សហរដ្ឋអាមេរិក ៖ អតីតនិស្សិតខ្មែរ ជ័យលាភីបណ្ឌិតសភាយោធាអាមេរិក West Point បច្ចុប្បន្នកំពុងបម្រើ ការងារនៅសហរដ្ឋអាមេរិក លោក ពេជ្រ ចន្ទ្រា ហៅពេជ្រ មូន ដែលជាអ្នកដឹកនាំចលនាមួយរៀបចំឯកសារប្តឹងក្រុមយោធាថៃ ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ពីបទឧក្រិដ្ឋលើប្រទេសនិងប្រជាជនកម្ពុជា បានបន្តដាក់ភ័ស្តុតាងបន្ថែម ជាលើកទី៣ និងបញ្ជីឈ្មោះអ្នកចូលរួមប្តឹងថៃ ចំនួនជាង ១៤៦០០នាក់ ដើម្បីឲ្យកាន់តែមាន ការទម្ងន់នៅក្នុងការចោទប្រកាន់ថៃ ពីបទឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ដែលភ័ស្តុតាងទាំង អស់នោះ រួមមាន ៖ ការភ័យខ្លាច និងរបួសផ្លូវចិត្តរបស់សិស្សសាលា ដោយសារការវាយប្រហារនិងការទម្លាក់គ្រាប់បែក របស់យោធាថៃ ការឈ្លានពាននិងរុករានចូលភូមិឋាន ផ្ទះសម្បែងរបស់ប្រជាជនខ្មែរ ការព័ទ្ធយកដោយខុសច្បាប់ និងហាមឃាត់ប្រជាជនខ្មែរ វិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួន ការវាយប្រហារលើទីតាំងស៊ីវិល និងទីតាំងដែលត្រូវបានការពារដោយច្បាប់អន្តរជាតិ រួមមាន វត្តអារាម សាលារៀន មន្ទីរពេទ្យ និងប្រា សាទបុរាណ ជាដើម។

លោក ពេជ្រ ចន្ទ្រា ហៅពេជ្រ មូន បានបញ្ជាក់តាមទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ ថា “ជនរួមជាតិជាទីគោរព! ពួកយើងបានដាក់ភ័ស្តុតាងបន្ថែម និងបញ្ជីឈ្មោះអ្នកចូលរួម ចំនួន 146,760នាក់ ទៅកាន់ការិយាល័យរដ្ឋអាជ្ញា នៃតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ដើម្បីដាក់បន្ទុកពួកមេយោធា និងអ្នកដឹកនាំនយោបាយថៃ ពីបទឧក្រិដ្ឋរបស់ពួកគេ មកលើមាតុភូមិ និងជនរួមជាតិរបស់ពួកយើង ។
ភ័ស្តុតាងទាំងនោះ រួមមាន ៖ ការភ័យខ្លាច និងរបួសផ្លូវចិត្តរបស់សិស្សសាលា ដោយសារការវាយប្រហារនិងការទម្លាក់គ្រាប់បែករបស់យោធាថៃ ការឈ្លានពាននិងរុករានចូលភូមិឋាន ផ្ទះសម្បែងរបស់ប្រជាជនខ្មែរ ការរងគ្រោះ របួសនិងការបាត់បង់ជីវិតរបស់ប្រជាជនស៊ីវិលខ្មែរ ការបំផ្លាញទ្រព្យសម្បត្តិ ផ្ទះសម្បែងរបស់ប្រជាជនស៊ីវិលខ្មែរ ការលួច ឆក់ប្លន់ទ្រព្យសម្បត្តិរបស់ប្រជាជនខ្មែរ ការព័ទ្ធយកដោយខុសច្បាប់ និងហាមឃាត់ប្រជា ជនខ្មែរ វិលត្រលប់ទៅកាន់លំនៅឋានរបស់ខ្លួន ការវាយប្រហារលើទីតាំងស៊ីវិល និងទីតាំងដែលត្រូវបានការ ពារដោយច្បាប់អន្តរជាតិ រួមមាន វត្តអារាម សាលារៀន មន្ទីរពេទ្យ និងប្រាសាទបុរាណ ជា ដើម“ ។
លោក ពេជ្រ មូន បន្តទៀតថា “ជនរួមជាតិជាទីរាប់អាន! ដំណើររបស់ពួកយើង ស្ថិតនៅលើផ្លូវតូចចង្អៀតនិងវែងឆ្ងាយណាស់។ ប៉ុន្តែទោះជាសង្ឃឹមតិចយ៉ាងណា ក៏នៅតែជាក្ដីសង្ឃឹម ។ មិនថាលទ្ធផលយ៉ាងណា ពួកយើងនឹងទទួលយកទាំងអស់គ្នា“ ។

គួររំលឹកថា កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ តំណាងឲ្យពលរដ្ឋខ្មែរ ទូទាំងពិភពលោក លោកពេជ្រ ចន្ទ្រា ហៅពេជ្រ មូន បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងពួកមេយោធា និងអ្នកដឹកនាំនយោបាយថៃ ពាក់ព័ន្ធពីបទ ឧក្រិដ្ឋមកលើប្រជាជនខ្មែរ និងប្រទេសកម្ពុជា ទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ។
ញត្តិ ឬពាក្យបណ្តឹង ចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលលោក ពេជ្រ មូន បានដាក់ជូនរដ្ឋអាជ្ញា នៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) នៅទីក្រុងឡាអេ ប្រទេសហូឡង់ គោរពជូនការិយាល័យព្រះរាជអាជ្ញា តាមមាត្រា១៥ នៃលក្ខន្តិកៈទីក្រុងរ៉ូម ដែលចែងពីទំនាក់ទំនងតាមមាត្រា១៥ នៃលក្ខន្តិកៈទីក្រុងរ៉ូម ក្នុងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្រ្គាម និងការបំពានច្បាប់អន្តរជាតិ ដែលប្រព្រឹត្តដោយមេដឹកនាំនយោបាយ និងមេដឹកនាំនៃកងយោធពលខេមរភូមិន្ទថៃ ប្រឆាំងនឹងកម្ពុជា និងជនស៊ីវិលកម្ពុជា ។
លិខិតរបស់លោក ពេជ្រ មូន បានបញ្ជាក់សង្កត់ធ្ងន់ថា “យោងតាមមាត្រា១៥ (១) នៃលក្ខន្តិកៈទីក្រុងរ៉ូម យើងខ្ញុំស្នើសុំដោយគោរពទៅកាន់ការិយាល័យរដ្ឋអាជ្ញា សូមទទួលស្គាល់ការទំនាក់ទំនងនេះ, បើកការពិនិត្យបឋមលើស្ថានការណ៍នៅកម្ពុជា ទាក់ទងនឹងអំពើដែលប្រព្រឹត្តដោយមេដឹកនាំនយោបាយថៃ, វាយតម្លៃទំនួលខុសត្រូវឧក្រិដ្ឋកម្ម របស់មេដឹកនាំទាំងនោះ នៅក្រោមមាត្រា២៥ និង២៨ នៃលក្ខន្តិកៈទីក្រុងរ៉ូម សម្រាប់ការបញ្ជា ការអនុញ្ញាត ឬការខកខានក្នុងការទប់ស្កាត់ បង្ក្រាប ឬដាក់ទណ្ឌកម្មលើការប្រព្រឹត្តិឧក្រិដ្ឋកម្មទាំងនេះ, ពិចារណាចាប់ផ្តើមការស៊ើបអង្កេតពេញលេញមួយ នៅក្រោមមាត្រា១៥ និង៥៣ ដោយផ្អែកលើទម្ងន់ ទំហំ និងគំរូនៃការរំលោភដែលបានបង្ហាញ“ ។
លិខិតរបស់លោក ពេជ្រ មូន បានបញ្ជាក់ចុងក្រោយថា “យើងឈរដើម្បីយុត្តិធម៌ មិនមែនជាការសងសឹកទេ។ យើងក្រោកឡើងរួមគ្នាដើម្បីសន្តិភាព សេចក្តីថ្លៃថ្នូរ និងការពារសិទ្ធិជាមូលដ្ឋានរបស់ប្រជាជនយើង ។ សូមឲ្យការទំនាក់ទំនងបញ្ជាក់ឡើងវិញថា ច្បាប់អន្តរជាតិ មិនមែនជានិមិត្តរូបទេ ប៉ុន្តែជាការការពារការរស់នៅនៃយុត្តិធម៌ សេចក្តីថ្លៃថ្នូរ និងសិទ្ធិមនុស្សសម្រាប់មនុស្សគ្រប់រូប បញ្ឈប់ជម្លោះគ្រប់ទីកន្លែងក្នុងពិភពលោក“ ។
ក្រោយការដាក់ពាក្យបណ្ដឹងខាងលើនេះ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ការិយាល័យរដ្ឋអាជ្ញា នៃតុលាការ ICC បានទទួលយកពាក្យបណ្តឹងនេះ ជាផ្លូវការ ។
លោក ពេជ្រ មូន បានបញ្ជាក់ថា បណ្ដឹងរបស់ពួកយើង នឹងត្រូវយកទៅពិនិត្យ ដើម្បីពិចារណា ដោយផ្អែកលើលក្ខន្តិកៈទីក្រុងរ៉ូម។ ម្យ៉ាងវិញទៀត ពួកយើងក៏នៅតែអាចបន្តរាយការណ៍បន្ថែម ពីបទឧក្រិដ្ឋដែលពួកមេយោ ធា និងអ្នកដឹកនាំនយោបាយថៃ បានធ្វើមកលើមាតុភូមិនិងប្រជាជនយើង ព្រមទាំងភ័ស្តុតាងផ្សេងទៀត ដើម្បីដាក់បន្ទុក តាមនីតិវិធីរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ។ ដូច្នេះហើយទើបលោកបន្តដាក់ភ័ស្តុតាងបន្ថែម ជាបន្តបន្ទាប់ ដែលគិតមកដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ នេះ មានចំនួន ៣លើកហើយ ។

ក្នុងនោះភ័ស្តុតាងលើកទី២ ដែលលោក ពេជ្រ មូន យកធ្វើមូលដ្ឋានក្នុងការចោទប្រកាន់មេយោធា និងមេដឹក នយោបាយថៃ ពីបទឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងនេងមនុស្សជាតិ មកលើកម្ពុជា ដែលបានដាក់ជូនទៅកាន់ការិយាល័យរដ្ឋអាជ្ញា នៃតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) កាលពីចុងខែធ្នូ ឆ្នាំ២០២៥ នោះ រួមមាន ៖
១. ប្រើប្រាស់គ្រាប់បែកចង្កោម ដែលបង្កគ្រោះថ្នាក់ដោយមិនរើសអើង និងមានផលប៉ះពាល់យូរអង្វែងដល់ប្រជាពលរដ្ឋស៊ីវិល និងបរិស្ថាន។
២. សម្លាប់និងការវាយប្រហារគោលដៅជនស៊ីវិល និងទីតាំងដែលត្រូវបានការពារ ដែលជាការរំលោភច្បាប់មនុស្សធម៌អន្តរជាតិ។
៣. វាយប្រហារលើតំបន់បេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ ប្រាសាទព្រះវិហារ ដែលជានិមិត្តរូបដ៏សំខាន់នៃបេតិកភណ្ឌវប្បធម៌កម្ពុជា។
៤. រំលោភលើកិច្ចព្រមព្រៀងឈប់បាញ់ ចាប់ខ្លួននិងបន្តឃុំខ្លួនទាហានកម្ពុជា ចំនួន ១៨នាក់ ដោយខុសច្បាប់។ ៥. ការដាក់ពង្រាយឧបករណ៍បញ្ចេញសំឡេងចម្ងាយឆ្ងាយ (LRADs) និងឧបករណ៍បញ្ចេញសំឡេងប្រភេទផ្សេងទៀត ប្រឆាំងនឹងជនស៊ីវិល ដែលបណ្តាលឱ្យប៉ះពាល់ត្រចៀក និងភាពតានតឹងផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ។
៦. ដាក់របាំងលួសបន្លា រារាំងផ្លូវដោយខុសច្បាប់ និងការបំផ្លាញទ្រព្យសម្បត្តិរបស់ជនស៊ីវិល ដោយចេតនា នៅក្នុងទឹកដីប្រទេសកម្ពុជា។
៧. ប្រើប្រាស់កាំភ្លើងគ្រាប់ជ័រ និងឧស្ម័នបង្ហូរទឹកភ្នែក ប្រឆាំងនឹងជនស៊ីវិល ដែលបណ្តាលឱ្យមានរបួស និងប្រើប្រាស់កម្លាំងដោយវិធីខុសច្បាប់ ប្រឆាំងនឹងជនស៊ីវិល ។

ទោះបីជាយ៉ាងណា ក្នុងចំណោមភ័ស្តុតាងលើកទី២ ដែលលោក ពេជ្រ មូន បានដាក់នោះ ទាក់ទងនឹងការចាប់ខ្លួននិងបន្តឃុំខ្លួនទាហានកម្ពុជា ចំនួន ១៨នាក់ ដោយខុសច្បាប់ ភាគីថៃ បានដោះលែងមកវិញ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ។ ការដោះលែងនេះ បានធ្វើឡើងតាមស្មារតីបទឈប់បាញ់ ដែលបានព្រមព្រៀងឯកភាពគ្នាក្នុងកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) របស់ប្រទេសទាំងពីរ កម្ពុជា-ថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ៕ កុលបុត្រ