្ធតាបសកំបុតដៃម្នាក់ នៅកណ្ដាលព្រៃភ្នំបែបនេះសោះ ។ យ៉ាងណា ទាំងសោភា និងតាសក់សភ្នំត្បែង ធ្លាប់អះអាងថា អ្នកសមាធិធម៌ គេយកអ្នកសមាធិធម៌ដូចគ្នា។ សោភា ថែមទាំងនិយាយថា រឿងសង្រ្គាមថៃឈ្លានពានកម្ពុជា តាមពិតនាងបានដឹងតាំងពីមុនផ្ទុះអាវុធទៀតផង តែមិនហ៊ាននិយាយ ព្រោះខ្លាចគេរិះគន់។

តាមព័ត៌មានថា តាំងពីមាស សុខសោភា វក់វីនឹងបង្កាត់ភ្លើងស្នេហាជាមួយតាសក់សភ្នំត្បែង មក នាងខាតលុយរាប់សែនដុល្លារ ព្រោះក្រុមហ៊ុន ផលិតផលខ្លះ ចង់បាននាងធ្វើជា BA ប្ដូរចិត្តវិញ។ ប៉ុន្ដែសោភា ធ្លាប់និយាយថា បើកុំតែបានតាសក់សភ្នំត្បែង ជួយ ម៉្លេះនាងអស់ជីវិតទៅហើយ អ៊ីចឹងពេលហ្នុងនាងថា យកលុយមកធ្វើអី បើសូម្បីតែជីវិតក៏មិនសល់ផង? ប៉ុន្ដែតារាសម្ដែង កញ្ញា រ៉ូស ធ្លាប់ចំអកឲ្យមាស សុខសោភា ថា «បើយកប្ដីឯកឧត្តម ក្លាយទៅជាជំទាវ តែបើយកប្ដីតាសក់សភ្នំត្បែង ក្លាយទៅជាយាយសក់សភ្នំត្បែង ហើយ!» ។

មាស សុខសោភា មិនមានប្រតិកម្មទេ ប៉ុន្ដែម្ដងជាពីរដង នាងតែងតែបដិសេធថា រូបនាង មិនបានត្រូវស្នេហ៍របស់តាសក់សភ្នំត្បែង ដូចគេចោទទេ ប៉ុន្ដែវាជាស្នេហាផុសចេញពីបេះដូង ព្រោះជាក់ស្ដែង នាងមាន Fan រាប់លាននាក់ តើនាងបានដាក់ស្នេហ៍ Fan ណាម្នាក់ឬអត់ ? សុខសោភា ថែមទាំងព្រមាន Fan ថា បើរិះគន់ ឬជេរប្ដីនាង មិនបាច់មកគាំទ្រនាងទៀតទេ។

សូមបញ្ជាក់ថា មាស សុខសោភា បានក្លាយជាប្រពន្ធតាសក់សភ្នំត្បែង ជិត៦ខែ មកហើយ ដែលកាលពីចុងឆ្នាំ២០២៥ នៅពេលនាងឡើងឆាកតន្ត្រី នៅ Pub មួយ គេឃើញនាងបែកសាច់ ដុះក្បាលពោះ រហូតគេសង្ស័យថា នាងពពោះកូនដំបូង ជាតំណក់ឈាមរបស់ប្តីថ្មី តាសក់សភ្នំត្បែង លោកពេជ្រ សង្វារវង្ស ទៀតផង។ ប៉ុន្ដែតាម រយៈការចេញមុខតាមឆាកតន្ត្រីជាថ្មី នៅដើមខែមករា ឆ្នាំ២០២៦ នេះ គេឃើញនាងស្លៀកពាក់ប្រយ័ត្នប្រយែងជាងមុន ដើម្បីកុំឲ្យគេឃើញក្បាលពោះប៉ោង។ សុខសោភា ក៏ព្យាយាមរក្សារចំណងស្នេហាឲ្យរឹងមាំជាមួយតាសក់សភ្នំត្បែង ផងដែរ ព្រោះពេលនេះ មានពេលខ្លះនាងពាក់ខ្សែកអង្កាំគ្រាប់ស ដល់ទៅពីខ្សែ ដោយសារកាលពីចុងខែធ្នូ ឆ្នាំ២០២៥ គ្រាន់តែនាងដោះខ្សែកអង្កាំគ្រាប់ស នោះចេញទៅដើរថ្មើជើងសុំសន្ដិភាព នៅវិមានឯករាជ្យ ស្រាប់តែលេចឮថា នាងបែកបាក់តាសក់សភ្នំត្បែង ដែលដំណឹងនេះ នាងនិងលោកពេជ្រ សង្វារវង្ស បានចេញមកបដិសេធព្រមគ្នា ហេតុនេះហើយ ទើបបានជាឥឡូវ ភាគច្រើននាងពាក់ខ្សែកអង្កាំ ដូចប្ដីនាងដែរនោះ ដល់ទៅ២ខ្សែ ទើបធ្វើឲ្យស្ងាត់រឿងគេសង្ស័យនាងលែងប្ដីថ្មី ៕
